បទល្មើសព្រៃឈើនៅស្រុកស្នូលខេត្តក្រចេះ កំពុងមានសកម្មភាពគគ្រឹកគគ្រេង អាជ្ញាធរខេត្តធ្វើមើលមិនឃើញ

481

ខេត្តក្រចេះ ៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យថា ជារៀងរាល់ថ្ងៃបទល្មើសឆ្លងដែនខុសច្បាប់តាមច្រកក្រញូងសែនជ័យ ស្ថិតឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ កំពុងតែមានសកម្មភាពគគ្រឹកគគ្រេងដោយដឹក ចេញពីក្នុងទឹកដី ខេត្តមណ្ឌលគិរីឆ្លងកាត់តាមស្រុកកែវសីមា និងចេញតាមផ្លូវការ៉េ៩ កា៣។

ប្រភពបានឱ្យដឹងបន្តថា ការដឹកជញ្ជូនឈើចូលច្រកក្រញូងសែនជ័យមានការសម្របសម្រួលពីលោក ជា វណ្ណៈ មេបញ្ជាការ (គ៣) ។ហើយការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់តាមច្រកក្រញូងសែនជ័យ គេពុំឃើញមានអាជ្ញាធរមន្ត្រីជំនាញ និងសមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាបនោះទេ ប្រហែលជាមន្ត្រីទាំងនោះបានទទួលលាភសក្ការៈពីក្រុមឈ្មួញរកស៊ីឈើ តាមរយៈការដាក់ខែ ខ្លះយកតាមក្បាលឡានដឹកឈើជាដើម ទើបធ្វើមិនដឹងមិនលឺដូច្នោះ។

ប្រភពបានបន្ថែមថា ការចរាចរបទល្មើសឆ្លងដែនខុសច្បាប់របស់ក្រុមឈ្មួញយកទៅទម្លាក់ក្បែរព្រំដែនក្នុងច្រកក្រញូងសែនជ័យបន្ទាប់មក ឈ្មួញវៀតណាមយករថយន្តមកស្ទូចដាក់លើរថយន្តធន់ធំឆ្លងដែនចូលទៅប្រទេសវៀតណាមតែម្ដង។

ពលរដ្ឋបានរិះគន់ចំៗ ទៅលើចៅហ្វាយខេត្តក្រចេះ គឺលោក សរ ចំរុង ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មិនបានយកចិត្តទុកដាក់ អនុវត្តទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់ ។

ទន្ទឹមនោះពលរដ្ឋក៏បានរិះគន់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ថាដាក់កូនចៅចុះមកនៅក្នុងខេត្តក្រចេះ ចុះបង្ក្រាបបទល្មើសព្រៃឈើបានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ ។

ការរិះគន់របស់ពលរដ្ឋបានលើឡើង ដោយសាររាល់ថ្ងៃនេះការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់តាមច្រកក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេង មិនឃើញមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលប្រចាំក្នុងខេត្តក្រចេះ និងមន្ត្រីជំនាញក្នុងខេត្តក្រចេះ ចុះបង្ក្រាបទាល់តែសោះ ។

ពលរដ្ឋសង្ឃឹមថាការចុះផ្សាយនេះ នឹងជ្រាបដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់បទបញ្ជាបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់នេះ ព្រមទាំងដុសក្អែលមន្ត្រីជំនាញ និងសមត្ថកិច្ចខិលខូចមួយចំនួននៅក្នុងខេត្តក្រចេះ ដែលឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ បង្កើតឲ្យមានបទល្មើសព្រៃឈើកើតឡើង៕

IMG-20171209-WA0033