អស់រយៈពេល៥ថ្ងៃមានទាំងរត់ ជិះកង់ ចែវទូក បាញ់ធ្នូ ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងទឹកដីអង្គរ ព្រឹត្តិការណ៍កីឡាអន្តរជាតិ Raid Amazones បានបញ្ចប់យ៉ាងជោគជ័យ និងប្រារព្ធពិធីបិទនៅសណ្ឋាគារប៉ារ៉ាឌីស វីឡា អង្គរ នាយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយរងអាជ្ញាធរជាតិអប្សរាតំណាងអគ្គនាយក លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី រួមទាំងកីឡាការនីទាំង៣៤៧នាក់ចូលរួមយ៉ាងសប្បាយរីករាយ។

លោក ហ៊ុន សុជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៧ កីឡា Raid Amazones បានទទួលជោគជ័យយ៉ាងខ្លាំង ថែមទាំងបន្សល់ទុកនូវស្នាមញញឹម ភាពរីករាយ សាមគ្គីភាព និងបទពិសោធន៍ជីវិតដ៏ល្អនៅលើទឹកដីកម្ពុជាក្នុងចិត្តកីឡាការនីទាំងអស់។ Raid Amazones មិនមែនគ្រាន់តែជាកីឡា តែវាផ្សារភ្ជាប់នឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ពិសេសទិដ្ឋភាពភូមិស្រុកជនបទ ភូមិបណ្តែតទឹកនៅកំពង់ភ្លុកដ៏ស្រស់ស្អាត និងជីវភាពពិតៗរបស់ប្រជាជនខ្មែរ ជាអ្វីដែលភ្ញៀវចង់ឃើញ ចង់ដឹង ហើយក្រៅពីមកប្រកួតតាមវិញ្ញាសារ កីឡាការនីទាំងអស់ ក៏បានចូលរួមលើកកម្ពស់ទេសចរណ៍សហគមន៍ជាច្រើនដូចជា ជិះរទេះគោ ច្រូតស្រូវ កិនស្រូវ និងបង្រៀនក្មេងៗផងដែរ។

លោកបញ្ជាក់ថា Raid Amazones នឹងវិលមកទឹកដីអង្គរជាលើកទី៣ នៅខែមិនា ឆ្នាំ២០១៨ ដោយសារកម្ពុជាមានការទាក់ទាញលើផ្នែកទេសចរណ៍ ហើយរាជរដ្ឋាភិបាលក៏បានផ្សារភ្ជាប់ផ្នែកនេះទៅនឹងវិស័យកីឡាផងដែរ។ ម្យ៉ាងភ្ញៀវទេសចរភាគច្រើនចង់ជិះកង់កម្សាន្តជាផ្នែកមួយនៃទេសចរណ៍គ្មានផ្សែងជួយដល់បរិស្ថាននិងជួយដល់សុខភាពថែមទៀត។

អ្នកស្រី FABIENNE GUICHET មកពីប្រទេសបារាំងបានបញ្ជាក់ថា នេះជាលើកទី៥ដែលអ្នកស្រីបានចូលរួមកីឡា Raid Amazones និងជាលើកទី១ដែលទទួលបានលេខ៣នៅកម្ពុជា។ គាត់មានបំណងចូលរួមប្រកួតនៅកម្ពុជាតាំងពីឆ្នាំ២០១៤ តែដោយសាររបួសជើងទើបអាក់ខាន។ អ្នកស្រីចាប់អារម្មណ៍ជាខ្លាំងចំពោះទិដ្ឋភាពដែលបានឃើញពេលប្រកួត គាត់សប្បាយណាស់ដែលបានឃើញភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ការរស់នៅរបស់ប្រជាជន ពិសេសស្នាមញញឹមរបស់ប្រជាជន ការរាក់ទាក់របស់កុមារកម្ពុជានៅអបអរតាមផ្លូវរហូត។ ក្នុងនោះ អ្នកស្រីក៏បានជួយបង្រៀនក្មេងៗនិងចែកសៀវភៅដល់កុមារកម្ពុជានៅកំពង់ភ្លក់ ដែលអ្នកស្រីបំភ្លេចមិនបានពេលឃើញស្នាមញញឹមរបស់កុមារនៅទីនោះ។ អ្នកស្រីនឹងវិលត្រឡប់មកទស្សនាកម្ពុជាឆាប់ៗជាមួយស្វាមី និងក្រុមគ្រួសារ ព្រោះទីនេះស្អាត អស្ចារ្យ និងប្រជាជនពោរពេញទៅដោយស្នាមញញឹមនិងភាពរាក់ទាក់។

ឯកឧត្តម សុខ សង្វារ បានលើកឡើងថា នេះជាលើកទី១៦នៃព្រឹត្តិការ Raid Amazones និងជាលើកទី២ដែលក្រុមហ៊ុន ZBO បានរៀបចំនៅអង្គរ។ តាមរយៈកម្មវិធីនេះបានផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា ពិសេសតំបន់អង្គរ ព្រោះបានរួមចំណែកលើកកម្ពស់វប្បធម៌និងបេតិកភណ្ឌតំបន់អង្គរទៅកាន់ឆាកអន្តរជាតិ និងបង្ហាញថាកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព ដែលមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យបេតិកភណ្ឌ ទេសចរណ៍ និងកីឡាឱ្យរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យភ្ញៀវទេសចរបានឃើញពីស្នាមញញឹមរបស់ប្រជាជនខ្មែរ ការរាក់ទាក់ និងភាពកក់ក្តៅ។ក្នុងនោះក្នុងនាមអាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រងតំបន់អង្គរ ក៏បានសហការយ៉ាងស្និទ្ធជាមួយក្រុមហ៊ុនរៀបចំព្រឹត្តិការផ្សេងៗ បានរៀបចំឱ្យមានផ្លូវល្អប្រសើរសម្រាប់ថ្មើរជើង ផ្លូវកង់ និងផ្លូវយានយន្ត និងសុវត្ថិភាពទាំងក្នុងព្រៃ ព្រមទាំងសុខសុវត្ថិភាពទាំងស្នាក់នៅផងដែរ៕