កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ ស្ដីពីការរៀបចំផែនការសកម្មភាពមីន និងការងារ ពិនិត្យផ្ទៃដីបោសសម្អាតមីន

642

មណ្ឌលគិរី៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ ស្ដីពីការរៀបចំផែនការសកម្មភាពមីន និងការងារ ពិនិត្យផ្ទៃដីបោសសម្អាតមីនរបស់ក្រុមការងារផែនការសកម្មភាពមីនខេត្ត ហៅកាត់ថាម៉ាពូ ដែលធ្វើឡើងនៅខេត្ត មណ្ឌលគិរី មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែធ្នូឆ្នាំ២០១៧រសៀល ត្រូវបានបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រោមអធិបតីភាព ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន ។

IMG-20171209-WA0024

នៅក្នុងពិធីបិទកិច្ចប្រជុំនោះដែរ ឯកឧត្តម សេរី កុសល បានស្នើដល់ប្រតិបត្តិករ នៃក្រុមការងារផែនការសកម្មភាពមីន ទូទាំង២៥រាជធានី-ខេត្ត ត្រូវហាមដាច់ខាតចំពោះការអនុញ្ញាតឲ្យប្រតិបត្តិករឯកជនសំអាតមីន និងចុះត្រួតពិនិត្យ ឬធ្វើប្រតិបត្តិការនៅតាមខ្សែបន្ទាត់ព្រំដែនជាដាច់ខាត ព្រោះសកម្មភាពទាំងនេះអាចមានបរទេសនៅពីក្រោយ និងភ្ជាប់ការងារមនុស្សធម៌បោសសំអាតយុទ្ធភ័ណ្ឌ ជាមួយនឹងការងារនយោបាយ ។

ឯកឧត្ដម សេរី កុសល បានបញ្ជាក់ថា ចំពោះការងារស្រាវជ្រាវ ឬបោសសម្អាតមីន នៅតាមខ្សែបន្ទាត់ព្រំដែន គឺត្រូវបានអនុញ្ញាតសម្រាប់តែប្រតិបត្តិករជាតិតែប៉ុណ្ណោះ ព្រោះក្រុមប្រតិបត្តិករឯកជនអាចយកការងារមួយនេះជាឈ្នាន់ ដើម្បីស៊ើបការណ៍ពីស្ថានភាពព្រំដែនរបស់កម្ពុជាទៅឲ្យបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ច ការងារនយោបាយរបស់កម្ពុជា ។

ឯកឧត្ដមបានបន្តថា បញ្ហាដែលប្រឈមក្នុងការងារដោះមីននៅកម្ពុជាបច្ចុប្បន្ននេះ គឺមានប្រទេសខ្លះបានយកសកម្មភាពមនុស្សធម៌សម្អាតមីន ភ្ជាប់ជាមួយការងារនយោបាយ ស្របតាមឆន្ទៈបក្សប្រឆាំង មានភាពមិនស្មោះត្រង់ចំពោះការផ្ដល់ជំនួយ ឬការងារសហការសំអាតមីននៅកម្ពុជា ។

ឯកឧត្តមបានបន្តទៀតថា ទោះជាយ៉ាងណា សម្រាប់កាបោសសម្អាតយុទ្ធភ័ណ្ឌ ដែលបន្សល់ពីសម័យសង្គ្រាមនៅកម្ពុជា គឺកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តការងារមួយនេះដោយរលូន ទោះបីជាមិនមានការផ្ដល់ជំនួយពីបរទេសនោះ ។ហើយថ្មីៗនេះប្រទេសចិនក៏បាន សន្យាថា នឹងជួយជ្រោមជ្រែងលើការងារបោសសម្អាតមីននៅកម្ពុជារហូតចប់សព្វគ្រប់ផងដែរ ។

បន្ទាប់មកឯកឧត្តម ក៏បានជម្រុញដល់ក្រុមការងារជាតិ ផែនការសកម្មភាពមីន ត្រូវយកចិត្តទុកដាក់ពិនិត្យឲ្យបានហ្មត់ចត់ និងច្បាស់លាស់ មុននិងផ្ដល់ចំការមីនណាមួយទៅឲ្យក្រុមការងារប្រតិបត្តិករឯកជន ក្នុងគោលបំណង ដើម្បីបង្ការគ្រោះថ្នាក់ និងបោសសម្អាតចំគោលដៅ មិនខ្ជះខ្ជាយពេលវេលា ។

ឯកឧត្ដម សេរី កុសល បន្ថែមថា កម្ពុជាមានផែនការនឹងបោសសម្អាតមីនឲ្យអស់ពីមាតុភូមិនៅឆ្នាំ២០២៥ខាងមុខ ដូច្នេះប្រតិបត្តិករជាតិទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ចែករំលែកការងារការយល់ដឹង សាមគ្គីផ្ទៃក្នុងឲ្យបានល្អ ដើម្បីធ្វើយ៉ាងណាបោសសម្អាតមីនឲ្យអស់តាមការគ្រោងទុកនៅឆ្នាំ២០២៥ ហើយឯកឧត្ដមនឹងមានរង្វាន់ជូនដល់ ប្រតិបត្តិករឆ្នើមរៀងរាល់ឆ្នាំផងដែរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ ស្ដីពីការរៀបចំផែនការសកម្មភាពមីន និង ការងារពិនិត្យផ្ទៃដីបោសសម្អាតមីនរបស់ក្រុមការងារផែនការសកម្មភាពខេត្ត មានបំណងផ្ដោតលើរបាយការណ៍លទ្ធផលការងារ របស់ក្រុមការងារផែនការសកម្មភាពមីនខេត្ត បញ្ហាប្រឈម ដំណោះស្រាយ និងការចែករំលែកបទពិសោធន៍ ការងាររយៈពេលមួយឆ្នាំរបស់ក្រុមការងារផែនការសកម្មភាពមីនខេត្តនីមួយៗ ព្រមទាំងលើកទិសដៅការងារឆ្នាំបន្ទាប់ និងការសហការរវាងក្រុមការងារផែនការសកម្មភាពមីនខេត្ត ជាមួយដៃគូពាក់ព័ន្ធ ៕ ដោយ(មនោរម្យ)

IMG-20171209-WA0006

IMG-20171209-WA0025