ភ្នំពេញ: អ្នកប្រដាល់កម្ពុជាសេង ស្រឿនបានប្រកាសស្វាគមន៍ការប្រកួតសងសឹករបស់អ្នកប្រដាល់ថៃផាត ឆៃដែន(Phat Chhaiden)លើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១០ធ្នូនេះ ។

សេង ស្រឿនមួយរយៈនេះគេហាក់ដូចជាលេចធ្លោគ្រាន់បើរាល់ការប្រកួតរបស់គេបានទទួលជ័យជំនះផ្ទួនៗតែម្ដង ។ សេង ស្រឿនមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៥ដង និង ចាញ់១០ដង ។គេធ្លាប់ប្រកួតឈ្នះអ្នកប្រដាល់ថៃរូបនេះម្ដងនៅទឹកទី ១ ដែលកាលនោះគេប្រើជើងទាត់ចំថ្គាមផាត ឆៃដែន បណ្ដាលឲ្យអ្នកប្រដាល់រូបនេះសន្លប់នៅទឹកទី ១ ។

ផាត ឆៃដែននិយាយថាកាលនោះគេធ្វេសប្រហែសព្រោះគេច្រើនតែប្រឡែងគ្នាលេងមួយទឹកសិនហើយនៅទឹកទី២ទើបគេចាប់ផ្ដើមវាយប្រហារតែគេមិនដឹងថាសេង ស្រឿនចាប់ផ្ដើមវាយប្រហារតាំងពីទឹកទី១ ទៅបែបនេះសោះឡើយ ។ សម្រាប់សេង ស្រឿនវិញគេនិយាយថាគេមិនមើលស្រាលគូប្រកួតនោះទេតែគេនឹងព្យាយាមធ្វើឲ្យអ្នកប្រដាល់រូបនេះចាញ់ដោយអស់ចិត្តម្ដង ។

ចំពោះផាត ឆៃដែនវិញគេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៣ដង ចាញ់១៧ដង ។ តើការជួបគ្នាលើកនេះជ័យជំនះបានទៅលើនរណា ?
Seng-Sreun-Phat-Chhaiden [800x600]
ចំនែកឯអ្នកប្រដាល់កម្ពុជា ធន ចាន់តាក់ មកពីសមាគមប្រដាល់ក្រសួងការពារជាតិជួបប្រកួតជាមួយអ្នកប្រដាល់ថៃកូឡាប ដាំ(Kolap Dam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ចាន់តាក់ជាអ្នកប្រដាល់ចិត្តធំមានកលល្បិចវ៉ៃល្អរហ័សតែអ្នកប្រដាល់រូបនេះហាក់ដូចជានៅខ្ចីបន្តិច ។ គេជា អ្នកប្រដាល់ចូលចិត្តប្រើកែងវាយប្រហារគូប្រកួតណាស់ចាន់តាក់ឆេវឆាវបន្តិចហើយបើគូប្រកួតធ្វើឲ្យគេឈឺសាច់នោះគេនឹងតាមវាយសងវិញដោយមិនញញើតឡើយ ។

អ្នកប្រដាល់ថៃកូឡាប ដាំក៏មិនមែនជាដុំសាច់ដែលងាយស្រួលនឹងទំពារនោះដែរស្រយលមិនស្រួលប៉ះឆ្អឹងបាក់ធ្មេញក៏អាចថាបានដែរ ។អ្នកប្រដាល់ថៃរូបនេះក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរដោយមានឈ្នះមានចាញ់ជាធម្មតា។

ជំនួបមួយនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ។ គេជឿថាពួកគេនឹងចាញ់-ឈ្នះគ្នាដោយពិន្ទុហើយរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

Thun-Chhantak-Kolap-Dam [800x600]