ភ្នំពេញ:ផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្សត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃកង សាយ៉ាម(Kang Sayam) ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី៩ធ្នូនេះព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍។

តាំងពីដើម ព្រឹត្តិការណ៍មកទល់ពេលនេះ ៤ ប្រកួតរបស់ផាន់ គ្រាន់ឈ្នះទាំង ៤ ប្រកួត ក្នុងខណៈដែលកង សាយ៉ាម៤ប្រកួតឈ្នះ បាន៣ប្រកួត និង ចាញ់មួយប្រកួតគឺចាញ់ផាន់ គ្រាន់ដោយពិន្ទុតែម្ដង ។

ផាន់ គ្រាន់ពេលនេះមិនមែនផាន់ គ្រាន់កាលពីលើកមុននោះទេជាមួយនឹងផ្លែល្អវ៉ៃចេញធ្ងន់នោះកម្លាំងរបស់គេ ធានាវាយសម្រុកបានពេញទាំង៥ទឹកដោយគ្មានបញ្ហាទៀតផង ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០២ ដង ឈ្នះ៨៤ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។

អ្នកប្រដាល់កម្ពុជារូបនេះបាននិយាយថាគេបានបង្កើនការហ្វឹកហាត់កាន់តែខ្លាំងជាមុនព្រោះគេធ្លាប់ឈ្នះអ្នក ប្រដាល់ថៃរូបនេះពេលប្រកួតវិលជុំហេតុនេះគេត្រូវតែប្រឹងប្រែងយកឈ្នះម្ដងទៀតដើម្បីយកខ្សែក្រវាត់មកគ្រប់គ្រងឲ្យបាន ។

កង សាយ៉ាមវិញក៏អះអាងដែរថាគេក៏បង្កើនការហ្វឹកហាត់ដែរព្រោះគូប្រកួតគេខ្លាំងណាស់គេធ្លាប់បរាជ័យ ម្ដងហើយគេមិនចង់ដើរលើដានចាស់នោះទេ ។គេត្រូវការស្ពាយខ្សែក្រវាត់ត្រឡប់ទៅស្រុកគេវិញ ។ទោះបីជាមាន មហិច្ឆិតារយ៉ាងនេះក៏ដោយក៏កង សាយ៉ាមមិនហ៊ានមើលស្រាលផាន់ គ្រាន់ដែរ ។

គួរបញ្ជាក់ថាកង សាយ៉ាមមានប្រវត្តិប្រកួតចំនួន៧៨ ដង ឈ្នះ៦៦ដងចាញ់១២ ដង ។មានអ្នកប្រដាល់កម្ពុជា មិនតិចទេដេលត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ចំកញ្ចឹង ក និង ថ្កាមបណ្ដាលឲ្យសន្លប់ មិនតែប៉ុណ្ណោះជង្គង់ និង កែង របស់គេកាន់តែមិនអាចមើលស្រាលបានទៅទៀត ។

ផាន់ គ្រាន់ និង កង សាយ៉ាមនរណាក្លាយជាម្ចាស់ខ្សែក្រវាត់ ដែលោមានរង្វាន់អមចំនួន៥.០០០ដុល្លារនេះ ??

Phan-Kroan-Kang-Sayam [800x600]