កណ្ដាលៈ ក្រោយផ្ទុះរឿង និងរងការរិះគន់ពាក់ព័ន្ធវង់ល្បែងខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ចបានប្រើកណ្ដាប់ដៃ ចាត់ការជាបន្តបន្ទាប់ ហើយអាជ្ញាធរហ៊ានប្រកាសជាចំហរថា នឹងចាត់ការបន្ថែមទៀត ទៅលើអ្នកពាក់ព័ន្ធនឹងល្បែង ដោយមិនអត់ឱនឡើយ។

មនុស្សជាង១០០នាក់ ត្រូវគេបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានចេញបញ្ជាឲ្យបើកប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយកកន្លែង នៅក្បែររបងវត្តខ្សាច់ពោធិ៍អារ្យ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលគេស្គាល់ថា ជាទីតាំងរបស់លោក ថៃ ផានី ហៅ ម៉ាប់ កូនប្រសារបស់លោក ហ៊ុន សាន។

បើតាមលោក ម៉ៅ ភិរុណ ៖ “ទីតាំងនេះ គេធ្លាប់ណែនាំច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់ដល់ពេលចាត់ការ មិនមានន័យថា គេខ្លាចនោះទេ! ហើយទីតាំងសង្វៀងជល់មាន់នេះ ជាម្ចាស់តែមួយជាមួយម្ចាស់សង្វៀននៅស្រុកបាទី ខេត្តតាកែវ។ ហើយប្រតិបត្តិការបង្ក្រាបនេះ ក្នុងនាម ខ្ញុំជាគណៈបញ្ជាឯកភាពខេត្ត ខ្ញុំបានបញ្ជាឲ្យបង្ក្រាប និងចាត់ការ”។

ទោះជាបែបណា លោកអភិបាលខេត្ត មិនបានលម្អិតព័ត៌មានឲ្យបានស៊ីជម្រៅឡើយ ដោយលោកជំរុញឲ្យទៅសួរសមត្ថកិច្ចចុះប្រតិបត្តិការផ្ទាល់តែម្ដង។ ប៉ុន្តែលោកបានបង្ហើបថា វត្ថុតាងជាច្រើនត្រូវបានដកហូត និងរឹបអូស ក្នុងនោះ ក៏ពាក់ព័ន្ធអ្នកជួលទីតាំងផងដែរ។

ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន នៅរសៀលថ្ងៃច័ន្ទនេះ មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ជុំវិញការបង្ក្រាបវង់ល្បែងស៊ីសងដុះស្លែដ៏ធំនៅអរិយក្សត្រនេះ ដោយទូរស័ព្ទចូល មិនមានអ្នកទទួល។ ដោយសនសុភ័ក្ដ

IMG-20171204-WA0100