នៅយប់ថ្ងៃអាទិត្យនេះ ត្រូវនឹងថ្ងៃទី ៣ ខែធ្នូ ប្រជាជនលើពិភពលោកក្នុងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងនោះ នឹងមានឱកាសបានមើលឃើញព្រះចន្ទរះដែលមានទំហំធំបំផុតប្រចាំឆ្នាំ ២០១៧ នេះ។

ដំណើរព្រះចន្ទវិលជុំវិញភពផែនដីមានរាងជាពងក្រពើ ដោយមានមួយចំហៀងស្ថិតនៅកៀកផែនដីជាងមួយចំហៀងទៀត។ ដំណើររាងពងក្រពើនេះដែរ ធ្វើឲ្យចម្ងាយរវាងផែនដី និងព្រះចន្ទមានចម្ងាយខុសៗគ្នាទៅតាមខែ និង ឆ្នាំ។ ជាមធ្យមព្រះចន្ទមានចម្ងាយ ៣៨២ ៩០០ គ.ម ពីភពផែនដី។

នៅពេលដែលព្រះចន្ទរះពេញវង់ស្របពេលដែលវាស្ថិតនៅកៀកផែនដីបំផុតនោះ គេហៅបាតុភូតនេះថា Super Full Moon។ នៅពេលដែលព្រះចន្ទងងឹត ស្របពេលដែលវាស្ថិតនៅកៀកផែនដីបំផុតនោះ គេហៅបាតុភូតនេះថា Super New Moon។ ដោយឡែកពាក្យ Supermoon តែមួយក៏ត្រូវបានប្រើសម្រាប់សម្គាល់បាតុភូតពីរនេះផងដែរ។

Supermoon កើតមានលើកចុងក្រោយបង្អស់គឺនៅថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៦ ហើយបាតុភូត Supermoon ថ្មីនឹងកើតមានឡើងនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ ដោយព្រះចន្ទនឹងមានទំហំធំជាង ពេលដែលវាស្ថិតនៅឆ្ងាយពីផែនដីបំផុត ចន្លោះពី ១២% ទៅ ១៤%។

Supermoon បន្តបន្ទាប់នឹងកើតមាននៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ និង នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩៕

អត្តបទ៖ Sabay