​​​សម្តេចតេជោនាយករដ្ឋមន្រ្តី – អនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣ របស់ប្រទេសចិន (China Road & Bridge Corporation – Henan Transport Investment Group , Greenland Holding Group) ចូលជួបសំដែងការគួរសមx

2462

នៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិន ដែលកំពុងធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុង នោះរួមមានទី១ ក្រុមហ៊ុន China Road & Bridge Corporation ក្រុមហ៊ុន Henan Transport Investment Group និងក្រុមហ៊ុន Greenland Holding Group ចូលជួបសំដែងការគួរសម ពិសេសដើម្បីស្វែងរកឱកាសវិនិយោគ បន្ថែមទៀតក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងដាច់ដោយឡែកពីគ្នាជាមួយ លោក Liu Qi Tao ប្រធានក្រុម ហ៊ុន China Road & Bridge Corporation មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោក ចូលជួបសំដែងការគួរសម។ ក្នុងជំនួបពិភាក្សាគ្នានោះ លោកប្រធានក្រុមហ៊ុនបានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងមួយចំនួនដែល ក្រុមហ៊ុនរបស់បាននិងកំពុងអនុវត្តន៍ក្នុងប្រទេសកម្ពុជា តាមរយះការសាងសង់ស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្ត ទុកដាក់ លើការជំរុញការសាងសង់ផ្លូវល្បឿនលឿនពីរតាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនិង បើកការដ្ឋានសាងសង់នៅពេលដ៏ខ្លីខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពលើគំនិតផ្តួចផ្តើម ក្នុងការសាងផ្លូវល្បឿនលឿនឲ្យបានឆាប់បំផុត តាមអ្វីដែលអាចធ្វើទៅបានរបស់ភាគីក្រុមហ៊ុន និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ដោយឡែកក្នុងជំនួបជាមួយលោក ហ្សាង យូលាង ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក ឆេង វីសេន ប្រធានក្រុមហ៊ុន Henan Transport Investment Group សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ស្វាគមន៍ចំពោះក្រុមហ៊ុនទាំងពីរដែលមានបំណង់បណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជា។ លោកទាំងពីរមានប្រ សាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា រូបលោកធ្លាប់បានជួបសម្តេចតេជោក្នុងប្រទេសកម្ពុជា កាលពីពេល ថ្មីកន្លងមក ហើយសម្រាប់ជំនួបនៅពេលនេះ ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពរីក ចម្រើនរបស់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសស្របគ្នាទៅនិងគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ផងនោះ ក្រុមហ៊ុនទាំងពីរមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ៤ គឺការសាងសង់ផ្លូវ ការកសាងអគារខុនដូរខ្ពង់ៗ នៅកោះពេជ្រ ការសាងសង់កំពង់ផែនទេសចរណ៍លំដាប់អន្តរជាតិ នៅតំបន់មាត់សមុទ្រ សម្រាប់នាវាទេសចរណ៍ធំៗ និងធនាគារ។ សម្តេចតេជោមានប្រសាសន៍សំដែងនូវការស្វាគមន៍ និងបានគូសបញ្ជាក់ពីភាពអនុគ្រោះរបស់កម្ពុជា ពោលគឺក្រុមហ៊ុនវិនិយោគបរទេសអាចប្រើប្រាស់ទុន១០០% ដោយ មិនចាំបាច់មានដៃគូវិនិយោគក្នុងស្រុក រួមទាំងភាពអនុគ្រោះក្នុងការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាមានភាពអនុគ្រោះបំផុត។ លោកប្រធានក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែរថា គម្រោងទាំង៤ដែលក្រុមហ៊ុនទាំងពីររបស់លោកបានលើកឡើងនេះ គឺក្រុមហ៊ុននឹងខិតខំរៀបចំបែបបទឲ្យបានហើយ រួចរាល់ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាន ក្នុងប្រទេសកម្ពុជា នាខែមករាឆ្នាំ២០១៨ ដែលស្របគ្នានិងខួប៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរកម្ពុជា ចិន។

1

2