អាជ្ញាធរជាតិអប្សរានិងមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរ

1177

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរខេត្តសៀមរាប។

លោកអនុប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្ត Wang Lei បានថ្លែងចំណាប់អារម្មណ៍រីករាយជាខ្លាំងចំពោះជំនួបជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា។ លោកក៏បានបង្ហាញពីសក្តានុពលនៅខេត្តសានទុងថា ជាខេត្តមួយស្ថិតនៅភាគខាងកើតនៃប្រទេសចិន មានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ និងជាខេត្តមានប្រជាជនច្រើនលំដាប់ទី២ក្នុងប្រទេស។ បើនិយាយពីប្រវត្តិសាស្ត្រនិងវប្បធម៌នៅខេត្តនេះ គឺមានតាំងពី៨០០០ឆ្នាំមុនមកម្ល៉េះ ដោយមានសំណេរឯកសារនិងការស្រាវជ្រាវពីបុរាណវិទូច្បាស់លាស់។ លើសពីនោះទៀត អ្វីដែលល្បីល្បាញជាងគេនៅខេត្តនេះ គឺជាស្រុកកំណើតរបស់ទស្សនវិទូ ខុងជឺ និងមានតំបន់ទេសចរណ៍ល្បីល្បាញជាច្រើនដូចជា ភ្នំថៃសាន មហាកំពែង ដែលសុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានឆ្នេរសមុទ្រជាង៣០០០គីឡូម៉ែតវែងជាងគេ។ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ចំនួន១៩៧ដែលទទួលស្គាល់ពីរដ្ឋាភិបាលចិន និងរមណីយដ្ឋានវប្បធម៌និងអភិរក្ស១៧៩១កន្លែងដែលបានទទួលស្គាល់ដោយខេត្តសានទុងថែមទៀត។

លោករំពឹងថា ខេត្តសានទុងនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរដែលមានតាំងពីយូរអង្វែង។ ពិសេសផ្តល់ឱកាសសហការគ្នាជាបន្តទៀតទៅអនាគតកាន់តែប្រសើរឡើងរវាងក្រុង Jining និងអាជ្ញាធរជាតិអប្សរាលើផ្នែកគ្រប់គ្រងវប្បធម៌ទេសចរណ៍។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ហង់ ពៅ ក៏បានលើកឡើងថា នេះជាការចាប់ផ្តើមដ៏ល្អនៃទំនាក់ទំនងនៃស្ថាប័នទាំងពីរលើផ្នែកមិត្តភាពនិងការងារគ្រប់គ្រង ការអភិរក្សបេតិកភណ្ឌវប្បធម៌។ ឯកឧត្តមបន្តទៀតថា បើទោះបីអង្គរទើបមានប្រវត្តិជាង៣០០០ឆ្នាំ តែក៏ជាអាណាចក្រដ៏ល្បីល្បាញកាលអតីតកាល មានប្រាង្គប្រាសាទជាង៦០០នៅពាសពេញខេត្តសៀមរាប រួមទាំងវប្បធម៌អរូបីជាច្រើនដែលទទួលបានការយកចិត្តទុកដាក់ ថែរក្សាពីសំណាក់ប្រជាជនក្នុងតំបន់ និងអាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ដែរថា ក្នុងតំបន់អង្គរមានកិច្ចសហការអន្តរជាតិជួសជុសប្រាសាទចំនួន១៤ប្រទេស និង២៥គម្រោង ក្នុងនោះក៏មានប្រទេសចិនផងដែរបានជួសជុលប្រាសាទចំនួន២ គឺប្រាសាទតាកែវនិងចៅសាយទេវតា។

ឯកឧត្តមក៏រីករាយនឹងសហការក្នុងផ្នែកពង្រឹងចំណងមិត្តភាព ក៏ដូចជាលើវិស័យគ្រប់គ្រងទេសចរណ៍ បេតិកភណ្ឌវប្បធម៌នៃក្រុង Jining និងខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន៕