GACP នឹងប្រារព្ធខួប២០ឆ្នាំនៃការងារអភិរក្សអង្គរ

11799

គម្រោងអភិរក្សអាឡឺម៉ង់-អប្សរា ដែលហៅកាត់ថា GACP (German Apsara Conservation Project) សហការជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា នឹងប្រារព្ធខួប២០ឆ្នាំនៃកិច្ចការអភិរក្សអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា បន្ទាប់ពីកិច្ចប្រជុំពេញអង្គរនៃគណៈកម្មាធិការ ICC-Agnkor នាខែធ្នូខាងមុខនេះ។


បើមិនមានអ្វីប្រែប្រួលទេ កម្មវិធីរំឭកខួប២០ឆ្នាំនៃការងារអភិរក្សអង្គររបស់អាឡឺមង់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងយូណេស្កូនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះរៀបចំឡើង ស្របពេលដែលអ្នកជំនាញនៃគណៈកម្មាធិការ ICC-Angkorមកជួបជុំគ្នា ក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី១៣-១៤ ខែធ្នូ នេះដែរ។

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កិច្ចពិភាក្សាទ្វេភាគីរវាងតំណាងGACPអាឡឺម៉ង់ដឹកនាំដោយលោកសាស្ត្រាចារ្យ Hans Leisen និងអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតគណៈកម្មការរួមមួយក្នុងការរៀបចំពិធីឲ្យប្រព្រឹត្តទៅដោយរលូន។

តាមគម្រោង ពិធីដ៏មានខ្លឹមសារនេះនឹងប្រារព្ធឡើងនៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រី និងអ្នកជំនាញការជាន់ខ្ពស់របស់អង្គការយូណេស្កូ និងគណៈកម្មាធិការ ICC-Angkor។

សូមបញ្ជាក់ថា ប្រទេសអាឡឺម៉ង់តាមរយៈសាកលវិទ្យាល័យ បច្ចេកវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ TH KÖln បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវទៅលើចម្លាក់អប្សរានៅប្រាសាទអង្គរវត្តចាប់ពីឆ្នាំ១៩៩៥មក និងបានចាប់ផ្តើមសហការជាមួយជាអាជ្ញាធរជាតិអប្សរាបង្កើតគម្រោងជួសជុលចម្លាក់អប្សរា និងចម្លាក់លៀននៅប្រាសាទអង្គរវត្តពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីប្រាសាទអង្គរវត្ត GACP ក៏បានជួសជុលផ្នែកខ្លះដូចជា ចម្លាក់សិលាចារឹកជាដើមនៅប្រាសាទក្រវ៉ាន់ និងនៅប្រាសាទបាគង។ ស្នាដៃដ៏ចម្បងមួយទៀតនៃGACPគឺការបណ្តុះបណ្តាលមន្ត្រីជំនាញខ្មែរលើជំនាញអភិរក្សថ្ម ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ រហូតមកទល់ពេលនេះ មន្ត្រីជំនាញជាច្រើនរូបមានសមត្ថភាពអាចអនុវត្តការងារអភិរក្សថ្មដោយក្រុមខ្មែរសុទ្ធសាធ ដូចជា ការជួសជុលបង្កាន់នាគនៅប្រាសាទបន្ទាយសំរែ ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ និងការជួសជុលចម្លាក់ផ្តែរដែលរបេះធ្លាក់ពីប្រាសាទឥដ្ឋនៅបាគងជាដើម៕