ក្នុងងខែតុលា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់តូចៗបានចំនួន ៤៧ករណី

610

របាយការណ៍របស់ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០១៧ ការអនុញ្ញាតសំណើជួសជុលតូចៗ តាមការស្នើរបស់ប្រជាពលរដ្ឋតាមរយៈក្រុមការងារសហគមន៍ មានចំនួន ៤៧ករណី ក្នុងនោះបានអនុញ្ញាតដល់ប្រជាពលរដ្ឋចំនួន ៣១ករណី។


ក្នុងរបាយការណ៍ដដែល ក្នុងចំណោមការអនុញ្ញាតឱ្យសាងសង់ និងជួសជុលតូចតាចទាំង ៣១ករណីនោះ មាននៅស្រុកប្រាសាទបាគង ៤ករណី ស្រុកពួក ៣ករណី ក្រុងសៀមរាប ២ករណី និងស្រុកបន្ទាយស្រី ២២ករណី ហើយការអនុញ្ញាតទាំងនេះ គឺធ្វើឡើងក្រោយពីក្រុមការងារចុះទៅពិនិត្យឃើញថាជាប្រជាពលរដ្ឋចាស់ និងតម្រូវការជាក់ស្តែង។

ក្រៅពីការងារអនុញ្ញាតសាងសង់ និងជួសជុលហើយនោះ ក្នុងនោះក្រុមការងារសហគមន៍ ក៏បានជួយការងារមួយចំនួនផងដែរ ក្នុងនោះរួមមាន ការងារមនុស្សធម៌ និងកម្មវិធីផ្សេងៗទៀត ដូចជា ចុះពិនិត្យមើលភ្លើងឆេះផ្ទះ២ខ្នងនៅភូមិថ្នល់ទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ផ្តល់កូនឈើប្រណីតចំនួន ៨០០ដើម ដល់សាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ពិនិត្យទីតាំងសុំកាយដីដាក់លូរំដោះទឹក នៅឃុំខ្នាត ស្រុកពួក និងពិនិត្យផ្ទះពលរដ្ឋ១ករណី ដែលដួលរំលំដោយខ្យល់បក់ នៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌ បញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំជួសជុលតិចតួច និងអនុញ្ញាតជូនភ្លាមៗនៅនឹងមូលដ្ឋាន ដើម្បីសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងនាំយកអំណោយចែកជូនស្ត្រីទើបសម្រាលកូនជាដើម៕