អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណ:កម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ

501

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ 2017 នឹងប្រព្រឹត្តទៅនៅថ្ងៃទី2 និងទី3 ខែវិច្ឆិកា ខាងមុខនេះនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ដូនតាក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ អាជ្ញាធរជាតិអប្សរាបានចូលរួមឧបត្ថម្ភថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុងចំនួន៥ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។

ថវិកាដែលឧបត្ថម្ភនាពេលនេះ រួមមាន ក្រុងសៀមរាប 50ម៉ឺនរៀល ស្រុកបន្ទាយស្រី 50ម៉ឺនរៀល ស្រុកប្រាសាទបាគង 50ម៉ឺនរៀល ស្រុកអង្គរធំ 50ម៉ឺនរៀល ស្រុកពួក 50ម៉ឺនរៀល និងគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប ចំនួន 1លានរៀល។

គួរបញ្ជាក់ថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមជាថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់គ្រង ការពារ ថែរក្សា អភិរក្សប្រាសាទ វប្បធម៌ប្រពៃណីខ្មែរ សូមចូលរួមគាំទ្រយ៉ាងខ្លាំងចំពោះការលើកតម្កើងព្រះរាជពិធីបុណ្យជាតិដែលមានតាំងពីបរមបុរាណដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងសូមចូលរួមលើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្តដើម្បីក្លាយជាកម្លាំងស្នូលទ្រទ្រង់ និងរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែងក្នុងបេះដូងកូនខ្មែរ៕