ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅទល់មុខនឹងស្រះស្រង់ និងកសាងឡើងនៅចុងសតវត្សទី១២។ ទោះជាប្រាសាទបន្ទាយក្តីមិនសូវមានការនិយមដូចជាប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នក៏ដោយ តែប្រាសាទនេះ មានរចនាបថដូចគ្នា និងកសាងឡើងក្នុងសម័យកាលតែមួយ។

នៅក្នុងបរិវេណប្រាសាទនេះហើយ ដែលសាកលវិទ្យាល័យសូហ្វីយ៉ារបស់ជប៉ុនបានដឹកនាំក្រុមនិស្សិតបុរាណវិទ្យាធ្វើកំណាយស្រាវជ្រាវនាឆ្នាំ២០០០-២០០១ ហើយបានប្រទះឃើញបដិមាព្រះពុទ្ធរូបចំនួន២៧៤អង្គកប់នៅក្នុងដី។ បដិមាស្ទើរតែទាំងអស់គឺឆ្លាក់អំពីថ្មភក់ លើកលែងបដិមា៣អង្គដែលធ្វើពីសំរឹទ្ធ។ បដិមាភាគច្រើនបំផុតគឺជាព្រះពុទ្ធរូបប្រក់នាគ ហើយបាត់ព្រះកេស។ ជាមួយគ្នានេះដែរ ក្នុងកំណាយនេះ គេក៏បានរកឃើញថ្មគោលព្រះពាន់ដ៏ធំមួយ។ បច្ចុប្បន្ន ចម្លាក់ទាំងអស់នេះតម្កល់ទុកនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រាប់សាធារណជនចូលទស្សនាបានជាប្រចាំ។

ក្នុងរដូវវស្សាដូចនេះ មិនសូវមានភ្ញៀវទេសចរច្រើនទេដែលចូលទៅទស្សនាប្រាសាទបន្ទាយក្តី។ តាមការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ គឺមានភ្ញៀវទស្សនាប្រហែល១ពាន់នាក់ជាររៀងរាល់ថ្ងៃ។ បើក្នុងរដូវប្រាំង (High Season) ភ្ញៀវទេសចរអាចកើនដល់ជាង២ពាន់នាក់ក្នុងមួយថ្ងៃ។

ដើម្បីថែរក្សាប្រាសាទមួយនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមភ្នាក់ងារទេសចរណ៍ចំនួន១៩នាក់ ចាំមើលភ្ញៀវជាប្រចាំ។ ការឈរជើងជាប្រចាំរបស់ភ្នាក់ងារទាំងនេះ គឺដើម្បីណែនាំភ្ញៀវកុំឲ្យធ្វើអ្វីដែលខុសឆ្គងដូចជា ការឡើងលើតំបន់ហាមឃាត់ ឬការស្លៀកខើចខ្លីចូលប្រាសាទជាដើម។

អ្នកស្រី ហ៊ីង ម៉េត ដែលធ្វើការងារនេះជិត២០ឆ្នាំមកហើយ រៀបរាប់ថា ចាប់ពីពេលដែលអាជ្ញាធរជាតិអប្សរាបានបង្កើតក្រមប្រតិបត្តិអង្គរមក ភ្ញៀវភាគច្រើនមិនសូវធ្វើអ្វីខុសឆ្គងនៅក្នុងប្រាសាទទេ។ អ្នកស្រីបន្តថា មានភ្ញៀវតិចតួចប៉ុណ្ណោះ ដែលឆ្លៀតលួចឡើង ឬអង្គុយលើតំបន់ហាមឃាត់ ប៉ុន្តែពេលដែលក្រុមការងារណែនាំ ពួកគាត់ក៏ព្រមគោរពតាមដោយមិនប្រកែករឹងទទឹងដែរ។

សូមទស្សនាកម្រងរូបភាពប្រាសាទបន្ទាយក្តីដូចខាងក្រោម ៖