តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាបទាំងមូលទើបតែទទួលរងជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ។ តាមការព្យាកររបស់ក្រសួងធនធានទឹក ខេត្តមួយចំនួនដោយរួមទាំងសៀមរាបផងនឹងអាចមានភ្លៀងធ្លាក់ជាប់ៗគ្នាចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ ដែលអាចនឹងនាំឲ្យមានជំនន់ទឹកភ្លៀងបន្តទៀត។

មន្ត្រីជំនាញគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់សម្រាប់បញ្ជៀសបញ្ហាជំនន់ទឹកភ្លៀងនេះហើយ ដោយសម្អាតប្រឡាយតូចធំ តាមតំបន់ប្រាសាទ និងទ្វារទឹកផ្សេងៗ ដើម្បីឲ្យទឹកភ្លៀងហូរចេញលឿន មិនដក់នៅយូរក្នុងតំបន់ប្រាសាទ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែតុលានេះថា បើជំនន់ទឹកភ្លៀងលើកនេះ មានកម្រិតប្រហាក់ប្រហែលនឹងទឹកភ្លៀងកាលពីថ្ងៃទី២-១០កន្លងមកនេះ គឺមិនមានបញ្ហាអ្វីនោះទេទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប។

លោកបន្ថែមថា ចំពោះទឹកជំនន់ដែលអាចនឹងហូរធ្លាក់មកពីភ្នំគូលែនក្នុងពេលដែលមានភ្លៀងខ្លាំងនោះ នឹងត្រូវបញ្ជៀសទៅតាមបណ្តាញនានាចូលស្ទឹង និងបង្ហួសទៅទន្លេសាប មិនអាចបង្កការលិចជន់ក្នុងតំបន់អង្គរ និងក្រុសៀមរាបឡើយ។ តែចំពោះជំនន់ទឹកភ្លៀង អាចនឹងមានទឹកដក់នៅខ្លះ តែក៏មិនស្ថិតនៅយូរលើសពីមួយថ្ងៃដែរ។

ចំពោះអាងស្តុកទឹកក្នុងតំបន់អង្គរ លោក សុឃីម បញ្ជាក់ថា មកទល់ពេលនេះ អាងស្តុកទឹកសំខាន់ដូចជា បារាយណ៍ទឹកថ្លា បារាយណ៍ជ័យតដាក ជាដើម សុទ្ធតែមានចំណុះទឹកគ្រប់គ្រាន់អស់ហើយ មិនបារម្ភពីការខ្វះខាតទឹកនៅរដូវប្រាំងនោះឡើយ៕