ខេត្តកណ្តាល៖ សមត្ថកិច្ចប៉ូលិសប៉ុស្តិរដ្ឋបាលឃុំគគីរធំធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀនខុសច្បាប់(ម៉ាទឹកក) ។ ករណីឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី10-10-2017 វេលាម៉ោង 21-10នាទីនៅចំណុច ភូមិគគីរធំ ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ភួង សំណាង ភេទ ប្រុស អាយុ30ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករដកហូតបានវត្ថុតាងរួមមានម្សៅក្រាមព៌ណសថ្លា សង្ស័យគ្រឿងញៀន(ម៉ាទឹកកក)ចំនួន 4 កញ្ចប់តូច។

លោក សួន សម្បត្តិ មេប៉ុស្តិរដ្ឋបាលឃុំគគីរធំបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើកំលាំងប៉ុស្តិនគរបាលរដ្ឋបាលគគីរធំ បានចុះល្បាតនៅក្នុងភូមិគគីរធំ ឃុំគគីរធំ ក៏បានជួបមុខសញ្ញាសង្ស័យ កំពុងដើរម្នាក់ឯង ពេលនោះកំលាំងប៉ុស្តិរដ្ឋបាលមានការសង្ស័យក៏បានឃាត់ដើម្បីសួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន 4កញ្ចប់តូចនៅក្នុងខ្លួនជនសង្ស័យ ។ ភ្លាមនោះកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងយកមកប៉ុស្តិនគរបាលរដ្ឋបាលគគីរធំ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខប៉ូលិសប៉ុស្តិរដ្ឋបាលជនសង្សយ័បានសារភាពថាខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅក្នុងវត្តនាគវន្ត័ (ក្រុងភ្នំពេញ)ដើម្បីមកចែកចាយនិងប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ ។

បន្ទាប់ពីស្តាប់ចំលើយសារភាពរបស់មុខសញ្ញាគ្រឿងញៀនរួចមកសមត្ថកិច្ចប៉ុស្តិរដ្ឋបាលបានបញ្ចូនជនសង្សយ័រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់ ។

លោក សួន សម្បត្តិ នាយប៉ុស្តិបានបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋានឃុំគគីរធំបានដាក់ពង្រាយបណ្តាញតាមគោលដៅសំខាន់ៗដែលមុខសញ្ញាធ្លាប់ធ្វើសកម្មភាពជក់ថ្នាំញៀននិងចែកចាយសារធាតុញៀន ជាលទ្ធផលបង្ក្រាបបានជាបន្តបន្ទាប់ ។

លោកនាយប៉ុស្តិរដ្ឋបាលក៌ថែ្លងការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនិងក្រុមប្រជាការពារភូមិបានចូលរួមសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិរដ្ឋបាលបានល្អទើបធ្វើឲ្យការបង្ក្រាបមុខសញ្ញាគ្រឿងញៀនទទួលបានលទ្ធផលល្អប្រកបដោយផ្លែផ្កា ។

លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយបានឲ្យដឹងថា បញ្ហាគ្រឿងញៀនគឺជាចំណុចក្តៅហើយលោកបានដាក់ផែនការតឹងតែងដល់បណ្តាប៉ុស្តិរដ្ឋបាលទាំងអស់អនុវត្តបង្ក្រាបឲ្យខាងតែបាន ។ ជាលទ្ធផលប៉ូលិសប៉ុស្តិរដ្ឋបាលបានធ្វើការបង្ក្រាបចាប់បានមុខសញ្ញាគ្រឿងញៀនបានជាបន្តបន្ទាប់គួរជាទីមោទនៈ ៕

2017-10-11-PHOTO-00000096

2017-10-11-PHOTO-00000097