អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានរកឃើញជាបន្តបន្ទាប់នូវប្រភេទសត្វកម្រ និងងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ ប្រភេទសត្វទាំងនេះមិនត្រឹមតែមានចំនួនតិចតួចនៅក្នុងប្រទេសកម្ពុជានោះទេ តែក៏មានចំនួនតិចតួចនៅលើសកលលោកផងដែរ។ ត្រង់ចំណុចនេះអង្គការWCS ថាការធ្លាក់ចុះនៃចំនួនសត្វទាំងនេះបណ្តាលមកពីការបរបាញ់ បាត់បង់ជម្រក និងការរំខានពីមនុស្សជាតិជាដើម។

ថ្ងៃនេះ Sabay នាំយកប្រភេទសត្វកម្រ និងងាយរងគ្រោះមួយចំនួនមកចុះផ្សាយ ហើយសត្វទាំងនេះកំពុងមានវត្តមាននៅកម្ពុជា។

  • សត្វទាព្រៃស្លាបសៈ សត្វប្រភេទនេះត្រូវបានអង្គការ WCS ថាមានចំនួនចន្លោះពី២៥០ក្បាលទៅ១០០០ក្បាលប៉ុណ្ណោះនៅលើសកលលោក ហើយមានចំនួនតិចតួចរស់នៅប្រទេសកម្ពុជានៅតំបន់អភិរក្សខេត្តព្រះវិហារ។

(សត្វទាព្រៃស្លាបស កំពុងចេញពីសំបុកក្នុងរូងឈើ)
  • សត្វត្មាតៈ ចំនួនសត្វត្មាតនៅកម្ពុជា បានធ្លាក់ចុះខ្លាំង និងប្រឈមនឹងការវិនាសបាត់បង់នេះបើតាមអង្គការWCS។ អង្គការនេះថានៅបច្ចុប្បន្ននេះសត្វត្មានមានប្រហែលជា១២១ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ និងសៀមប៉ាង ខេត្តស្ទឹងត្រែង។

(សត្វត្មាតកំពុងរោមស៊ីអាហារ)
  • សត្វក្រពើព្រៃៈ សត្វប្រភេទនេះWCSថាមានចំនួនប្រហែលជា៤១០ក្បាលប៉ុណ្ណោះនៅលើសកលលោកដែលមាននៅប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម និងកម្ពុជាប៉ុណ្ណោះ ហើយថាក្នុងនោះមានប្រហែល១០០ទៅ៣០០ក្បាលកំពុងរស់នៅកម្ពុជានិងភាគច្រើនក្នុងខេត្តកោះកុង។

(កូនក្រពើព្រៃដែលទើបញាស់នៅមជ្ឈមណ្ឌលដើម្បីចិញ្ចឹម ថែរក្សាខេត្តកោះកុង)
  • សត្វត្រយ៉ងយក្សៈ សត្វប្រភេទនេះWCSថាមានប្រហែលជា១៩៤ក្បាលប៉ុណ្ណោះនៅលើពិភពលោក ហើយ៩៩គាយនៃចំនួនសត្វត្រយ៉ងយក្សពេញវ័យទាំងនេះរស់នៅក្នុងខេត្តមណ្ឌលគិរីប្រទេសកម្ពុជា ក្រៅពីនេះមាននៅប្រទេសវៀតណាម និងឡាវ។

(សត្វត្រយ៉ងយក្សដែលក្រុមអភិរក្សថតបាននាពេលកន្លងទៅ)
  • សត្វក្រៀលៈ សត្វក្រៀលមានរស់នៅតែក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងវៀតណាមប៉ុណ្ណោះ។ ចំនួនរបស់វានៅ លើសកលលោកមានប្រមាណ១០ ០០០ក្បាល ក្នុងនោះដែរ៥០០ក្បាល កំពុងមានវត្តមាននៅភាគខាងជើងនៃប្រទេសកម្ពុជា ។

(សត្វក្រៀលក្នុងដែនជម្រកសត្វព្រៃខេត្តព្រះវិហារ)

ដោយមើលឃើញពីការធ្លាក់ចុះ និងភាពងាយរងគ្រោះរបស់សត្វទាំងនេះក្រុមអ្នកអភិរក្សាបានស្នើដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធចូលរួមអភិរក្សសត្វកម្រទាំងនេះទាំងអស់គ្នាដោយថាដើម្បធានានិរន្តភាពរបស់សត្វទាំងនេះក្នុងប្រទេសកម្ពុជា៕

អត្តបទ ៖ Sabay