នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។
716x266_APSARA_2017-10-06_01
សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងប្រតិភូ និងវាគ្មិនមកពីមជ្ឈមណ្ឌល KJ Somaiya និងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ លោកគ្រូ និងសិស្សានុសិស្ស និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យ Sachhchidanand Sahai ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់អំពីទំនាក់ទំនងនៃសាសនាធំៗរបស់កម្ពុជាជាមួយនឹងឥណ្ឌា ដែលមានតាំងពីយូរលង់មកហើយ។ ជាពិសេស លោកសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនា ពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គរ “តាំងពីពេលដែលអង្គរ ត្រូវបានបោះបង់ចោលលែងជារាជធានីមក បើគ្មានព្រះពុទ្ធសាសនាទេ ប្រាសាទនានាក្នុងតំបន់អង្គរក៏មិនត្រូវបានរក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះដែរ”។

ឯកឧត្តម ហង់ ពៅ ក្នុងនាមឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌល KJ Somaiya ដែលបានសហការរៀបចំឲ្យមានសិក្ខាសាលានេះឡើង។ ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យអ្នកចូលរួមទាំងអស់មានការយល់ដឹងបន្ថែមទៀតអំពីទំនាក់ទំនងរវាងអារ្យធម៌អង្គរ និងសាសនា ជាពិសេស គឺព្រះពុទ្ធសាសនា ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាអារ្យធម៌អង្គរដ៏ខ្ពង់ខ្ពស់រហូតមក៕

APSARA_2017-10-06_05

APSARA_2017-10-06_06

APSARA_2017-10-06_07