ត្បូងឃ្មុំ៖ ល្បែងមាន់ជល់ អាប៉ោង យូរគី បើកលេងយ៉ាងគគ្រឹកគគ្រេង នៅកាស៊ីណូ ឃីងរូស្ទ័រ ចំណុចខាងផ្ទះសំណាក់ ភូមិយើង ស្ថិតក្នុងភូមិ អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ គេឃើញមានសុទ្ធតែពលរដ្ឋខ្មែរ មកពីក្នុង ភូមិ ស្រុក ខេត្ត ក្រៅខេត្ត និងរាជធានី សំរុកចូលលេង ដូចហែរកឋិន ភ្នាល់គ្នាដាក់លុយធំៗ យ៉ាងសប្បាយអឺងកង ដោយគ្មានការត្រួតពិនិត្យ ពីសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរខេត្តឡើយ ដោយគេដឹងច្បាស់ថា មានខ្សែអ្នកមានអំណាចកាងនៅពីក្រោយខ្នង ពលរដ្ឋរិះគន់ថា មានបើកល្បែងស៊ីសងវាផ្ទុយពីលក្ខណៈសម្បត្តិ៩យ៉ាងរបស់ភូមិ ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។

ប្រជាពលរដ្ឋភូមិអន្លង់ជ្រៃ បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ មានអ្នកយកមាន់មកជល់ សុទ្ធតែខ្មែរ ជិះម៉ូតូ រថយន្ត យ៉ាងច្រើន មកលេងល្បែងចាក់លុយភ្នាល់ រាប់រយ រាប់ពាន់ដុល្លារ សំលេង ហ៊ោកញ្ជ្រៀវអឺងកង ដោយសំអាងថា កន្លែងបើកល្បែងនេះ គឺខ្សែ អ្នកធំ អ្នកមានអំណាចនៅពីក្រោយខ្នង ដូច្នេះមានសន្តិសុខសុវត្ថិភាពល្អណាស់ ប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំអ្វីទេ ។ អ្នកភូមិអះអាងថា កាលណាមានល្បែងស៊ីសង ហើយគ្មានការបង្ក្រាបដូច្នេះ ពួកគាត់ខ្លាចកើតមានចោរលួច ចោរឆក់ ជាហេតុធ្វើឲ្យពួកគាត់រស់ក្នុងភាព ភិតភ័យ ខ្លាច ជានិច្ច ។

ជាងនេះទៀតប៉ុស្តិ៍រដ្ឋបាលឃុំកក់ ក៏បានបញ្ជាក់ដែរថា ប៉ុស្តិ៍ក៏បានដឹងថា មានបើកល្បែងមាន់ជល់ ភ្នាល់ដាក់លុយមែន តែសមត្ថកិច្ចប៉ុស្តិ៍មិនហ៊ានទៅសួរនាំទេ ព្រោះអ្នកបើកខ្សែធំណាស់ ។

ប្រភពពី កាស៊ីណូ ឃីងរូស្ទ័រ បានបញ្ជាក់ឲ្យដឹងថា កាបើកល្បែង នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបើមិនឲ្យខ្មែរចូលលេងទេ បានអីបង់ព័ន្ធជូនរដ្ឋ សូម្បីតែកាស៊ីណូ ណាហ្គានៅភ្នំពេញ ក៏ខ្មែរចូលលេងដែរ ។

ទាក់ទិនករណីនេះ នៅវេលាថ្ងៃត្រង់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ យើងបានសុំការបំភ្លឺតាមទូរស័ព្ទទៅ លោក បែន រ័ត្ន ស្នងការនគរបាលខេត្ត និង ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្ត ជាច្រើនដងតែមិនអាចធ្វើការទំនាក់ទំនងបាន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ខាងនាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ បានបញ្ជាក់យ៉ាងច្បាស់ថា កាស៊ីណូ ឃីងរូស័្ទរ មានច្បាប់អនុញ្ញាតមែន តែមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ ហើយ ស.ជ.ណ ក៏បានចេញសេចក្តីប្រកាសដែរ ។

ពលរដ្ឋសំណូមពរដល់លោក ស្នងការខេត្ត លោកអភិបាលខេត្ត និងខាងនាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ គួរចុះត្រួតពិនិត្យពីករណីមិនប្រក្រតីនេះផង ដើម្បីឲ្យលក្ខណៈសម្បត្តិ៩យ៉ាងរបស់ភូមិ ឃុំ មានសុវត្ថិភាព មានប្រសិទ្ធិភាពឡើងវិញ ៕

IMG-20171002-WA0026_resized_1

IMG-20171002-WA0025_resized_1

IMG-20171002-WA0033_resized_1

IMG-20171002-WA0024_resized_1