ល្បិចកលដ៏ទុចរឹតប្រកបដោយមហិច្ឆតា និងពោរពេញដោយគ្រោះថ្នាក់ ដែលគណបក្សប្រឆាំងបានយក មកលេងទាំងប្រថុយប្រថានកន្លងមកនេះ គឺជាអំពើថោកទាបខ្លាំងណាស់ ព្រោះនោះគឺជាការយកជោគវាសនា ជាតិយកទៅធ្វើជាទុន ដើម្បីប្តូរយកអំណាច ហើយដែលទង្វើឧក្រឹដ្ឋនេះពួកលន់នល់ សិរិមតៈធ្លាប់បានសាក ល្បងធ្វើរួចមកហើយកាលពីឆ្នាំ១៩៧០ ។ តើវាបានផលអ្វីមកវិញ? លន់នល់អូសជើងទាំងត្រដរខ្យល់ រត់ចោល ប្រទេស រត់ចោលប្រជាជន ទុកឲ្យប្រជាជាតិមួយនេះលិចលង់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្ទាប់មកទៀតត្រូវ ឆ្លងកាត់ស្ទឹងឈាម និងទឹកភ្នែកដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ។ សិរិមតៈនៅសេសសល់តែពាក្យ សម្តីដែលចារនៅលើក្រដាសប៉ុន្មានបន្ទាត់ប៉ុណ្ណោះ នោះគឺវិប្បដិសារីនៅក្នុងជីវិតដោយសារតែចាញ់បោកអាមេរិក ។ ប៉ុន្តែក៏ជាភ័ព្វសំណាងរបស់គាត់ដែរ ដោយសារជីវិតដែលកប់ទៅក្នុងវិប្បដិសារីដ៏សំអុយនេះមានអាយុខ្លីណាស់ ព្រោះមិនបានប៉ុន្មានក្រោយមកពួកប៉ុលពតបានសម្លាប់គាត់ចោលដោយឥតមេត្តា ។ នេះជាប្រវត្តិសាស្ត្ររបស់ ប្រទេសកម្ពុជាដែលត្រូវជនក្បត់ជាតិក្បត់ប្រជាជន ដាក់ខ្លួនឱនក្បាលធ្វើជាឧបករណ៍បរទេសទាញទម្លាក់ឲ្យ ធ្លាក់នរកទាំងភ្នែកស្រស់ ។ ពេលនេះគណបក្សប្រឆាំងកំពុងសាកល្បងម្តងទៀតហើយ ។ ពួកបរទេសដែលមានបញ្ញាញាណវាងវៃ ជាងគណបក្សប្រឆាំងនៅកម្ពុជាពិតជាប៉ិនប្រសប់ក្នុងការប្រើប្រាស់ពពួកល្ងង់ខ្លៅនេះ យកទៅធ្វើជាឧបករណ៍ ដែលមើលមួយភ្លែតទៅពិតជាទំនងមែន ហើយបម្រើគេបានយ៉ាងស័ក្តិសមឥតខ្ចោះណាស់ ។ អាមេរិកពិតជា ពូកែជ្រើសរើសអាយ៉ងមែន ។ ជំនាន់ពួកគេរើសយកលន់នល់ និងសិរិមតៈក៏មិនខុសពីជំនាន់នេះ ដែលពួកគេ ជ្រើសរើសយកបក្សប្រឆាំងមួយនៅកម្ពុជាមកធ្វើជាកូនជឹងនោះដែរ ។ ក្រុមមនុស្សទាំងពីរនេះនៅខុសជំនាន់ គ្នាមែន ប៉ុន្តែ ការលុតក្រាបឱនក្បាលធ្វើជាខ្ញុំកញ្ជះបម្រើបរទេសពិតជាសមដូចគ្នាណាស់ ។

IMG_1120

ឯកសារលេចធ្លាយតាមហ្វេសប៊ុក «កូនខ្មែរ» ដែលមានលក្ខណៈជាស៊េរីបង្ហាញឲ្យឃើញអំពី ទំនាក់ទំនងរបៀបរបបធ្វើការជាខ្សែសង្វាក់រវាងគណបក្សប្រឆាំងនៅកម្ពុជា និងភ្នាក់ងារចារកម្មនៅក្រៅប្រទេស ដែលជ្រកក្រោមស្លាកអង្គការមិនមែនរដ្ឋាភិបាល ឬជាអ្នកកាសែតឯករាជ្យ មានលក្ខណៈល្អិតល្អន់ណាស់ ។ មិនត្រឹមតែភ្ជាប់ការទាក់ទងត្រឹមកម្រិតការងារប៉ុណ្ណោះទេ ប៉ុន្តែគឺមានការភ្ជាប់ចំណងគ្នារវាងសាច់ និងឈាមរវាង គ្នានឹងគ្នាទៀតផង ។ ពួកគេបានធ្វើការបណ្តុះបណ្តាលអំពីរបៀបនៃការផ្តួលរំលំរបបមួយ ដោយចាប់ផ្តើមពីជំ ហានដំបូងត្រូវធ្វើយ៉ាងម៉េច ហើយត្រូវបញ្ចប់វាទៅវិញដោយរបៀបណា ។ ពួកគេកសាងខ្សែបណ្តាញ ជាពិសេស ក្នុងអង្គការចាត់តាំងយុវជនរបស់គេឲ្យធ្វើសកម្មភាពប្រទាក់គ្នា ដូចជារបៀបបែងក្រឡាចេញច្រកណា ហើយ ចូលមកវិញច្រកណា? យុវជនដែលមានចេះការដឹង និងស្ថិតក្នុងអង្គការចាត់តាំងត្រឹមត្រូវត្រូវធ្វើសកម្មភាពអ្វី ខ្លះ? យុវជនដែលមិនមានការចេះដឹង ហើយនៅក្រៅអង្គការចាត់តាំងត្រូវចាប់បង្ខំឲ្យធ្វើអ្វីខ្លះ? ហេតុនេះហើយ ទើបក្នុងពេល និងក្រោយពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣ យើងឃើញយុវជនពីរក្រុមនេះធ្វើសកម្មភាព គ្រប់ក្រឡាទាំងអស់ ។ ជនពាលាអាវាសែ ញៀនថ្នាំជោគជាំ ត្រូវបានគេយកមកប្រើនៅក្នុងក្រឡាអុកនយោបាយ ព្រោះពួកនេះងាយនឹងធ្វើឲ្យផ្ទុះអំពើហិង្សា ។ រដ្ឋាភិបាលបង្ក្រាបឬ? បើដូច្នោះមែនរដ្ឋាភិបាលត្រូវតែទទួលរងនូវ ការចោទប្រកាន់ថា បំពានសិទ្ធសេរីភាព និងរំលោភសិទ្ធមនុស្ស ។ ករណីនេះបានកើតឡើងនៅស្ពាននាគក្បែរ ទីលានប្រជាធិបតេយ្យ និងផ្លូវវេងស្រេងដើមឆ្នាំ២០១៤ ។ ជាមួយគ្នានេះមេដឹកនាំគណបក្សប្រឆាំងបានដង្ហែរ បាតុកម្មបង្កឲ្យជ្រួលច្របល់ពេញរាជធានី ស្របពេលតំណាងរាស្ត្រជាប់ឆ្នោតរបស់ពួកគេក៏មិនចូលប្រជុំសភា បង្កើតឲ្យមានភាពអនាធិបតេយ្យពេញដងផ្លូវ ។ ពេលប្រឈមមុខជាមួយសមត្ថកិច្ចពួកមេដឹកនាំទាំងនេះបានរត់ ចូលទីសុវត្ថិភាពភ្លាម ដែលទីតាំងនោះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីខាងលិចវត្តភ្នំ ។ តាមខ្សែញាក់របស់ពួកបរទេស គណបក្សប្រឆាំងបានធ្វើគ្រប់សកម្មភាពទាំងអស់ ដើម្បីបង្កឲ្យមានចលាចល អំពើអនាធិបតេយ្យ ការចុះខ្សោយ អំណាចរដ្ឋ ដែលទាំងអស់នេះសុទ្ធតែជាធាតុផ្សំនៃការបង្កើតបដិវត្តន៍ពណ៌ ។

IMG_1121

បដិវត្តន៍ពណ៌អាចដុះលូតលាស់បាននៅលើទីតាំងដែលមានជីវជាតិ ហើយជីវជាតិនោះគ្មានអ្វីក្រៅពីភាព ច្របូកច្របល់របស់សង្គមជាតិនោះទេ ។ បដិវត្តន៍ពណ៌មិនអាចចាប់កំណើតបាននៅក្នុងប្រទេសមួយ ដែលប្រ កាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធមនុស្ស មានគោលការណ៍នីតិរដ្ឋរឹងមាំ មានរដ្ឋាភិបាល មួយដែលម៉ឺងម៉ាត់ដូចនៅកម្ពុជានាពេលបច្ចុប្បន្ននេះបានទេ ។ បដិវត្តន៍ពណ៌នៅគ្រប់ប្រទេសទាំងអស់វាអាចកើតឡើងបានពីក្នុងថ្លុក ឈាមរបស់ប្រជាជននៃប្រទេសនោះ ។ ពេលដែលវាលូតលាស់ពេញរូបរាងហើយ បដិវត្តន៍ពណ៌នោះត្រូវការ ឈាម ត្រូវការសាច់របស់មនុស្សដើម្បីចិញ្ចឹមវាទៀត ។ រឿងនេះកើតឡើងជាក់ស្តែងហើយនៅមជ្ឈឹមបូព៌ា និង ប្រទេសមួយចំនួនទៀតក្នុងពិភពលោក ។ ប៉ុន្តែឈាម និងសាច់របស់ប្រជាជនកម្ពុជាទុកសម្រាប់ធ្វើពលិកម្ម ដើម្បី បុព្វហេតុដ៏រុងរឿងរបស់មាតុភូមិកម្ពុជា ។ ឈាម និងសាច់របស់ប្រជាជនកម្ពុជាទុកចែករំលែកក្នុងសម្ព័ន្ធមេត្រី ភាពនៃសេចក្តីស្រឡាញ់ នៃសេចក្តីស្នេហាដើម្បីសុភមង្គល នៃពូជពង្សវង្សត្រកូលរបស់យើង ដើម្បីបង្កើតបាន មនុស្សជំនាន់ក្រោយទៀតដែលជាក្តីសង្ឃឹមសម្រាប់អនាគតរបស់យើងទាំងអស់គ្នា ។ ឈាម និងសាច់របស់ប្រ ជាជនកម្ពុជាមិនមែនទុកសម្រាប់បូជាឲ្យការចាប់ពន្លកនៃបដិវត្តន៍ពណ៌នៅកម្ពុជាទេ ផ្ទុយទៅវិញគឺទុកស្រោច កម្ទេចចោលបដិវត្តន៍ពណ៌ទោះជាវាលិចឡើងក្នុងទ្រង់ទ្រាយណាក៏ដោយ មិនឲ្យវាចាប់កំណើតនៅកម្ពុជាបាន ឡើយ។

ចំពោះគណបក្សប្រឆាំងវិញគេមិនខ្លាចនឹងបូជាអ្វីគ្រប់យ៉ាង រាប់ទាំងការឱនក្បាលយ៉ាងថោកទាបបម្រើ ផលប្រយោជន៍បរទេសដើម្បីបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជានោះទេ ។ ឈាម និងសាច់របស់គេទុកបូជាជូនបដិវត្តន៍ពណ៌ហើយ ។ ឈាម និងសាច់ របស់គេទុកទូទាត់លាត់សើយគ្នាក្នុងកាមារម្មណ៍ជាមួយម្ចាស់បដិវត្តន៍ពណ៌របស់គេទៅចុះ ហើយចេះតែដេក ស្រមើស្រមៃទៅថា ថ្ងៃណាមួយនឹងទទួលបានថ្នូរមកវិញជាមិនខាន ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយដាច់ខាតកុំចង់ សាកល្បងប្រថុយ ប្រថានជាមួយការតាំងចិត្តដ៏មុតមាំរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាឲ្យសោះ ។ កម្ពុជាមិនមែនជាទឹកដី និងជាថ្នាលដ៏មានជីវជាតិសម្រាប់ការផ្តល់កំណើតដល់បដិវត្តន៍ពណ៌ទេ ៕

IMG_1122