«បើទោះបីជាខួចនេះមិនធំប៉ុន្មាន ប៉ុន្តែវាជារបស់ពីដូនតាខ្មែរ មិនមែនជារបស់ឯកជន ទើបខ្ញុំចង់យកវាមកឱ្យអ្នកមានសមត្ថកិច្ចរក្សាទុក បើយើងយកវាទៅលក់ វាមិនដឹងដល់ទៅណាទៅណីទេ តែបើយើងរក្សាវាទុក វានឹងបានឃើញត្រឹមនេះផង និងតដល់កូនចៅខ្មែរជំនាន់ក្រោយផងបានស្គាល់!» បងប្រុស កង ល័រ បានលើកឡើងដូច្នេះ ខណៈប្រគល់ខួចបៃតងជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

716x266_APSARA_2017-08-24_01

បងប្រុស ល័រ បានបញ្ជាក់ថា ខួចនេះរើសបានប្រហែលជា៣ខែហើយ ពេលជីកបង្គោលធ្វើទ្រុងចិញ្ចឹមទាកាប៉ា ដែលស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ពេលរើសបានដំបូងមិនដឹងថាជាវត្ថុបុរាណឬមានតម្លៃអត់ទេ ក៏មិនដឹងប្រវត្តិអីដែរ ហើយចេះតែរក្សាទុកទៅ ព្រោះមិនដឹងថាយកទៅឱ្យអ្នកណា។ លុះពេលថ្មីៗនេះដឹងថា អាជ្ញាធរជាតិអប្សរាមានសមត្ថកិច្ចទទួលរក្សាទុក និងមានជំនាញទាំងជួសជុល អភិរក្ស ក៏ដូចជាដឹងពីប្រវត្តិនៃខួចនេះផង បងប្រុសក៏សម្រេចប្រគល់ជូនដើម្បីរួមចំណែកក្នុងការថែរក្សាវត្ថុដូនតារួមគ្នា។ បងប្រុសក៏សំណូមពរឱ្យប្រជាជនដទៃទៀតដែលរើសឬជីកបានរបស់បុរាណ គួរយកមកឱ្យអ្នកមានសមត្ថកិច្ចមើលការខុសត្រូវ ដើម្បីទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយបានសិក្សានិងស្គាល់ពីរូបរាង រួមទាំងប្រវត្តិសិល្បៈនៃវត្ថុទាំងនោះជាជាងការលក់ដូរឱ្យឈ្មួញឬបំផ្លិចបំផ្លាញចោល។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានសម្តែងនូវការអរគុណចំពោះបងប្រុស កង ល័រ ដែលមានចិត្តស្រឡាញ់សម្បត្តិវប្បធម៌ជាតិ និងផ្តល់ការទុកចិត្តចំពោះអាជ្ញាធរជាតិអប្សរាឱ្យរក្សាទុក ធ្វើការជួសជុល និងអភិរក្សទុកជាមរតកវប្បធម៌ជាតិ។ នេះជាខួចបៃតង (Green Glazed) ដែលផលិតនៅសម័យអង្គរស.វទី៩ដល់ទី១០។ តាមរយៈខួចនេះដែរ គឺមានស្រទាប់រលោងស្អាត ដែលអាចដឹងថាភាគច្រើនគឺផលិតនៅឡអន្លង់ធំ និងឡឫស្សី។ គេប្រើវាសម្រាប់ដាក់វត្ថុរាវដូចជាថ្នាំឬទឹកឃ្មុំជាដើម។ លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា ខួចនិងវត្ថុផ្សេងៗប្រភេទពណ៌បៃតងនេះ គេឈប់ឃើញមានផលិតបន្តទៀត ដោយជំនួសនូវការផលិតកុលាលភាជន៍ពណ៌ត្នោតវិញម្តងចាប់ពីស.វទី១១ដល់ស.វទី១៣នៃគ.ស៕

APSARA_2017-08-24_02

APSARA_2017-08-24_03