ព្រះរាជាណាចក្រកម្ពុជាជារដ្ឋអធិបតេយ្យមានឯករាជ្យ បូរណភាពទឹកដីយ៉ាងពេញលេញ ។ កម្ពុជាមិន មែនជារដ្ឋឯកោទេ ប៉ុន្តែជារដ្ឋមួយដែលមានឋានៈស្មើសិទ្ធស្មើភាពជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភព លោក ។ ប្រទេសយើងមានមិត្តភក្តិនៅគ្រប់ទិសទី យើងមានការគាំទ្រដ៏ទូលំទូលាយ យើងបានទទួលការជួយ ឧបត្ថម្ភ ការទំនុកបំរុង និងការរួមវិភាគទានយ៉ាងថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តពីដៃគូបរទេស និងអង្គការនានាដែល ជាការរួមចំណែកដ៏សំខាន់ ដើម្បីសន្តិភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ។ នៅក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេស កម្ពុជាក៏បានចូលរួមក្នុងការអភិវឌ្ឍប្រទេសយើងផងដែរ ។ បច្ចុប្បន្ននេះនៅកម្ពុជាមានសមាគម និងអង្គការមិន មែនរដ្ឋាភិបាលចំនួន ៥.១០០ ក្នុងនោះមានសមាគមចំនួន ២.០៥១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.០៤៩ (មកពីក្រៅប្រទេសចំនួន ៤៧៧) ។ ប៉ុន្តែក៏ជារឿងមួយដែលគួរឲ្យសោកស្តាយ ព្រោះមានសមាគម និង អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានឆ្លៀតប្រើប្រាស់ដំណើរការនៃការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធសេរីភាព ដើម្បីអនុវត្តឧបាយកលទុច្ចរឹតជួយជ្រោមជ្រែងគណបក្សប្រឆាំងឲ្យបង្កើតឡើងនូវបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជ រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាទៅវិញ។

នៅក្នុងសប្តាហ៍នេះមានលេចធ្លាយចេញឯកសារមួយចំនួនរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute = IRI) និងមូនិធិជាតិដើម្បីប្រជាធិប តេយ្យ (National Endowment for Democracy = NED) ដែលបានជួបប្រជុំជាសម្ងាត់ជាមួយមេដឹកនាំគណ បក្សប្រឆាំងរៀបចំជាសេណារីយោក្នុងការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្សី និងគណបក្សសិទ្ធមនុស្សរបស់ លោក កឹម សុខា បង្កើតចេញជាគណបក្សសង្គ្រោះជាតិ ។ វិទ្យាស្ថានទាំងនេះក៏បានជួយតាក់តែងគោលនយោ បាយ និងរៀបចំជាយុទ្ធសាស្ត្រ យុទ្ធវិធី ប្រទាក់ក្រឡាគ្នាឲ្យគណបក្សសង្គ្រោះជាតិធ្វើសកម្មភាពទាំងមុនពេល ក្នុង ពេល និងក្រោយពេលបោះឆ្នោតដែលជាសកម្មភាពរំលោភបំពានច្បាប់ទាំងអស់ ។ ដូច្នេះទាំងសម រង្សី និងកឹម សុខា និយាយរួមគឺគណបក្សសង្គ្រោះជាតិទាំងមូល គឺជាកូនជឹងរបស់បរទេស ហើយបើនិយាយឲ្យចំ គឺរបស់អាមេ រិកតែម្តង ។ ពួកនេះធ្វើនយោបាយបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង ដើម្បីបម្រើឲ្យផលប្រយោជន៍បរទេសសុទ្ធ សាធ ។ នៅមានសមាគម និងអង្គការមួយចំនួន ទៀតដែលមានជនជាតិខ្មែរជាអ្នកដឹកនាំ ប៉ុន្តែមានជនបរទេស និងអង្គការអន្តរជាតិឈរចាំញាក់ខ្សែពីក្រោយ ។ ជំហរពួកនេះមិនខុសពីគណបក្សប្រឆាំងទេ ។ ទោះបីគេមាន ឈ្មោះជាសមាគម ឬជាអង្គការ ប៉ុន្តែគេដើរលើខ្សែស្របជាមួយបក្សប្រឆាំង ។ ជាក់ស្តែងបន្ទប់ស្ថានការណ៍ ដែល ពួកនេះតែងតែបង្កើតឡើងរាល់ក្នុងអំឡុងពេលបោះឆ្នោតម្តងៗមានគោលដៅច្បាស់លាស់ នោះគឺជាការរួមកម្លាំង ជាការកៀងគរសម្លេងនៃបណ្តាសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ឲ្យនិយាយ ឬធ្វើសកម្មភាពបំពុលបរិយាកាសនៃការបោះឆ្នោត ។ ជាក់ស្តែងនៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧កន្លងទៅ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជ្រកនៅក្នុងបន្ទប់ស្ថានការនេះបានបង្ហាញជំហរអវិជ្ជមានខ្លាំងណាស់ជាមួយ នឹងសភាពការណ៍ពិត ហើយពួកគេទទួលបានការប្រកាសគាំទ្រភ្លាមៗពីគណបក្សប្រឆាំង ។ តើនេះជារឿងចៃដន្យ ឬ? មិនមែនចៃដន្យទេ ទាំងគណបក្សសង្គ្រោះជាតិ ទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះធ្វើ សកម្មភាពស្រុះគ្នា ស្របគ្នា ស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា រស់រវើកណាស់ ។ ជំហានដើររបស់ពួកនេះបានធ្វើនៅ លើកំណាត់ផ្លូវដែលមានការគូសវាសច្បាស់លាស់ ។ គ្រាន់តែថា តួនាទី និងរបៀបរបបធ្វើការងារផ្សេងគ្នា ដោយ មួយជាគណបក្សនយោបាយមួយជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតែប៉ុណ្ណោះ ប៉ុន្តែគោលដៅចុង ក្រោយរបស់គេតែមួយគត់ គឺបង្កើតឲ្យមានបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន កម្ពុជា ។ គណបក្សប្រឆាំង និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលមួយចំនួននោះត្រូវបានគេប្រើប្រាស់ធ្វើជា មធ្យោបាយ ប៉ុន្តែម្ចាស់គោលដៅពិតប្រាកដ គឺពួកបរទេស ។ ជាក់ស្តែងវិទ្យាស្ថានចំនួនបីរបស់អាមេរិកបាននឹង កំពុងចាត់ចែងការងារនេះ ហើយឯកសារសម្ងាត់ក៏បានធ្លាយចេញមកហើយ ។
សូមអ្នកចងចាំឲ្យច្បាស់ថា គណបក្សប្រជាជនកម្ពុជាបានសង្គ្រោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជ សាសន៍ដែលគិតមកដល់ពេលនេះមានរយៈពេលជិត៣៩ឆ្នាំហើយ ។

គណបក្សបានដឹកនាំប្រទេសឲ្យមានសុខ សន្តិភាព មានការអភិវឌ្ឍច្រើនណាស់មកហើយ ។ រាជរដ្ឋាភិបាលកម្ពុជាចង់ធ្វើសហប្រតិបត្តិការជាមួយបណ្តា ប្រទេសទាំងអស់នៅលើពិភពលោក ចង់រួមកិច្ចសហការជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ធ្វើជាដៃគូអភិវឌ្ឍដ៏ស្មោះត្រង់បំផុត ។ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាមិនទទួលយកដាច់ខាត រាល់ការជ្រៀតជ្រែក ការបង្គាប់បញ្ជា ការចាប់បង្ខំណាមួយ ដែលមានលក្ខណៈជាការលក់អធិបតេយ្យជាតិ ឬការធ្វើ ឲ្យបាត់បង់ឯករាជ្យជាតិដូចដែលគណបក្សប្រឆាំង សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបាននឹង កំពុងឱនក្បាលតត្រុកទទួលយកមកអនុវត្តនាពេលនេះឡើយ ។ ជាមួយគ្នានេះយើងក៏មិនអនុញ្ញាតឲ្យបរទេស ឬ សមាគម និងអង្គការមិនមែនអង្គការរដ្ឋាភិបាលណាមួយប្រើប្រាស់រាល់ឧបាយកលទុច្ចរឹត ដើម្បីផ្តួលរំលំរាជរដ្ឋាភិ បាល និងគណបក្សប្រជាជនកម្ពុជាបានឡើយ ទោះជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ ។ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ច្បាស់លាស់ហើយអំពីជំហរនេះ ។

ដោយសារតែចង់បានភាពសុខដុមរមនាក្នុងសង្គមជាតិ ចង់បានកិច្ចសហការគ្នាល្អក្នុងការអភិវឌ្ឍជាតិ និង ចង់ឲ្យមានការកំណត់ច្បាស់លាស់មួយអំពីរបៀបរបបធ្វើការងារប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់ ជាមួយគ្នា ទើបរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ប៉ុន្តែគួរឲ្យ សោកស្តាយណាស់ គឺប្រហែលដោយសារតែច្បាប់នេះធ្វើឲ្យរាំងស្ទះទៅដល់ឧបាយកលទុច្ចរឹតនោះហើយ ទើប មានរដ្ឋាភិបាលបរទេសខ្លះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលខ្លះបែរជាបញ្ចេញទស្សនៈប្រឆាំងរហូតមាន ដង្ហែរបាតុកម្មតាមដងផ្លូវដើម្បីរារាំងតវ៉ាមិនឲ្យបង្កើតច្បាប់នេះទៅវិញ ។ ដោយចេតនាស្មោះត្រង់ច្បាប់ស្តីពីសមា គម និងអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានផ្តល់នូវ សារៈប្រយោជន៍ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ។ នៅក្នុងមាត្រា១ ជំពូកទី១ នៃច្បាប់នេះបានចែងថា៖ «ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយ អាជ្ញាធរ សាធារណៈ» ។ នៅក្នុងមាត្រា២៤ ជំពូកទី៥ បានចែងថា៖ «អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គ ការមិនមែន រដ្ឋាភិបាលបរទេស ឬសមាគមបរទេសត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយ នៅព្រះរាជាណាចក្រកម្ពុជា» ។ នៅក្នុងជំពូកទី៧ ដែលចែងអំពីវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិក៏បានចែង អំពីទោសទណ្ឌចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកក៏ដូចជាសមាគម ឬអង្គការមិនមែនរដ្ឋា ភិបាលបរទេស ដែលធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្ករនូវភាព អន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អរបស់សង្គមជាតិកម្ពុជា គឺក្រសួង មហាផ្ទៃត្រូវតែសម្រេច លុបឈ្មោះចេញពីបញ្ជីតែម្តង ។

ចំពោះសកម្មភាពរបស់វិទ្យាស្ថានទាំងបីខាងលើ ក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយ ចំនួនដែលបានអនុវត្តទាំងបំពានទៅលើច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយសកម្មភាពខ្លះ មានចរឹតជាការរំលោភទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ តើគួរល្មមដល់ពេលត្រូវចាត់ការតាមច្បាប់ ហើយឬនៅ? សូមកុំចោទថា កម្ពុជាជាប្រទេសផ្តាច់ការ ប៉ុន្តែត្រូវតែទទួលស្គាល់ថា កម្ពុជាគឺជាឋានសួគ៌លោកីយ នៃសិទ្ធសេរីភាព ព្រោះប្រទេសដ៏តូចមួយនេះមានប្រជាជនត្រឹមតែជាង ១៥លាននាក់ ប៉ុន្តែមានសមាគម និងអង្គ ការមិនមែនរដ្ឋាភិបាលជាង ៥ពាន់ មានអង្គការសហជីព ៣.៨៣៧ មានប្រព័ន្ធផ្សព្វផ្សាយទាំងជាតិ ទាំងអន្តរជាតិ រាប់រយ ។ ប៉ុន្តែកម្ពុជាមានសិទ្ធគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ ៕

ដោយៈ លី ទួង

20915632_1383199151792890_4533479039555138612_n