ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាផលិតករភាពយន្តដ៏ល្បីល្បាញមួយក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត។ ផលិតកររូបនេះ មានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្ត វីដេអូ ចម្រៀងកាយវិការ កំណាព្យ ប្រលោមលោកជាដើម។

ថ្ងៃនេះ Sabay សូមណែនាំនូវស្នាដៃនិពន្ធ និងដឹកនាំរឿងរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ចំនួន៥ រឿង ដែលធ្វើឲ្យកក្រើកវិស័យភាពយន្តខ្មែរតាំងពីសម័យមុន រហូតដល់បច្ចុប្បន្ន។

a13_large

១. បិទភ្នែកហែកទ្រូង៖ រឿងនេះជាស្នាដៃផលិត និងដឹកនាំដំបូងរបស់ឯកឧត្តម នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧៣។ ស្នាដៃដំបូងនេះស្ថិតនៅក្នុងផលិតកម្ម បូព៌ាភាពយន្ត សម្តែងដោយលោក គង់ សំអឿន និងអ្នកស្រី គឹម ណូវ៉ា ហើយឯកឧត្តមក៏បានចូលរួមសម្តែងក្នុងរឿងនោះដែរ។

២. ចិត្តចងចាំ៖ ស្នាដៃដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ថ្នាក់បញ្ចាំងរយៈពេល១ខែពេញនេះ ផលិតឡើងនៅអំឡុងឆ្នាំ១៩៨៨-១៩៨៩។ «ចិត្តចងចាំ» សម្តែងដោយលោក ខៃ ប្រសិទ្ធ និង អ៊ុំ កណ្ណារី គឺជាខ្សែភាពយន្តរបស់នាយកដ្ឋានភាពយន្ត។

៣. ឆ្អឹងអណ្តែត៖ ផលិតនៅអំឡុងឆ្នាំ ១៩៩០-១៩៩១ របស់នាយកដ្ឋានភាពយន្ត រឿងនេះក៏ទទួលការគាំទ្រពីអ្នកទស្សនាជំនាន់នោះយ៉ាងខ្លាំង។ ស្នាដៃរបស់អ្នកនិពន្ធ និងដឹកនាំរឿងមកពីខេត្តកំពង់ចាមរូបនេះ សម្តែងដោយតារាល្បីៗ ដូចជាលោក ទេព រិនដារ៉ូ អ៊ុំ កណ្ណារី អម្ពរ ទេវី ជា ណូបូ។

Poster-2_large

៤. នេសាទក្រពើ៖ រឿងរបស់ផលិតកម្ម ហង្សមាសនេះ ទទួលបានភាពល្បីល្បាញ អំឡុងឆ្នាំ២០០៣-២០០៤ ចូលរួមសម្តែងដោយតារាល្បីៗជាច្រើន ដូចជាលោក ព្រាប សុវត្ថិ ស៊ឹម សូលីកា ញ៉ែម សុគន្ធ នាយព្រែក។ រឿងនេះមិនត្រឹមតែទទួលបានការគាំទ្រកាលពីជាង១០ឆ្នាំមុននោះទេ រៀងរាល់ឆ្នាំពេលដាក់បញ្ចាំងឡើងវិញម្តងៗ ក៏នៅតែមានអ្នកទៅទស្សនា។ ភាពយន្តនេះទទួលបានពានមាស ជាប់ចំណាត់ថ្នាក់លេខ១ក្នុងមហោស្រពវីដេអូជាតិលើកទី២ ឆ្នាំ២០០៥។

crocodile_large

៥. ហ្លួងព្រះស្តេចកន៖ ភាពយន្តបែបប្រវត្តិសាស្ត្រប្រចាំឆ្នាំ២០១៧នេះ ចំណាយពេលស្រាវជ្រាវ និងផលិតដល់ទៅ២ឆ្នាំ និងថវិកា១លានដុល្លារ ដោយទូរទស្សន៍ PNN ដែលចូលរួមសម្តែងដោយលោកទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ។ ស្នាដៃបែបប្រវត្តិសាស្ត្រ និងជាការប៉ងដឹកនាំរបស់ឯកឧត្តមជាង ១០ឆ្នាំមកនេះ ថ្វីត្បិតតែទើបដាក់បញ្ចាំងបានប៉ុន្មានថ្ងៃ តែមានអ្នកទស្សនាភ្លូកទឹកភ្លូក៕

អត្តបទ ៖ Sabay