ខេត្តរតនគិរី ៖ ជាខេត្តដែលសំបូរទៅដោយ ព្រៃភ្នំ ជ្រោះជ្រង ជ្រលងដងអូរ មានជនជាតិដើមភាគតិចរស់នៅ៨ជនជាតិ។ ពួកគេរស់នៅអាស្រ័យលើមុខរបរ ធ្វើចំការដាំស្រូវ និងដាំបន្លែបង្កា បរបាញ់សត្វនឹងស្នា ដាក់អន្ទាក់សត្វ សំរាប់ទ្រទ្រង់ជីវិតតែប៉ុណ្ណោះ។ ចំណែកចំការរបស់ពួកគាត់ គឺជាចំកាវិលជុំ ដោយក្រោយពីកាប់ទុកចោលឲ្យស្ងួត រួចដុត ហើយគាត់ដាំ ក្រោយពីពួកគាត់ដាំអាស្រ័យផលលើដីនោះបានរយៈពេល ៣ឆ្នាំ ពួកគាត់ត្រូវប្ដូទៅកាប់ព្រៃ ធ្វើចំការថ្មីនៅកន្លែងផ្សេងទៀត ហើយចំការចាស់នេះ ត្រូវបោះបង់ចោល ពួកគេធ្វើរបៀបនេះរហូតតកូន តចៅរៀងមក។

មកដល់សម័យបច្ចុប្បន្ន បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី នៅតែរក្សាទំនៀមទំលាប់ប្រកបរបរកសិកម្មដាំស្រូវតាមចំការដដែល បើទោះបីបច្ចុប្បន្ននេះ ប្រទេសជាតិមានការរីកចំរើន ហើយឧបករណ៍សំភារៈកសិកម្មមានភាពទំនើបយ៉ាងណាក៏ដោយ ក៏ប្រពៃណីជនជាតិដើមភាគតិចមួយនេះ នៅតែមានវត្តមាន នៅតាមសហគមន៍ជនជាតិដើមភាគតិចនៅឡើយ។ ប្រពៃណីដាំស្រូវនេះ គឺមានតាំងពីបុរាណកាល ពីដូនតាពួកគាត់មកម្លេះ នេះបើតាមការអោយដឹងពីអ៊ុំស្រីម្នាក់ជាជនជាតិដើមភាគតិចគ្រឹង នៅភូមិគងអំពិល ឃុំល្អក់ ស្រុកអូរជុំ គ្រាដែលអ៊ុំស្រី និងក្រុមគ្រួសារកំពុងមមាញឹកដាំស្រូវនៅក្នុងចំការរបស់គាត់។

អ៊ុំស្រីបានរៀបរាប់ថាៈ ស្រូវចំការគឺចាប់ផ្តើមដាំពាក់កណ្តាលខែមិថុនា ហើយប្រមូលផលនៅក្នុងខែវិច្ឆិការ ។ ស្រូវចំការនេះ ជនជាតិដើមភាគតិចឲ្យឈ្មោះថា ស្រូវកាវ៉ែត ជាប្រភេទពូជស្រូវ ដាំបានតែក្នុងចំការតែប៉ុណ្ណោះ មិនអាចយកទៅធ្វើក្នុងស្រែបានទេ ។ ពួកគាត់បានបន្តថា ប្រពៃណីជនជាតិដើមភាគតិច មុនពេលដាំស្រូវ គឺត្រូវធ្វើការសែនព្រេនជាមុនសិន បន្ទាប់មកមុនពេលបូតស្រូវ គឺត្រូវសែនម្ដងទៀត ហើយនិងពេលប្រមូលស្រូវដាក់ជង្រុក ត្រូវធ្វើពិធីសែនព្រេនម្តងទៀត ចំពោះការសែនព្រេនចុងក្រោយនេះគឺគេធ្វើពិធីធំតែម្ដង ដោយមានការកាប់ មាន់ ជ្រូក ផឹកស្រាស និងស្រាពាង ព្រមទាំងកែនអ្នកក្នុងភូមិមកចូលរួមពិធីនេះម្នាក់ម្ដង ទៅតាមអ្នកមាន ឬ អ្នកខ្សត់ខ្សោយ។ ការសែនព្រេននេះ គឺក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្សអ្នកតា ប្រទានផលស្រូវអោយបានច្រើនជូនពួកគាត់ នៅឆ្នាំក្រោយៗទៀត។

បើទោះជា ប្រពៃណីទំនៀមទំលាប់ដាំស្រូវតាមចំការ របស់ជនជាតិដើមភាគតិចនៅតែបន្តដាំយ៉ាងណាក៏ដោយ បច្ចុប្បន្នត្រូវបានគេសង្កេតឃើញ ទំនៀមទំលាប់នេះ កំពង់កាត់បន្ថយ បន្តិចម្ដងៗ បន្ទាប់ពីពួកគាត់មួយចំនួន ដែលមានជីវភាពធូរធា បានងាកមកដាំដំណាំកសិឧស្សាហកម្មវិញម្ដង ដូចជាដំណាំស្វាយចន្ទី កៅស៊ូ ម្រេច ដែលធ្វើឲ្យពួកគាត់អាចទទួលផល និងថវិការ សំរម ហើយពួកគាត់បែរមកទិញអង្កពីទីផ្សារមកបរិភោគវិញ៕

15-06-2017p11