នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាអំពីសកម្មភាពសាងសង់សំណង់ ដីចាក់បំពេញខុសច្បាប់នានាដែលកើតមានក្នុងរមណីយដ្ឋានអង្គរនាពេលថ្មីៗនេះ និងវិធានការរុះរើនាពេលខាងមុខដ៏ខ្លី។
716x266_APSARA_2017-06-14_20
មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមអគ្គនាយកបានរំឭកឡើងវិញអំពីសកម្មភាពសាងសង់ខុសច្បាប់ និងរបាយការណ៍សំខាន់ៗដោយរួមទាំងទិន្ន័យដែលក្រុមការងារប្រមូលបានកន្លងមកទាក់ទិននឹងម្ចាស់សំណង់ទាំងនោះ។ ជាពិសេស ឯកឧត្តមបានបញ្ជាក់ថាក៏មានអ្នកឆ្លៀតឱកាសដើម្បីសាងសង់បើទោះបីជាអ្នកទាំងនោះភាគច្រើនពុំមែនជាអ្នកស្រុកអង្គរ និងពុំមានតម្រូវការសាងសង់ដើម្បីស្នាក់នៅនោះទេ។ ម្យ៉ាងទៀតសំណង់មួយចំនួនស្ថិតនៅកៀកនឹងប្រាសាទបន្ទាយក្តីតែប្រម៉ាណ៥០ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរដល់បេតិកភណ្ឌ។ដោយក្នុងហេតុផលនេះហើយ ទើបរាល់សំណង់ និងដីចាក់បំពេញខុសច្បាប់ទាំងនោះ ត្រូវតែមានវិធានការរុះរើជាចាំបាច់ ដើម្បីការពារឲ្យបាននូវបេតិកភណ្ឌដូនតាឲ្យបានយូរអង្វែង។

ឯកឧត្តម លី ឡាយ បានលើកឡើងថា រមណីយដ្ឋានអង្គរពិតជាអស្ចារ្យ និងល្បីល្បាញណាស់ ដែលសព្វថ្ងៃកម្ពុជាត្រូវអន្តរជាតិទទួលស្គាល់យ៉ាងច្បាស់ ដូច្នេះកិច្ចការពារត្រូវតែម៉ឺងម៉ាត់។ ឯកឧត្តមក៏បានឯកភាពតាមគោលការណ៍របស់អាជ្ញាធរអប្សរា ពោលគឺវិធានការរុះរើចាំបាច់ត្រូវតែធ្វើ ដើម្បីការពារបេតិកភណ្ឌ។ ឯកឧត្តមក៏បានជំរុញឲ្យមានការអនុវត្តការងារនេះដោយមានកិច្ចសហការពីគ្រប់ភាគីទាំងអស់ដោយរួមទាំងកម្លាំងនគរបាលខេត្ត នគរបាលការពារបេតិកភណ្ឌ ស្ថាប័នតុលាការ និងកម្លាំងសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា៕

APSARA_2017-06-14_21

APSARA_2017-06-14_22

APSARA_2017-06-14_24