រាជធានីភ្នំពេញ៖មានការលើកឡើងថា ក្រុមអ្នករត់ឯកសារ ទម្លាយពីភាព មិនក្រក្រតី មានលក្ខណៈជាប្រព័ន្ធ ក្នុងអង្គភាពគយ នៅកំពង់ផែស្វយ័តភ្នំពេញ ដែលគ្មានការកែទម្រង់ នោះឡើយ។

លោក ស៊ុន ឆាយ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ បានចាត់ចែងឲ្យកូនចៅ រកចំណូលតាមជំនាញបច្ចេកទេស ដែលភាសាសាមញ្ញ គេហៅថារកលុយក្រោមតុ បានរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ តាមរយះការបង្កើត ការិយាធិបតេយ្យ មានលក្ខណះប្រព័ន្ធ ជ្រកក្រោមជំនាញ ដើម្បីប្រមូលលុយពី ឯកសារប្រតិវេទន៍ លើទំនិញ វិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ។

ក្រុមអ្នករត់ការ ទំនិញវិនិយោគនាំចូល បានបង្ហើបថា រឿងអាស្រូវ បានកើតជាលក្ខណះប្រព័ន្ធ ក្នុងអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ ដោយយ៉ាងតិច មួយឯកសារ ក៏ត្រូវចំណាយ ចាប់ពី ៩០ដុល្លារ ទៅ ១០០ដុល្លារ ដែលនេះជាលុយខ្មៅ បានមកពីការ កោសរូសឲ្យ អ្នករត់ឯកសារបង់លុយ ពីសំណាក់មន្ត្រីគយ តាមភារកិច្ចជំនាញនិមួយៗ សម្រាប់ទំនិញ វិនិយោគនាំចូល ក្នុងនោះមួយឯកសារ ជាទម្លាប់លោក ស៊ុន ឆាយ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ បានបង្ខំអោយបង់លុយ ដូចតទៅ ៖

១-ត្រូវបង់លុយ អោយមន្ត្រីគយ ផ្នែកចុះលេខ ចំនួន ៥ដុល្លារ ២-ខាងគណនេយ្យ លោក ស្វាយ មរ៉ា ចំនួន ១០ដុល្លារ ៣-ក្រុមត្រួតពិនិត្យ របស់លោក សាយ សូផា មួយកុងតឺន័រ ១០ដុល្លារ ៤-ក្រុមគយ ចាំយកលុយ នៅកន្លែងគណនេយ្យ សម្រាប់រាប់ក្បាល កុងតឺន័រ ទំហំ ៤០ហ្វីត ចំនួន ៥០ដុល្លារ និងទំហំ ២០ហ្វីត ៤០ដុល្លារ ៥-បង់អោយ អនុប្រធាន ដូចជាលោក ប៊ុស ចំរើន លោក គឹម សាគល និងអ្នកស្រី ប៊ូ ផល្លី មួយឯកសារ ចំនួន ៥ដុល្លារ និង៦-បង់អោយលោក ស៊ុន ឆាយ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ នេះតែម្តង មួយឯកសារ ចំនួន ១០ដុល្លារ។

ក្រុមអ្នករត់ការបន្តថា ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លងកាត់គយ និងបង់លុយ ក្រោមតុបែបនេះ ក្នុងមួយថ្ងៃ មានចាប់ពី ៣០ទៅ៤០ ឯកសារ សួរថា ពួកគាត់កៀបជំរិត ពីក្រុមហ៊ុនវិនិយោគ បានប៉ុន្មានពាន់ដុល្លារ ក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារ ក្នុងមួយខែ ? ម្យ៉ាងទៀត ក្នុងមួយឯកសារ ចុះលេខម្តងៗ មិនមែនតិចកុងតឺន័រ ឡើយ គឺយ៉ាងតិចចាប់ពី ៥កុងតឺន័រ ទៅ ១០ឬ ១៥កុងតឺន័រ ហើយមួយកុងតឺន័រ បង់លុយក្រោមតុ ចាប់ពី ៤០ដុល្លារ ទៅ ៥០ដុល្លារ តើមួយថ្ងៃៗ ការងារពុករលួយ ជាលក្ខណះប្រព័ន្ធ បែបនេះ បានប៉ុន្មាន ម៉ឺនដុល្លារ។

គេសង្ស័យថា ប្រាក់នេះ មិនបង់ចូលរដ្ឋ ខណះជាទម្លាប់ ក្នុងរយះពេល ១សប្តាហ៍ ឬ ២សប្តាហ៍ ត្រូវគេទម្លាយមកថា លុយកេះខ្មៅនេះ ក៏ត្រូវបាន បែងចែកគ្នាម្តង តិចច្រើន ទៅតាមឋានៈតួនាទី។ បើទោះជា មានការលើកឡើង បែបនេះក៏ដោយ ប៉ុន្តែលោក ស៊ុន ឆាយ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ បានប្រាប់ កាសែតមួយថា ឯកសារបែបនេះ ពន្ធអាករ ជាបន្ទុករបស់រដ្ឋ មិនមានអ្នកណា ហ៊ានយកលុយទេ។ នេះបើតាមគេហទំព័រ ព័ត៌មាន ក្នុងស្រុក បានចេញផ្សាយ នៅថ្ងៃទី៤មេសាម្សិលមិញ។យ៉ាងណាក៏ដោយ សៀមរាបប៉ុស្ដិ៍ មិនទាន់អាច ទំនាក់ទំនង សុំការបំភ្លឺ ពីលោកស៊ុន ឆាយបាននៅឡើយទេ ដោយសារមិនមាន លេខទូរស័ព្ទ៕

srnews-post950