ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ថា លោក លឹម ចំណាន ត្រូវបានបន្ថយឋានន្តរស័ក្ដិ និងដកតួនាទីពីនាយរងការិយាល័យ មកជាមន្រ្តីនគរបាលធម្មតាវិញ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់បន្ថែមថា តាមសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច ដាក់វិន័យ លោក លឹម ចំណាន ៣ រូបភាព ទី១ ធ្វើការព្រមានជាផ្លូវការ និងហាមដាច់ខាតមិនឲ្យមានការប្រព្រឹត្តខុសឆ្គងនេះជាថ្មីម្ដងទៀត, ទី២ បន្ថយឋានន្តរស័កពីវរសេនីយ៍ទោ មកវរសេនីយ៍ត្រី និងទី៣ ដកឋានៈរបស់លោក លឹម ចំណាន ពីនាយរងការិយាល័យចរាចរណ៍ផ្លូវ មកជាមន្រ្តីនគរបាលធម្មតា ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់បន្តទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិមិនបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះទេ ប៉ុន្តែអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវតែអនុវត្តន៍ព្រោះថា គាត់ជាកងកម្លាំងនគរបាលហើយបានប្រព្រឹត្តខុស ទើបចាត់ចែងធ្វើការស្រាវជា្រវដោយមិនមានពាក្យបណ្ដឹង ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តទៀតថា កន្លងមកនេះសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន តែងតែក្រើនរឭក ណែនាំ គ្រប់ពេល គ្រប់ប្រជុំទាំងអស់ គោលការណ៍របស់គាត់មិនមានកាន់ជើងអ្នកណា និងមិនមានការយល់យោគ កូនអ្នកធំ អ្នកតូចនោះទេ ៕

6

7