ភ្នំពេញ៖ ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមាឃ (៣កើតខែមាឃ) អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគងតែងតែនាំគ្នាប្រារព្ធពិធីរកត្រីដើម្បីត្រៀមឡើងមាឃឬឡើងអ្នកតាតាមទំនៀមអ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំងបឹងដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទឡើយគឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិ ថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។

APSARA_2017-02-10_24

តាមការបញ្ជាក់ពីលោក ពេជ្រ ឃិន មេភូមិបង្កោងបានប្រាប់ថា ឱ្យតែដល់ថ្ងៃ១កើតខែមាឃគាត់តែងប្រកូកប្រកាសនិងកំណត់ពេលវេលាដល់អ្នកភូមិឱ្យនាំគ្នាទៅចាប់ត្រីនៅត្រពាំងបឹងដើម្បីយកទៅធ្វើទឹកនំបញ្ចុកនិងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃឬឡើងអ្នកតានៅថ្ងៃ៣កើតតាមទំនៀមបុរាណ តែឆ្នាំនេះយឺតពេលបន្តិចដោយសារសាលាឆទានមិនទាន់ធ្វើហើយ ឯទឹកត្រពាំងបឹងនេះក៏នៅច្រើន។

លោកមេភូមិបន្តទៀតថា ទិន្នផលត្រីឆ្នាំនេះមានតិចជាងឆ្នាំមុន តែប្រជាជននៅតែអាចរកបានហើយអ្នកដែលអាចចាប់ត្រីនៅត្រពាំងបឹងបាននៅថ្ងៃនេះក៏មានតែអ្នកភូមិបង្កោងដែរ។ ត្រពាំងបឹងត្រូវបានថែរក្សាការពារយ៉ាងល្អពីប្រជាការពារក្នុងភូមិមិនឱ្យមានអ្នកក្រៅមកនេសាទឡើយ ហើយហាមដាច់ខាតប្រើម៉ាស៊ីនឆក់និងអូសមោង។ ចំពោះការរកត្រីដើម្បីយកទៅធ្វើពិធីក៏អនុញ្ញាតឱ្យប្រជាជនប្រើតែឧបករណ៍បុរាណដូចគ្នា មានឈ្នាង អង្រុត សំណាញ់ជាដើម។ លោកនិងអ្នកភូមិបានប្រកាន់នូវទំនៀមនេះណាស់ ទោះបីពេលខ្លះយឺតយូរក្នុងការប្រារព្វ តែមិនដែលខកខានឆ្នាំណាឡើយ ហើយការធ្វើពិធីនេះក៏នាំមកនូវសេចក្តីសុខសប្បាយ ភាពរីករាយ ការជួបជុំគ្នា និងការរួមគ្នាថែរក្សាមរតកអរូបីមួយនេះឱ្យនៅមានជីវិតដល់បច្ចុប្បន្នទុកឱ្យកូនចៅដឹងព្រមទាំងបន្តធ្វើតាមពេលអត់ពីពួកគាត់ទៅ។

APSARA_2017-02-10_25

ពាក់ព័ន្ធនឹងកិច្ចពិធីនេះ លោក អ៊ឹម សុខរិទ្ធីអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាវាជាផ្នែកមួយនៃបេតិកភណ្ឌអរូបីទាក់ទងនឹងសង្គម គឺជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាសំខាន់ មិនផ្តោតខ្លាំងលើជំនឿ សិល្បៈ របាំជាកម្មសិទ្ធិឯកជនឬរបស់រដ្ឋនោះទេ។ វាបានបង្ហាញពីសាមគ្គីភាពនិងភាពរស់រវើករបស់សហគមន៍ជនបទដែលបាត់បង់ទៅហើយសម្រាប់អ្នកទីក្រុង។ ពិធីនេះនៅសម្បូរព្រៃគុក ខេត្តកំពង់ធំ និងស្រុកខេត្តដទៃក៏មានធ្វើប្រហាក់ប្រហែលគ្នាដែរ ដូចជាអ្នកខ្លះរកត្រី ខ្លះរកសម្ភារៈខ្លះរករបស់ផ្សេងៗ ដូច្នេះវាមិនចម្លែកអីឡើយសម្រាប់កិច្ចពិធីនេះនៅសហគមន៍ភូមិបង្កោងក្នុងតំបន់ឧទ្យានអង្គរ៕

APSARA_2017-02-10_26

APSARA_2017-02-10_27

APSARA_2017-02-10_28

APSARA_2017-02-10_29