ម៉ានីល៖ ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារ នៅសណ្ឋាគារ-កាស៊ីណូលំដាប់អន្តរជាតិមួយកន្លែងក្នុងរដ្ឋធានីម៉ានីល ដែលបានបណ្តាលឲ្យមនុស្សសរុប៣៧នាក់ រួមទាំងជនបង្កហេតុផងដែរនោះស្លាប់ និង៥៤នាក់ផ្សេងទៀតរបួស ខណៈប៉ូលិសហ្វីលីពីនបានហើយនៅតែបន្តអះអាងជាដដែលៗថាករណីនេះ មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅកាលពីយប់ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

នៅថ្ងៃសុក្រនេះ ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលទៅក្នុងសណ្ឋាគារ-កាស៊ីណូ Resorts World Manila ហើយបានធ្វើការបាញ់បោះយ៉ាងកម្រោលដោយកាំភ្លើងស្វ័យប្រវត្តិមួយដើមរបស់ខ្លួន ប៉ុន្តែពុំបានត្រូវចំមនុស្សណាម្នាក់ឡើយ ហើយជនរូបនេះក៏បានចាក់សាំងដុតសម្ភារៈកាស៊ីណូ បណ្តាលឲ្យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងបន្តទៅប្រមែប្រមូលយកកាក់កាស៊ីណូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចគេចខ្លួនបាត់ស្រមោលទៅក្នុងភាពវឹកវរ។ យ៉ាងណាមិញប៉ុន្មានម៉ោងក្រោយមក កម្លាំងប៉ូលិសក៏បានរកឃើញសាកសពមនុស្សយ៉ាងតិច៣៧នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ ហើយពួកគេភាគច្រើន ត្រូវជឿជាក់ថាបានបាត់បង់ជីវិត ដោយសារថប់ដង្ហើម ព្រោះតែផ្សែងអគ្គីភ័យក្នុងកាស៊ីណូ។

ជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីប៉ូលិសហ្វីលីពីនបានជឿជាក់ថា វាពុំមែនជាអំពើភេរវកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញក្រុម ISIS នៅក្នុងប្រទេសឡើយ និងបានអះអាងថា វាគឺជាករណីប្លន់ស្ទើរភ្លើងមួយ ដែលប្រព្រឹត្តដោយមនុស្សតែម្នាក់គត់ គ្មានបក្សពួកឡើយ។ ដោយឡែកនៅមុននេះបន្តិច ទីភ្នាក់ងារព័ត៌មានរបស់ក្រុម ISIS មានឈ្មោះថា Amaq បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារដ៏កក្រើកនេះ ក៏ប៉ុន្តែ ISIS មិនបានបញ្ចេញឈ្មោះឬមួយក៏រូបភាពនៃសមាជិកទាំងនោះ ដែលបានបង្កសកម្មភាពវាយប្រហារនៅទីក្រុងម៉ានីលនេះនោះទេ។

ជាការឆ្លើយតបមេប៉ូលិសជាតិហ្វីលីពីន បានចេញមុខលើកឡើងថា ពួក ISIS តែងតែអាចចេញមុខអះអាងថានេះថានោះ តាមតែចិត្តពួកគេចង់ ព្រោះពួកគេមានភាពល្បីល្បាញដោយសារតែការធ្វើដូច្នោះ នៅរាល់ពេលមានអំពើវាយប្រហារដ៏ខ្មៅងងឹតកើតឡើងជុំវិញពិភពលោក។ ក៏ប៉ុន្តែករណីនាថ្ងៃសុក្រនេះ ពុំមានភស្តុតាងឬធាតុពិតជាក់ស្តែងណាមួយ បញ្ជាក់ថាវាគឺជាសកម្មភាពភេរវកម្មឡើយ។

គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះកងទ័ពហ្វីលីពីនបាន និងកំពុងតែធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លា ដើម្បីកម្ចាត់ក្រុមឧទ្ទាមគាំទ្រ ISIS នៅក្នុងទីក្រុង Marawi នៃកោះ Mindanao ដែលសង្រ្គាមដ៏កក្រើកនេះ បានបណ្តាលឲ្យទាំងពលទាហាន ជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធសរុបរាប់រយនាក់ស្លាប់៕

2017-06-03_09.10.26

2017-06-03_09.10.41