ក្រសួងសន្តិសុខសាធារណៈវៀតំណាមបានបញ្ជូនមន្ត្រីរបស់ខ្លួនជាច្រើននាក់ទៅកាន់មន្ទីរពេទ្យពិនិត្យជំងឺទូទៅខេត្ត Hoa Binh Hospital ភាគខាងជើង ប្រទេសវៀតណាម មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ភាគនិរតី ទីក្រុងហាណូយ ដើម្បីស៊ើបអង្កេតករណីឧក្រិដ្ឋកម្ម បន្ទាប់ពីធ្វើឲ្យស្លាប់អ្នកជំងឺ ៧នាក់ក្នុងចំណោម ១៨ ដោយសារការលាងសម្អាតតម្រងនោមកាលពីថ្ងៃច័ន្ទកន្លងទៅ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃច័ន្ទទី ២៩ ឧសភា អ្នកជំងឺចំនួន ១៨នាក់ បានទទួលការព្យាបាលបញ្ហាខ្សោយតម្រងនោមនៅ មន្ទីរពេទ្យរដ្ឋខាងលើ ប៉ុន្តែរយៈពេល ៤៥នាទីបន្ទាប់ពីលាងសម្អាតរួច អ្នកជំងឺមានអាការៈក្អួតចង្អោរ ឈឺពោះ និងថប់ដង្ហើម។ បើទោះបីជាទទួលបានជំនួយបន្ថែមពីពេទ្យបង្អែកក្រុងហាណូយក្ដី ប៉ុន្តែវាយឺតពេលព្រោះអ្នកជំងឺ ៧នាក់ បានបាត់បង់ជីវិតទៅហើយ។ ចំណែកជនរងគ្រោះដទៃទៀត កំពុងត្រូវគេជួយសង្គ្រោះបន្ទាន់។

ខាងមន្ទីរពេទ្យបានសុំទោស និងបិទផ្នែកជំងឺតម្រង់នោមជាបណ្ដោះអាសន្ន។ អ្នកជំងឺជាង ១០០នាក់ ដែលបានទទួលការព្យាបាលស្រដៀងនេះនៅមន្ទីរពេទ្យដដែល នឹងត្រូវគេបញ្ជូនទៅកាន់ទីក្រុងហាណូយ ដើម្បីបន្តការព្យាបាល។

លោក Truong Quy Duong ប្រធានមន្ទីរពេទ្យបានចេញមុខសុំទោសគ្រួសារអ្នកជំងឺ និងសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។ ចំពោះសំណងគ្រួសារអ្នកស្លាប់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥លានដុង ឬ ៦៦០ដុល្លារអាមេរិក៕

2-9

3-181

4-142