នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រាសាទអង្គរវត្ត ដែលគេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។

716x266_APSARA_2017-05-29_01
មោទនភាពនេះ យើងពិតជាមិនអាចបំភ្លេចបានចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍលើគ្រប់វិស័យពេញផ្ទៃប្រទេស។ ស្រប តាមគោលនយោបាលឈ្នះ-ឈ្នះ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ព្រះរាជាណាចក្រកម្ពុជាបានផ្សារភ្ជាប់បណ្តាញគមនាគមន៍ផ្ទៃក្នុងបានយ៉ាងប្រសើរ ដែលចំណុចនេះបានជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យធ្វើដំណើរបានគ្រប់ទីកន្លែងដោយគ្មានការព្រួយបារម្ភឡើយ។ បន្ថែមលើនេះ អ្នកវិនិយោគទុនបរទេសជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ដែលធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន។

ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលចូលរួមលើកតម្លៃបេតិកភណ្ឌពិភពលោកឱ្យមានការទទួលស្គាល់ជាសកល អាជ្ញាធរជាតិអប្សរា ក៏បានគិតគូរយ៉ាងខ្លាំងចំពោះការងារអភិរក្ស ការអភិវឌ្ឍទេសចរ សហគមន៍មនុស្ស និងការថែរក្សាបរិស្ថាន ព្រោះកត្តាទាំងនេះជាសមាសធាតុយ៉ាងសំខាន់ក្នុងការលើកតម្លៃអង្គរ ដោយប្រកាន់ខ្ជាប់តាមពាក្យស្លោក អភិវឌ្ឍន៍ដើម្បីអភិរក្ស អភិរក្សដើម្បីអភិវឌ្ឍន៍។ អាជ្ញាធរជាតិអប្សរា ក៏សូមចូលរួមអបអរសាទរនិងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឱ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ។

គួររំឭកផងដែរថា នេះគឺជាឆ្នាំទី៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម៕

APSARA_2017-05-29_05

APSARA_2017-05-29_06

APSARA_2017-05-29_08

APSARA_2017-05-29_10

APSARA_2017-05-29_12

APSARA_2017-05-29_13

APSARA_2017-05-29_14