នៅលើរានហាលនៃព្រះលានជល់ដំរីផ្នែកខាងជើង ក្បែរចម្លាក់ស្តេចគម្លង់ ដែលអ្នកស្រុកទម្លាប់ហៅថា កន្លែងដំរីក្បាល៣សេះក្បាល៥ មានចម្លាក់ផ្កាឈូកក្រពុំដ៏ធំ ដែលត្រូវបានកសាងឡើងក្នុងសម័យក្រោយបាយ័ន។ចម្លាក់ផ្កាឈូកនេះមានកម្ពស់១ម៉ែត្រកន្លះ និងអង្កត់ផ្ទិត៣ម៉ែត្រកន្លះ ផ្គុំឡើងពីដុំថ្មភក់តូចធំចំនួន៦៩ដុំ និងទ្រដោយទម្រថ្មបាយក្រៀម។

នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៥ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ទឹកហូរច្រោះគ្រឹះ ធ្វើឲ្យចម្លាក់ផ្កាឈូកនេះ បានរបេះធ្លាក់ថ្មដែលជាត្របកផ្កាឈូកអស់មួយចំនួននៅជ្រុងនិរតី។ ជាការបន្ទាន់ ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានរៀបចំទល់ទ្របណ្តោះអាសន្នបង្ការការធ្លាក់របេះបន្ថែម ព្រមទាំងរៀបចំផែនការដើម្បីជួសជុលឡើងវិញ។

ចាប់ពីពាក់កណ្តាលឆ្នាំ២០១៦មក ក្រុមការងារអភិរក្សបានចាប់ផ្តើមជួសជុលចម្លាក់ផ្កាឈូកនេះ ហើយតាមគម្រោងការងារជួសជុលនេះនឹងបញ្ចប់នៅរវាងខែសីហា ឆ្នាំ២០១៧ខាងមុខ។ ក្រោយការជួសជុលរៀបចំឡើងវិញហើយ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍នឹងបានឃើញនូវផ្កាឈូកដ៏ធំនេះឡើងវិញ។

លោក ម៉ៅ សុខនី ស្ថាបត្យករ ដែលដឹកនាំការងារជួសជុលនេះ បញ្ជាក់ថា នៅឆ្នាំ១៩៩៥ សាលាបារាំងចុងបូព៌ាធ្លាប់បានជួសជុលចម្លាក់ផ្កាឈូកនេះម្តងរួចមកហើយ។ ដោយឡែក ការជួសជុលនៅពេលនេះ ថ្វីត្បិតតែអ្នកជំនាញផ្ទាល់ជាអ្នកកាន់ការងារជួសជុល តែក៏មានការត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរផងដែរ។

ចំពោះបច្ចេកទេសនៃការជួសជុល លោក សុខនី រៀបរាប់ថា “យើងបានរៀបចំបាតគ្រឹះឡើងវិញ ជួសជុលត្របកផ្កាឈូកដែលធ្លាក់បាក់ ប្រើបច្ចេកទេសដែកទាមដូចសម័យបុរាណដែរ ដើម្បីទាមថ្មពីមួយដុំទៅមួយដុំឲ្យជាប់គ្នានិងរឹងមាំ។ ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ថ្មចាស់ៗដែលមានស្រាប់ និងប្រើប្រាស់ថ្មថ្មីក្នុងកម្រិតអប្បបរមាដើម្បីជំនួសថ្មចាស់បាត់ ឬមានគុណភាពមិនអាចយកមកប្រើប្រាស់ឡើងវិញបាន។ ជាក់ស្តែង ការជួសជុលផ្កាឈូកនេះ ក្រុមការងារបានប្រើប្រាស់ថ្មថ្មីចំនួន៤ដុំបំពេញបន្ថែមជំនួសថ្មចាស់ដែលបាត់រកមិនឃើញ ដើម្បីឲ្យមានលំនឹងជាប់បានយូរ។

រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានប្រហែល៧០%ហើយ ដោយបានរៀបគ្រឹះ និងស្រទាប់ត្របកឈូកទី១ក៏បានរួចរាល់ ហើយកំពុងបន្តរៀបត្របកទី២ និងកំពូលបន្តិចប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការជួសជុលប្រាង្គប្រាសាទ គឺជាការងារអាទិភាពនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ។ ដើម្បីឲ្យការងារនេះបានជោគជ័យរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិអប្សរាជាសេនាធិការ បានសម្របសម្រួលជាមួយស្ថាប័នអន្តរជាតិជាច្រើនដើម្បីមកចូលរួមការងារអភិរក្សជួសជុល។

ជាក់ស្តែង ចាប់ពីឆ្នាំ១៩៩២មក មានស្ថាប័នអន្តរជាតិចំនួន២១ មកពី១៣ប្រទេស បានអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទចំនួន៣១គម្រោង។ ប្រទេសទាំង១៣នោះរួមមាន ចិន សាធារណរដ្ឋឆែក បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ស៊្វីស អាមេរិក អូស្ត្រាលី ហុងគ្រី និងសាធារណរដ្ឋកូរ៉េ។

ទន្ទឹមនឹងការចូលរួមរបស់ស្ថាប័នអន្តរជាតិ អាជ្ញាធរជាតិអប្សរាក៏មានក្រុមការងារអភិរក្សជួសជុលដោយផ្ទាល់ផងដែរ។ ក្រុមការងារទាំងនេះកំពុងអនុវត្តការងាររបស់ខ្លួននៅលើការដ្ឋានជាច្រើនដូចជា នៅកំពែងអង្គរធំ ព្រះលានជល់ដំរី ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ជួសជុលចម្លាក់នាគនៅប្រាសាទប្រែរូប ជួសជុលចង្រឹងបង្អួចនៅប្រាសាទអង្គរត្ត ជួសជុលប្រាសាទឥដ្ឋនៅប្រាសាទព្រះគោ និងប្រាសាទលលៃ ជួសជុលប្រាសាទ និងរចនាសម្ព័ន្ធ នៅប្រាសាទគោកចក។ល។

APSARA_2017-05-17_25

716x266_APSARA_2017-05-17_16

716x266_APSARA_2017-05-17_17

APSARA_2017-05-17_21

APSARA_2017-05-17_23

APSARA_2017-05-17_24