សៀមរាប៖ មិនខុសពីឆ្នាំមុន ឱ្យតែដល់ថ្ងៃ៣កើត ខែពិសាខ អ្នកភូមិចំណុះជើងវត្តអធ្វាតែងតែនាំគ្នាប្រារព្ធពិធីឡើងអ្នកតាមទំនៀមពីបុរាណមិនដែលខកខាន។ ពួកគាត់បានសាមគ្គីគ្នាក្នុងការរៀបចំ ដោយអ្នកខ្លះចេញលុយចេញកាក់ ខ្លះយកម្ហូបអាហារ បង្អែមចម្អាប គ្រឿងសំណែនម្នាក់បន្តិចៗមកជួបជុំគ្នាធ្វើពិធីនៅប្រាសាទអធ្វា ដើម្បីបន្តមរតកវប្បធម៌នេះឱ្យនៅរស់រាន។

1

ពិធីនេះត្រូវបានធ្វើឡើងក្នុងបំណងឱ្យអ្នកតា ម្ចាស់ទឹកម្ចាស់ដីរាំលេងសប្បាយតាមរយៈអ្នកស្នងរូប ដើម្បីសុំសេចក្តីសុខចម្រើនដល់ស្រុកភូមិផង ប្រជាជនទូទាំងប្រទេសផង ឱ្យចៀសផុតពីរោគាព្យាធិ គ្រោះកាចឧបទ្រពចង្រៃ កូនចៅសុខកាយសប្បាយចិត្ត។ ពិសេសគឺអរគុណដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីដែលផ្តល់ទឹកភ្លៀងបានគ្រប់គ្រាន់ ដីមានជីជាតិ កុំឱ្យរាំងស្ងួតហួតហែង ធ្វើឱ្យកសិកម្មរបស់គាត់បានទទួលផលល្អ។

ដោយឡែកចំពោះការចូលរួមវិញ ហាក់មិនសូវឃើញវត្តមានយុវវ័យនៅក្នុងពិធីឡើងអ្នកតានៅប្រាសាទអធ្វានេះប៉ុន្មានទេ ភាគច្រើនគឺស្រ្តីវ័យចំណាស់ៗដែលនៅប្រឹងត្រដរទាំងឈឺ ទាំងជាមករៀបចំ ព្រោះខ្លាចក្រែងពិធីនេះបាត់បង់និងខុសទំនៀមពីដូនតា នាំឱ្យកូនចៅក្តៅក្រហាយ ធ្វើស្រែ ធ្វើស្រូវមិនកើតជាផល។

អ្នកស្រី ធីតា អាយុ៥២ឆ្នាំ រស់នៅភូមិកក្រាញ់បានលើកឡើងថា ពិធីឡើងអ្នកតា គឺសំខាន់ណាស់សម្រាប់គាត់ ឱ្យតែដល់ពេលគាត់តែងចូលរួមមិនដែលខាន សុខចិត្តចោលការលក់ដូរ តែមិនហ៊ានចោលពិធីនេះទេ។ គាត់តែងរៀបចំម្ហូបអាហារនិងក្បាលជ្រូក ដើម្បីយកមកថ្វាយលោកតារាជ្យ និងលោកតាមហាជម្ពូ លោកតាទាំងពីរនេះស័ក្តិសិទ្ធិណាស់។ អ្នកមីងបន្តទៀតថា ក្រៅពីបានរួមចំណែកក្នុងការថែរក្សាពិធីនេះ ក៏ទទួលបានភាពសប្បាយរីករាយ ស្រឡះចិត្តគំនិតពីពិធីនេះដែរតាមរយៈអ្នកចូលរូបរាំរែក។ អ្នកមីងក៏តែងណែនាំកូនចៅឱ្យមកចូលរួមពិធីនេះដែរ ឱ្យពួកគេចេះថែរក្សាទំនៀមទម្លាប់ពីដូនតា តែពួកគេរវល់ធ្វើការ ទើបខកខាន។ គាត់សង្ឃឹមថាបើនៅក្មេងគេមិនបានធ្វើ តែពេលចាស់ទៅគេអាចបានធ្វើទៅចុះ តែបើពួកគេនៅតែមិនចាប់អារម្មណ៍ មិនឱ្យតម្លៃ មិនធ្វើក៏មិនដឹងថាម៉េច មានតែបាត់បង់តាមពេលវេលាដោយសារមិនបានចូលរួម ទើបមិនយល់ពីសារៈសំខាន់និងរបៀបនៃការធ្វើពិធី។

APSARA_2017-05-03_05
លោកយាយ ទឹម អ្នកស្នងរូបមហារាជ៧ឆ្នាំមកហើយបានប្រាប់ថា រាល់ពេលឡើងអ្នកតា គាត់ជាតួបារមីម្នាក់ក្នុងចំណោមបារមីទាំង៤។ ពិធីនេះមានសារៈសំខាន់ណាស់សម្រាប់កូនចៅ វាជាការគោរពដឹងគុណដល់លោកតាម្ចាស់ស្រុក ដែលបានថែរក្សាភូមិករឱ្យបានសុខសាន្ត ហើយពិធីនេះមិនដែលចោលការបញ្ចូលរូបទេរាល់ៗឆ្នាំ។ ខណៈវ័យកាន់តែចាស់ទៅហើយ លោកយាយក៏បានសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ទំនៀមទម្លាប់នេះដែរ ព្រោះក្មេងៗជំនាន់ក្រោយមិនសូវមានអ្នកណាគេចង់ធ្វើជាអ្នកចូលរូបទេ ខ្លាចខ្មាសគេ ហើយអ្នកស្នងរូបទៀតសោត ក៏ទាល់តែជាមនុស្សល្អ មាននិស្ស័យនឹងរូបដូចគ្នាទើបនៅបាន។ លោកយាយបន្ថែមថា ពេលធ្វើពិធីម្តងៗ ចង់ឱ្យក្មេងៗមកចូលរួមឱ្យបានច្រើន តែអ្នកខ្លះគេមិនសូវចាប់អារម្មណ៍ អ្នកខ្លះគេរវល់ធ្វើការ បើទោះបីពួកគេដឹងថាឱ្យតែដល់ថ្ងៃ៣កើតខែមាឃ និង៣កើតខែពិសាខ តែងតែធ្វើពិធីឡើងអ្នកតាក៏ដោយ ក៏ពួកគេមិនអាចឈប់សម្រាកមកចូលរួមដែរ។ ក្មេងៗគឺសំខាន់ណាស់ ព្រោះជាអ្នកស្នង អ្នកថែវប្បធម៌ដូនតាទាំងនេះបន្តពីមនុស្សចាស់ តែបើពួកគេមិនចូលរួម ពួកគេមិនដឹង មិនស្គាល់ ហើយទំនៀមទម្លាប់នេះ ក៏នឹងបាត់បង់នៅថ្ងៃណាមួយមិនខាន៕

APSARA_2017-05-03_06

APSARA_2017-05-03_07

APSARA_2017-05-03_09

APSARA_2017-05-03_10

APSARA_2017-05-03_14

APSARA_2017-05-03_15

APSARA_2017-05-03_16