ដើម្បីបន្តការងារជួសជុលសាលរបាំនៃប្រាសាទបាយ័ន គម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើកំណាយសង្គ្រោះមួយ នៅជ្រុងខាងត្បូងនៃសាលរបាំនេះ ដោយចាប់ពីផ្តើមពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

លោក D.S. Sood ទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានជួសជុលប្រាសាទតាព្រហ្មនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បញ្ជាក់ថា ការធ្វើកំណាយនេះមានគោលបំណងពីរសំខាន់គឺ ដើម្បីស្វែងរកថ្មដែលបានធ្លាក់កប់ក្នុងដីយកមកប្រើប្រាស់ក្នុងការងារជួសជុលឡើងវិញ និងដើម្បីសិក្សាអំពីរចនាសម្ព័ន្ធប្រាសាទចងក្រងឯកសារ សម្រាប់ការងារជួសជុល។

លោក Sood បន្ថែមថា “ការជួសជុលប្រាសាទ យើងចាំបាច់ត្រូវរក្សានូវអត្តសញ្ញាណដើម ពោលគឺយើងនឹងប្រើប្រាស់ថ្មចាស់ដែលមានឲ្យអស់លទ្ធភាព មុននឹងជំនួសថ្មថ្មីដែលចាំបាច់។ យើងឃើញមានគំនរថ្មដែលបាក់ធ្លាក់ពីលើមក កប់ក្នុងដី ដែលយើងចាំបាច់ធ្វើកំណាយ ដើម្បីចងក្រងឯកសារ និងយកថ្មទាំងនោះទៅប្រើប្រាស់តាមទីតាំងដើមវិញ។ រណ្តៅកំណាយនេះនឹងមានជម្រៅជ្រៅបំផុតប្រហែលកន្លះម៉ែត្រ។ ការធ្វើកំណាយ គឺជាការងារសាមញ្ញសម្រាប់ក្រុមការងារជួសជុល ព្រោះថា យើងមិនអាចជួសជុលតួប្រាសាទ ដោយមិនដឹងអំពីភាពរឹងមាំ ឬភាពទ្រុឌទ្រោមនៃគ្រឹះប្រាសាទនោះទេ”។

លោកស្រី នេត ស៊ីមន មន្ត្រីផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមក្នុងកំណាយនេះបញ្ជាក់ថា រាល់កំណាយស្រាវជ្រាវក្នុងតំបន់អង្គរ ដែលធ្វើឡើងដោយស្ថាប័នអន្តរជាតិ គឺតែងមានមន្ត្រីតំណាងអាជ្ញាធរជាតិអប្សរាចូលរួមជាប្រចាំ។ ជាក់ស្តែង លោកស្រីផ្ទាល់ត្រូវបានថ្នាក់ដឹកនាំចាត់តាំងជាមន្ត្រីតំណាង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ASI របស់ឥណ្ឌា ដោយពិនិត្យមើលផ្នែកបច្ចេកទេសនៃការធ្វើកំណាយ និងធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ផ្នែកបុរាណវិទ្យា ព្រមទាំងចងក្រងឯកសារ ដែលទទួលបានពីការធ្វើកំណាយនេះ៕