មាតុភូមិកម្ពុជាធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុតនោះគឺ ភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងការធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃចាប់ពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥។ ក្រោយពេលប្រទេសជាតិត្រូវបានរំដោះហើយនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាក៏នៅតែត្រូវទទួលរងការរួបរឹតដោយសង្គ្រាមស៊ីវិលអូសបន្លាយទៀត អាស្រ័យ ដោយពួកអមិត្ត មានឧបាយកលដ៏ពិសពុលប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកកម្ពុជាវិញ។ នៅក្នុងអាណត្តិ នៃ រដ្ឋសភានីតិកាលទី១ ដែលជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១  ក៏កម្ពុជានៅតែមិនទាន់មានសន្តិភាពពេញលេញឡើយ គឺរហូតមកដល់ចុងឆ្នាំ ១៩៩៨ ទើបកម្ពុជាទទួលបាន សន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ ។

១៩ឆ្នាំមកនេះ មាតុភូមិយើងមានការរីកចម្រើនផ្លាស់ប្តូរលើគ្រប់វិស័យគួរឲ្យមានមោទនភាពបំផុត ប៉ុន្តែ ផលវិបាកដែលសង្គ្រាម និងរបបប្រល័យពូជសាសន៍បានបន្សល់ទុកមិនទាន់ត្រូវបានលប់បំបាត់អស់នៅឡើយ ទេ ក្នុងនោះ កាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីអន្តរាគមន៍យោធាដ៏ឃោរឃៅបំផុតរបស់ អាមេរិកក្នុងរបប លន់ នល់ នៅតែបន្តគំរាមគំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជនយើងជា រៀងរាល់ថ្ងៃ ។

ផ្អែកលើប្រវត្តិសាស្ត្រជាក់ស្តែង អ្នកមានមនសិការភ្លឺស្វាងគ្រប់រូបសុទ្ធតែបានយល់ច្បាស់ថា មូលហេតុ ដែលនាំដល់ការកើតមាននូវគ្រោះមហន្តរាយ និងមហាសោកនាដកម្ម គឺផ្តើមឡើងពីរដ្ឋប្រហាររបស់ពួកលន់នល់ ដែលមានការគាំទ្រពីសំណាក់រដ្ឋាភិបាលអាមេរិក នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០។ រដ្ឋប្រហាររបស់ពួកលន់នល់ និងការចូលឈ្លានពានដោយផ្ទាល់របស់អាមេរិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ បានជាន់កមេ្ទចខឿនសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា ហើយបានជ្រមុចកម្ពុជាឲ្យធ្លាក់ទៅក្នុងអន្លង់នៃភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅ បំផុត។ ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់កងយន្តហោះអាមេរិកបានដុតបំផ្លាញកម្ទេចនូវអ្វីៗដែលមាន លើកទឹកដីដ៏ស្រស់បំព្រងនៃយើង និងធ្វើឲ្យប្រជាជនយើងយ៉ាងច្រើនឥតគណនាត្រូវបាត់បង់ជីវិតយ៉ាង អយុត្តិធម៌។

យោងលើទិន្នន័យដែលត្រូវបានផ្សព្វផ្សាយចំហដោយរដ្ឋបាលលោក គ្លីន តុន ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០០០ បានបង្ហាញថា បើគិតពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ កងយន្តហោះរបស់អាមេរិកបានទម្លាក់គ្រាប់ជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផងមកលើទឹកដីកម្ពុជាមាន ទម្ងន់ ២.៧៥៦.៩៤១ តោន ដែលមានចំនួន២៣០.៥១៦ ជើង (លើក) ដោយបានទម្លាក់លើទីតាំងចំនួន ១១៣.៧១៦កន្លែង។ បើគិតធៀបនឹងចំនួនប្រជាជនកម្ពុជានៅឆ្នាំ ១៩៦៥-១៩៧០ ដែល មានប្រមាណ ៦លាន ៥ សែននាក់ មានន័យថា ប្រជាជនខ្មែរម្នាក់ត្រូវទទួលទម្ងន់គ្រាប់បែកជាង៤០០ គីឡូក្រាម។ បើគិតជា សាមញ្ញ មនុស្សម្នាក់ដែលត្រូវទ្រទម្ងន់គ្រាប់ជាង ៤០០ គីឡូក្រាមនោះ គឺមិនចាំបាច់ឲ្យគ្រាប់នោះផ្ទុះទេ សូម្បីតែសង្កត់ក៏ស្លាប់ដែរ។ នៅអំឡុងឆ្នាំ១៩៦៩ ចន្លោះពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា យន្តហោះ អាមេរិកបានបាចម្សៅគីមីពណ៌ទឹកក្រូចបំផ្លាញចម្ការកៅស៊ូប្រមាណ៧ ម៉ឺនហិចតា និងធ្វើឲ្យប៉ះពាល់ដល់ សុខភាព និងអាយុជីវិតប្រជាជន និងសត្វធាតុជាច្រើន។ កាលនោះរាជរដ្ឋាភិបាលកម្ពុជាបានប្តឹងអាមេរិក ទារសំណង១២,២ លានដុល្លារ តែអាមេរិកប្រកែកមិនព្រមសងឡើយ។ ថ្មីៗនេះប្រភេទសព្វាវុធគីមីមួយចំនួន ទើបតែត្រូវបានរកឃើញនៅខេត្តស្វាយរៀង ហើយយើងមិនដឹងអស់ថា តើវាមាននៅកន្លែងណាទៀតទេ ។ គួរបញ្ជាក់ថា កងយន្តហោះអាមេរិកបានឈ្លានពានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាតាំងពីឆ្នាំ១៩៦៣ មក ។

ក្រោយមានកិច្ចព្រមព្រៀងរវាងអាមេរិក និងវៀតណាមនៅទីក្រុងប៉ារីសនា ខែសីហា ឆ្នាំ១៩៧៣ យុទ្ធនាការ ទម្លាក់គ្រាប់បែករបស់កងយន្តហោះអាមេរិកនៅកម្ពុជាក៏នៅតែបន្តមួយរយៈមកទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាល អាមេរិក នៅតែបន្តផ្តល់ជំនួយខាងយោធាដល់របបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ឲ្យបន្តធ្វើសង្រ្គាម បំផ្លាញទឹកដី និងអាយុជីវិតប្រជាជនកម្ពុជារហូតទាល់តែរបបនេះត្រូវដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

សរុបមកបើគិតក្នុងរយៈពេលជាង១២ ឆ្នាំ គឺពីឆ្នាំ១៩៦៣-១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកលើ ទឹកដីកម្ពុជាគិតជាមធ្យម ៥០០គ្រាប់ ក្នុងមួយថ្ងៃ (៤.៧៤៥ថ្ងៃ) ដែលបានសម្លាប់ប្រជាជនកម្ពុជាប្រមាណ          ៦០០ ០០០ នាក់ និងបំផ្លាញហេដ្ឋារចនាសម័្ពន្ធ ផ្ទះសម្បែង ភូមិករ ដីស្រែចម្ការច្បារដំណាំ ទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងនៅទីក្រុង ទាំងនៅទីជនបទឲ្យវិនាសខ្ទេចខ្ទី។ កម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារ គ្រាប់បែកចង្កោមក្នុងសម័យសង្គ្រាមនៅទស្សវត្សរ៍ទី៦០ និងទី៧០ ដែលទំលាក់ដោយកងទព័អាកាស សហរដ្ឋ អាមេរិក មានចំនួនប្រមាណជាង២៩.៥លានគ្រាប់ (29.5 Millions Cluster Submunitions) ឯកសារខ្លះថា មានចំនួន២៦ លានគ្រាប់ ហើយមានច្រើនប្រភេទដូចជា BLU 17, BLU24, BLU69 ជាដើម។ នេះគឺជា បំណុលពិតដែលអាមេរិកជំពាក់ប្រជាជនកម្ពុជា។

ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលអាមេរិកបែរជាទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា សងបំណុលទៅវិញ ដែលមានចំនួនប្រមាណ ២៧០ លានដុល្លារនៅឆ្នាំ១៩៧៥ ហើយបូកនិងការប្រាក់បានកើនដល់ជិត ៥០០ លានដុល្លារហើយ។ ចំនួនលុយទាំងអស់នោះ គឺជាការទូទាត់ទៅលើតម្លៃគ្រាប់បែក និងអាវុធ យុទ្ធភណ្ឌនានា ដែលអាមេរិកបានផ្តល់ទៅឲ្យរដ្ឋាភិបាល លន់ នល់ ធ្វើសង្គ្រាមសម្លាប់ប្រជាជនកម្ពុជា មិនមែនជាជំនួយ សម្រាប់ការកសាងកម្ពុជានោះឡើយ។ ពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាធ្លាប់បានស្នើជាច្រើនដងឲ្យអាមេរិកលុបបំណុលនេះ ព្រោះជាបំណុលកខ្វក់ជាបំណុលដែលប្រឡាក់ ដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកគឺជា អ្នកជំរុញឲ្យមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ដែលរដ្ឋប្រហារនេះ បានបង្កើតសង្គ្រាមនៅ ក្នុងប្រទេសកម្ពុជា និងបង្កើតឲ្យមានរបបខ្មែរក្រហម ទើបមានវិនាសកម្មដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។ ដូច្នេះ អាមេរិកត្រូវតែប៉ះប៉ូវដល់កម្ពុជាវិញ តាមរយៈការលុបបំណុលសម្រាប់សងដល់មហាវិនាសកម្មនេះ។ សាធារណមតិជាតិ និងអន្តរជាតិដែលរួមមានទាំងអ្នកស្រាវជ្រាវបរទេសល្បីៗ និងថ្នាក់ដឹកនាំគណបក្ស នយោបាយមួយចំនួននៅក្នុងប្រទេសកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលអាមេរិកពិចារណាក្នុងការលុបបំណុលកខ្វក់នេះ ហើយបង្វែរបំណុលនោះមកជាជំនួយ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាវិញ។ អ្នកស្រី Elizabeth Becker ជាអ្នក កាសែត និងជាអ្នកនិពន្ធជនជាតិ អាមេរិកបានមានប្រសាសន៍ថា «រដ្ឋាភិបាល អាមេរិក មិនដែលទទួល ខុសត្រូវតាមផ្លូវច្បាប់ចំពោះការខូចខាត ដ៏ធំធេងដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាក្នុង ពេលសង្គ្រាមនោះទេ។ បើតាមការ ប៉ាន់ស្មាននេះប្រហែលជាដោយសារការព្រួយបារម្ភថា អាមេរិកប្រហែលជាត្រូវសងសំណងសង្គ្រាមសម្រាប់ ការបំផ្លិចបំផ្លាញ និងខ្លាចអតីតមន្ត្រីអាមេរិកត្រូវគេប្តឹង។ ការបន្តចាប់ឲ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបំណុលចាស់ក្នុងសម័យសង្គ្រាមគឺជាការលាក់ពុតត្បុត និងអសីលធម៌»

ប្រជាជនកម្ពុជាដ៏អភ័ព្វដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមដ៏អយុត្តិធម៌ និងរបបប្រល័យពូជសាសន៍នោះ គួរណាស់តែបានទទួលនូវការជួយគាំពារ ប៉ុន្តែបែរជាត្រូវទទួលរងនូវភាពអយុត្តិធម៌ថែមទៀត គឺការក្លាយខ្លួន ជាកូនបំណុលរបស់អាមេរិក ដែលបានយកគ្រាប់បែក និងអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទដ៏ច្រើនសម្បើម មកបំផ្លាញ អាយុជីវិតនិងទឹកដីដ៏ស្រស់បំព្រងរបស់ខ្លួនទៅវិញ។ ការស្នើឲ្យអាមេរិកលុបបំណុលកខ្វក់នេះ គឺប្រជាជន កម្ពុជាចង់ឃើញអាមេរិក ដែលបានបង្កមហាវិនាសកម្មនេះ មានការទទួលខុសត្រូវយ៉ាងហោចណាស់ក៏ខាង សីលធម៌ដែរ។ ជាមួយគ្នានេះ វាក៏ជាមេរៀនពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប គប្បីមើល ឃើញឲ្យច្បាស់ថា មានតែការរួបរួមគ្នាថែរក្សានូវឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ឲ្យបានរឹងមាំគត់មត់តែប៉ុណ្ណោះ ទើបតទៅអនាគតប្រជាជនយើងអាចជៀសផុតពីសោកនាដកម្ម សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចដែលបានកើតមានពីអតីតកាល។ គ្មានបរទេសណាស្រឡាញ់យើង ការពារផលប្រយោជន៍យើងជាងយើងខ្លួនឯងនោះទេ៕ ប្រភព៖ ទស្សនាវដ្ដីប្រជាជន

unnamed (1)

unnamed (2)

unnamed