បើនិយាយពីគោលដៅទស្សនាថ្ងៃលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង។ ភ្នំបាខែងជាគោលដៅទស្សនាថ្ងៃលិចមួយដ៏ទាក់ទាញ ព្រោះវាមានទិដ្ឋភាពស្រស់ស្អាត ដែលភ្ញៀវទេសចរអាចមើលថ្ងៃលិចបានយ៉ាងច្បាស់។

ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើមស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។ ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅជាព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយអង្គនៅជាន់លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។

សម្រាប់ការមកទស្សនានៅប្រាសាទភ្នំបាខែង ភ្ញៀវទេសចរមានជម្រើសពីរ ដើម្បីបានទៅដល់កំពូលភ្នំ។ គេអាចធ្វើដំណើរដោយថ្មើរជើងក៏បាន និងជិះដីរីក៏បាន។ នៅពេលព្រឹកមានភ្ញៀវទេសចរមួយចំនួន ក៏ចូលចិត្តឡើងមើលថ្ងៃរះនៅលើភ្នំបាខែងនេះដែរ។ ចំណែកពេលរសៀល គឺចាប់ពីម៉ោង២តទៅ ភ្ញៀវទេសចរចាប់ផ្តើមសម្រុកឡើងលើភ្នំបាខែង ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំធម្មជាតិមួយនេះ។

ចំណុចដែលភ្ញៀវទេសចរតែងនៅផ្តុំគ្នាច្រើនលើភ្នំបាខែង គឺនៅទិសខាងលិច ដែលងាយស្រួលក្នុងការ គយគន់ទិដ្ឋភាពថ្ងៃលិច។ ក្រៅការទស្សនាថ្ងៃលិច ភ្ញៀវទេចរអាចគយគន់ចំណុចពិសេសៗដ៏ទាក់ទាញមួយចំនួនទៀត ដូចជាមានកំពូលប្រាសាទអង្គរវត្ត បក្សីចាំក្រុង ទិដ្ឋភាពក្រុងសៀមរាប វាលស្រែ និងបារាយណ៍ទឹកថ្លាជាដើម។

បច្ចុប្បន្ននេះប្រាសាទភ្នំបាខែងកំពុងជួសជុលស្តារឡើងវិញក្រោមកិច្ចសហការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នមូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF) ដែលបានទទួលជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មក ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។

សូមទស្សនាកម្ររូបភាពដ៏ស្រស់បំព្រងនៃទិដ្ឋភាពដែលគេអាចគយគន់ពីលើកំពូលភ្នំបាខែង និងទិដ្ឋភាពថ្ងៃលិចដ៏គួរឲ្យទាក់ទាញ។

716x266_apsara_2016-12-09_01

apsara_2016-12-09_02

apsara_2016-12-09_04

apsara_2016-12-09_05

apsara_2016-12-09_06

apsara_2016-12-09_07

apsara_2016-12-09_08

apsara_2016-12-09_11

apsara_2016-12-09_12

apsara_2016-12-09_20

apsara_2016-12-09_22