ជាថ្មីម្តងទៀត គេហទំព័រក្រុមហ៊ុន Lonely Planet របស់ប្រទេសអូស្ត្រាលី ដែលជា គេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់រមណីយដ្ឋានអង្គរជាតំបន់គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ២០១៦។

តើកត្តាអ្វីខ្លះដែលនាំឱ្យរមណីយដ្ឋានអង្គរទទួលបានចំណាត់ថ្នាក់លេខ១ជាបន្តបន្ទាប់ ក្នុងរយៈកាលកន្លងមកនេះ?

រំឭកកាលពីឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឱ្យជួយការពារ និងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ មិនតែប៉ុណ្ណោះ ព្រះអង្គបានអំពាវនាវដល់សហគមន៍អន្តរជាតិដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការពារ ជួសជុល និងអភិរក្សឡើងវិញនូវប្រាង្គប្រាសាទឱ្យបានទាន់ពេលវេលា។

អង្គរត្រូវបានប្រសិទ្ធិនាមជារមណីយដ្ឋានបុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា ហើយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដោយមានអាជ្ញាធរជាតិអប្សរាជាអ្នកគ្រប់គ្រងតាំងពីឆ្នាំ១៩៩៥មក។ តំបន់នេះមានផ្ទៃដីទំហំ៤០១គីឡូម៉ែត្រក្រឡា សម្បូរទៅដោយប្រាង្គប្រាសាទ ទេសភាពធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរជាច្រើនជំនាន់មកហើយ។ រមណីយដ្ឋានដ៏អស្ចារ្យនេះ ជាដួងព្រលឹងជាតិដែលត្រូវថែរក្សា ការពារ និងអភិរក្ស ឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍។

716x266_apsara_2016-10-21_11

ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកិច្ចខិតខំប្រឹងប្រែងពីដៃគូសហការអន្តរជាតិ ពិសេសមានអាជ្ញាធរជាតិអប្សរាជាសេនាធិការគ្រប់គ្រងតំបន់អង្គរ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើឱ្យទីតាំងបុរាណដ្ឋាន និងប្រវត្តិសាស្ត្រខ្មែរដ៏ល្បីនេះ ទទួលបានភាពល្បីល្បាញយ៉ាងរន្ទឺលើសកលលោកជាបន្តបន្ទាប់ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត។ លទ្ធផលដ៏មោទនភាពនេះ គឺបានមកពី៖

ការបង្កើតឡើងនូវគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor «ICC-Angkor») នាឆ្នាំ១៩៩៣ ដោយមានប្រទេសជប៉ុននិងបារាំងជាសហប្រធាន។ ICC-Angkor បានក្លាយជាដៃគូសហការប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរជាតិអប្សរា ដោយបានប្រមូលអ្នកជំនាញអន្តរជាតិដ៏ល្បីៗនៅលើពិភពលោក ឱ្យមករួមចំណែកក្នុងការអភិរក្ស ជួសជុលប្រាង្គប្រាសាទ និងសំណង់បុរាណផ្សេងៗក្នុងឧទ្យានអង្គរផងដែរ។ រាល់កិច្ចការទាំងអស់តែងតែទទួលបានការវាយតម្លៃខ្ពស់ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីអន្តរជាតិ។ ម្យ៉ាងទៀត យន្តការនេះគឺជាគំរូដ៏ល្អដែលបណ្តាប្រទេសមួយចំនួនបានសុំដកស្រង់បទពិសោធន៍ពីអាជ្ញាធរជាតិអប្សរា ដែលសម្រេចបានជោគជ័យលើការងារអភិរក្ស ជួសជុល និងគ្រប់គ្រងតំបន់រមណីយដ្ឋានដើម្បីធ្វើជាគំរូសម្រាប់ការគ្រប់គ្រងតំបន់បេតិកភណ្ឌរបស់ប្រទេសខ្លួន។

ក្រៅពីកិច្ចការអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដើម្បីគ្រប់គ្រងទឹកនិងបញ្ជៀសបញ្ហាគ្រោះទឹកជំនន់ផងដែរ។ បន្ថែមពីនោះ ក៏មានការជួសជុល កសាងថ្មី និងពង្រីកហេដ្ឋារចនាសម្ពន្ធក្នុងតំបន់អង្គរ ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរដល់ទេសចរ អាចដើរ ជិះកង់ ម៉ូតូ ឡានក៏បាន ដែលអាចកាត់បន្ថយការចំណាយ និងងាយស្រួលក្នុងការឈ្វេងយល់ពីការរស់នៅរបស់ប្រជាសហគមន៍ក្នុងតំបន់អង្គរផង។

716x266_apsara_2016-10-21_13

ចំពោះការថែរក្សាបរិស្ថាននៅតំបន់អង្គរ ក៏ទទួលបានវិញ្ញាបនបត្រកម្រិតស្តង់ដារអន្តរជាតិ ISO 14001 ពីស្ថាប័នធានាគុណភាពជប៉ុន JQA ផងដែរ។ លើសពីនោះអាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកអប់រំប្រជាជនពីបញ្ហាអនាម័យ ការរស់នៅល្អ សុខភាពល្អ លើកកម្ពស់ការប្រើថាមពលព្រះអាទិត្យក្នុងសហគមន៍ជាដើម។ ម្យ៉ាងទៀត ដើម្បីរក្សានូវភាពបៃតងលម្អតំបន់អង្គរផងនោះ អាជ្ញាធរជាតិអប្សរាក៏បានដាំកូនឈើរាប់ម៉ឺនដើមជារៀងរាល់ឆ្នាំ ថែរក្សាស្មៅ កាត់ក្រីមែកឈើ ដើម្បីឱ្យអង្គរមានសោភ័ណភាពល្អ ជាចំណីចក្ខុដល់អ្នកទេសចរទាំងឡាយទទួលបានបរិយាកាសល្អ ខ្យល់បរិសុទ្ធពេលមកទស្សនាតំបន់អង្គរ។

ចំពោះការគ្រប់គ្រងវិស័យទេសចរណ៍វិញ អាជ្ញាធរជាតិអប្សរាបានរៀបចំលំហូរទេសចរ ដូចជា៖ រៀបចំផ្លូវទស្សនាខាងក្នុងប្រាសាទតាព្រហ្ម អនុវត្តផ្លូវឯកទិសនៅខ្លោងទ្វារទន្លេអុំពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទី ពង្រឹងការគ្រប់គ្រងការចូលទស្សនានៅរួតបាកាណ និងនៅភ្នំបាខែង ពង្រីកផ្លូវជុំវិញត្រពាំងសេស ជួសជុលផ្លូវ និងរៀបផ្លូវជិះកង់ពីអង្គរវត្តទៅបាយ័ន រៀបចំចំណតនៅមុខអង្គរវត្ត។ គម្រោងឆាប់ខាងមុខ៖ រៀបចំចំណត និងកន្លែងលក់ដូរនៅភ្នំបាខែង។ ការគ្រប់គ្រងប្រាសាទ៖ កំណត់ពេលវេលាចូលទស្សនា បណ្តុះបណ្តាលប្រធាននិងអនុប្រធានភ្នាក់ងារប្រាសាទ រៀបចំកន្លែងដែលភ្នាក់ងារទេសចរណ៍ងាយនឹងសម្រេចចិត្តនិងកំណត់ពេលដឹកនាំភ្ញៀវទស្សនា រុះរើស្លាកសញ្ញាពាណិជ្ជកម្មពីក្នុងតំបន់អង្គរ បណ្តុះបណ្តាលក្រុមការងារTMP និងបុគ្គលិកអាជ្ញាធរជាតិអប្សរាអំពីការពង្រឹងគុណភាពសេវាទេសចរណ៍ បង្កើតគេហទំព័រទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងភ្ញៀវទេសចរណ៍សម្រាប់ដំណើរកម្សាន្តរបស់ពួកគេ។ ការពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍៖ បញ្ជូនមគ្គុទ្ទេសក៍២០រូបទៅចូលរួមវគ្គបណ្តុះបណ្តាលនៅម៉ាកាវស្តីពីការគ្រប់គ្រងភ្ញៀវនៅតំបន់បេតិកភណ្ឌ និងពង្រឹងសេវាកម្មតាមរយៈដឹកនាំភ្ញៀវ ពង្រឹងភាពជាដៃគូល្អជាមួយវិស័យឯកជនអំពីក្រមប្រតិបត្តិអង្គរ តាមបណ្តាញផ្សព្វផ្សាយ-អ្នកជិះយន្តហោះ-DVD-និងចែកចាយតាមសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ ឡានក្រុង និងយន្តហោះជាដើម។

apsara_2016-10-21_19

បន្ថែមពីនោះទៀត អាជ្ញាធរជាតិអប្សរាក៏បានពង្រឹងសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ទេសចរទាំងអស់ពេលមកកម្សាន្តនៅក្នុងតំបន់អង្គរ ដោយបង្កើតភា្នក់ងារទេសចរណ៍តាមបណ្តាប្រាសាទ ដើម្បីមើលថែភ្ញៀវ ណែនាំភ្ញៀវ សង្គ្រោះភ្ញៀវពេលជួបឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលា និងប្រគល់របស់ដែលភ្ញៀវជ្រុះបាត់ជូនភ្ញៀវវិញ (ករណីរកឃើញ) ទង្វើទាំងនោះទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវ។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សន្ដិភាព សន្ដិសុខសង្គម និងស្ថិរភាពនយោបាយត្រូវបានស្ដារឡើងវិញតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ហើយគោលនយោបាយនេះក៏បានបើកចំហជើងមេឃ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរក្លាយជាគោលដៅទេសចរណ៍វប្បធម៌និងធម្មជាតិដ៏សំខាន់មួយនៅអាស៊ី ក៏ដូចជាពិភពលោក។

កត្តាដូចបានរៀបរាប់ខាងលើទាំងអស់នេះហើយ ដែលធ្វើឱ្យអង្គរទទួលបានចំណាត់ថ្នាក់លេខ១ ជាតំបន់គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតលើពិភពលោក ជាថ្មីម្តងទៀត។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលមកទស្សនាតំបន់អង្គរ ព្រមទាំងស្ថាប័នដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសគេហទំព័រ Lonely Planet ដែលបានផ្តល់ចំណាត់ថ្នាក់ដ៏មានតម្លៃដល់រមណីយដ្ឋានអង្គរជាលើកទី២។ អាជ្ញាធរជាតិអប្សរានឹងខិតខំប្រឹងប្រែងពង្រឹងកិច្ចការអភិរក្សឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៅថ្ងៃមុខទៀត ហើយតាមរយៈចំណាត់ថ្នាក់នេះដែរ អាជ្ញាធរជាតិអប្សរាក៏សង្ឃឹមថា នឹងនាំឱ្យភ្ញៀវទេសចរបន្តមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែច្រើនឡើងថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិកម្ពុជា កាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារជាច្រើនទៀតជូនប្រជាពលរដ្ឋ៕

ប្រភព៖ វេបសាយ អាជ្ញាធរជាតិអប្សរា

716x266_apsara_2016-10-21_12

716x266_apsara_2016-10-21_14