សំណួរនេះកំពុងក្លាយទៅជាបញ្ហាដែលសាធារណៈមតិកំពុងចោទសួរគ្នាទៅវិញទៅមកក្រោយពេលដែលលោក យឹម សុវណ្ណ បានប្រកាសនៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ ថា សមាជិកសភានៃគណបក្សសង្គ្រោះ ជាតិ (CNRP) មិនអាចចូលរួមប្រជុំសភានៅព្រឹកនេះបានទេ ព្រោះមានការគំរាមកំហែង។ គេរងចាំមើលសភាព ការណ៍នយោបាយសិនទើបធ្វើការសម្រេចចិត្តម្តងទៀតជាក្រោយ។

តើអ្នកណាហ៊ានគំរាមសមាជិកសភា CNRP មិនឲ្យចូលប្រជុំ? ហេតុអ្វី ពួកប្រឆាំងមិនហ៊ានប្រកាសថា តើអ្នកណា ឬក្រុមណាជាអ្នកគំរាម? ប៉ុន្តែអ្នកដែលសាធារណៈមតិមួយចំនួនដៅទៅលើមុនគេបង្អស់ គឺគណបក្ស ប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន។ បើយ៉ាងដូច្នេះមែន គេមិនបាច់ឆ្ងល់ទេ គណបក្សប្រឆាំងនឹង ប្រកាសឈ្មោះអ្នកគំរាមនោះជាចំហរដើម្បីកេងយកចំណេញខាងនយោបាយបាត់ទៅហើយ។ តួយ៉ាងករណី កឹម សុខា គាត់ឃុំឃាំងខ្លួនឯងក្នុងទីស្នាក់ការជិត ៤ខែ ដោយអៈអាងថា ខ្លាចសមត្ថកិច្ចចាប់ខ្លួន។ គាត់ធ្វើជា ភ័យរន្ធត់ខ្លាំងណាស់។ គាត់បោកប្រាស់សកម្មជន CNRP ឲ្យមកដេកកំដរគាត់ មកដេកយាមគាត់ ខាងក្រៅទី ស្នាក់ការ ឯគាត់ដេកក្នុងម៉ាស៊ីនត្រជាក់យ៉ាងព្រងើយ។ គាត់បោកប្រាស់បានមន្ត្រីអង្គការអន្តរជាតិ និងមន្ត្រីទូត មួយចំនួនឲ្យមកសួរសុខទុក្ខគាត់ មកភ័យព្រួយជួសគាត់ ហើយនាំគ្នាឃោសនាវាយប្រហារគណបក្សកាន់អំណាច ថាកៀបសង្កត់ បំបិតសិទ្ធសេរីភាពគណបក្សប្រឆាំង។ ក្រោយពេលលោក កឹម សុខា ចេញមកចុះឈ្មោះបោះ ឆ្នោត ហើយប្រហែលជាភ្លេចខ្លួនគាត់បានប្រកាសថា ការដែលគាត់ឃុំខ្លួនដោយខ្លួនឯង គឺដើម្បីជាការតស៊ូមតិ តែប៉ុណ្ណោះ។ ដូច្នេះវាច្បាស់លាស់ហើយថា គ្មានអ្នកណាគំរាមគាត់ទេ តែជាល្បិចកលរបស់គាត់ដើម្បីវាយប្រហារ គណបក្សកាន់អំណាច។ ឥឡូវរឿងស្រដៀងនេះបានកើតឡើងទៀតហើយ។

យើងក្រលេកមើលទៅព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើងនៅផ្ទៃក្នុង CNRP ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ទើបដឹងច្បាស់ដោយគ្មានសង្ស័យថា អ្នកដែលគំរាមមិនឲ្យសមាជិកសភា CNRP ចូល ប្រជុំសភានៅព្រឹកថ្ងៃទី៧ ខែតុលា នេះជាអ្នកណា? តាមពិតគឺគ្មានអ្នកណាក្រៅពី សម រង្សី ទេ។ ចំពោះពាក្យ ដែលថា រងចាំមើលសភាពការណ៍នយោបាយប្រែប្រួលយ៉ាងម៉េចទៀត ទើបពួកគេចូលប្រជុំក៏មានន័យថា រងចាំ ឲ្យពួកគេដោះស្រាយជម្លោះ ផ្ទៃក្នុងចប់សព្វគ្រប់សិន ទើបគេសម្រេចត្រូវធ្វើយ៉ាងណាទៀត។ ក្នុងពេលដែល កឹម សុខា ត្រូវតុលាការផ្តន្ទាទោសនៅថ្ងៃ ទី៩ ខែកញ្ញា ឲ្យជាប់ពន្ធនាគារ៥ខែ ពីបទពាក់ព័ន្ធការបដិសេធមិនចូលខ្លួន CNRP បានប្រកាសធ្វើមហាបាតុកម្ម ដើម្បីបង្កចលាចលសង្គម ប៉ុន្តែមិនទទួលបានការគាំទ្រពីប្រជាជន រាជរដ្ឋា ភិបាលក៏បានដាក់ចេញបទបញ្ជាទប់ ស្កាត់ធ្វើឲ្យឧបាយកលនេះបរាជ័យទៅ។ នៅថ្ងៃទី២០ ខែកញ្ញា លោក សុន ឆ័យ តំណាងឲ្យសមាជិកសភា CNRP ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីលោក កឹម សុខា បានប្រកាសចូល ប្រជុំសភាឡើងវិញ បើមានការកោះអញ្ជើញ។ ប៉ុន្តែមួយថ្ងៃក្រោយមកលោក សម រង្សី បានប្រកាសបដិសេធមិន អនុញ្ញាតឲ្យសមាជិកសភា CNRP ទាំងអស់ចូលប្រជុំសភាជាដាច់ខាត ព្រោះបើពួកគេចូលប្រជុំមានន័យថា ពួក គេយល់ព្រមទទួលស្គាល់ថា នៅកម្ពុជាគ្មានភាពតានតឹងខាងនយោបាយដូចដែលពួកគេកំពុងឃោសនានោះទេ។ រឿងនេះធ្វើឲ្យលោក កឹម សុខា មានការខឹងសម្បារខ្លាំងណាស់ព្រោះ កឹម សុខា នៅតែដេកស្រមៃថា បើព្រមចូល ប្រជុំសភាគាត់អាចគេចផុតពីការជាប់គុក ដែលនេះជាការគិតតាមរបៀបការបំពានច្បាប់ទាំងស្រុង។ តែអ្វីដែល ច្បាស់លាស់នោះគឺ សម រង្សី ពិតជាមានចេតនាចង់ឲ្យ កឹម សុខា ជាប់គុក ព្រោះពេល នេះនៅក្នុងបក្សគាត់កាន់ តែបាត់ឥទ្ធិពល ហើយទោះតិច ឬច្រើន កឹម សុខា កំពុងក្តាប់ទង់ដឹកនាំបក្សក្នុងដៃយ៉ាងណែន។ ក្នុងស្ថានភាព ប្រទាញប្រទង់បែបនេះ នៅថ្ងៃទី៤ ខែតុលា សកម្មជន CNRP នៅភ្នំពេញ និងសមាជិកសភា CNRP បានចេញ សេចក្តីថ្លែងការណ៍មួយប្រកាសគាំទ្រការដឹកនាំ និងការសម្រេចចិត្តរបស់លោក កឹម សុខា ដើម្បីចូលប្រជុំសភា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺសេចក្តីថ្លែងការណ៍នោះបានទទួលស្គាល់អំពីវិបត្តក្បាលម៉ាស៊ីនដឹកនាំរបស់ CNRP ដែលតាមរយៈនេះ គេមើលឃើញថា លោក កឹម សុខានិងក្រុមរបស់គាត់កំពុងប្រើប្រាស់ សាធារណៈមតិដើម្បីប្រឆាំង សម រង្សី ជាចំហរហើយ។ ប៉ុន្តែ សម រង្សី ក៏មិនព្រមចុះចាញ់ដោយងាយៗដែរ។ នៅ ល្ងាចថ្ងៃទី៦ ខែតុលា គណបក្សប្រឆាំងបានកោះហៅ សមាជិកសភារបស់ខ្លួនឲ្យមកជួបជុំគ្នានៅគណបក្សនា ព្រឹកថ្ងៃទី៧ ខែតុលា ដែលគេមើលឃើញមានបញ្ហាពីរបង្កប់ក្នុងនោះគឺៈ ទី១- រងចាំការសម្របសម្រួល និងដោះស្រាយបញ្ហាផ្ទៃ ក្នុងឲ្យរួចរាល់ និងទី២- ខ្លាចសមាជិកសភារបស់ខ្លួនមួយ ចំនួនព្រមចូលរួមប្រជុំសភានាព្រឹកនោះ ដែលធ្វើឲ្យ វិបត្តិផ្ទៃក្នុងដោះស្រាយលែងចេញតែម្តង។ ដូច្នេះ យើងអាចមើល ឃើញទាំងអស់គ្នាដោយគ្មាននៅសេសសល់ ចំណុចស្រពិចស្រពិលឡើយថា តើអ្នកណាគំរាមសមាជិកសភា CNRP មិនឲ្យចូលប្រជុំសភា?

ទោះជាសមាជិកសភា CNRP ចូលប្រជុំ ឬមិនចូលប្រជុំសភា ក៏វាគ្មានបញ្ហាអ្វីទេ សំខាន់ធ្វើយ៉ាងណាកុំឲ្យ ជម្លោះផ្ទៃក្នុងខ្លួនឯងបង្ករការរំខានដល់គេគ្រប់គ្នា។ ប្រទេសជាតិកំពុងតែបន្តបោះជំហាន ទៅមុខ។ ប្រជាជនកំពុងរស់ក្នុងជីវភាពសម្បូរណ៍សប្បាយ។ រឿងវាមានតែប៉ុណ្ណឹង ដូចដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរៈដែរ៕

ប្រភព៖ ហ្វេសប៊ុកCPP

cnrp_son_chhay_1