ក្រោយចេញពីសាកសួរសហសេវិករបស់ខ្លួនដែលជាប់គុកនៅពន្ធនាគារព្រៃសកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមថ្នាក់ដឹកនាំគណបក្សប្រឆាំងបានប្រកាសថា នឹងចូលប្រជុំរដ្ឋសភាឡើងវិញ នៅខែក្រោយនេះ បន្ទាប់ពីធ្វើពហិការដោយឥតប្រយោជន៍អស់រយៈពេលជាច្រើនខែ។ អ្នកទាំងនោះសង្ឃឹមថា ពួកជាប់គុកទាំងឡាយ នឹងត្រូវបានដោះលែងក្នុងរយៈពេល២ខែក្រោយបន្ទាប់ពីសមាជិកសភា គណបក្សប្រឆាំងចូលរួមប្រជុំរដ្ឋសភា ដោយគេគិតថា របស់ដែលហៅថាដំណោះស្រាយនយោបាយនឹងកើតមាននៅទីនោះ។

រដ្ឋសភាជាស្ថាប័ននីតិប្រតិបត្តិ។ តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ តំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជា ជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ រដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជាបានចែងយ៉ាងដូច្នេះ។ ប៉ុន្តែសួរថា តាំងពីក្រោយការបោះឆ្នោតថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្ស ប្រឆាំងដែលផ្តល់តម្លៃដល់ព្រះមហាក្សត្រ ដល់រដ្ឋធម្មនុញ្ញ ដល់រដ្ឋសភា និងដល់ខ្លួនឯង ដែលជាតំណាងឲ្យឆន្ទៈ របស់ប្រជាជនម្តងណាដែរឬទេ? នៅក្នុងបេះដូងរបស់ពួកនេះរដ្ឋសភាគ្រាន់តែជាដំបូលសម្រាប់គេមកជ្រកកោន ទទួលអភ័យឯកសិទ្ធដើម្បីយកទៅធ្វើសកម្មភាពរំលោភបំពានច្បាប់តែប៉ុណ្ណោះ។ គេក៏មកជ្រកកោនម្តងម្កាលទៀត នៅពេលទាល់ច្រក។ លុះត្រាតែទាល់ច្រកទើបនឹកឃើញដំបូលរដ្ឋសភា។ យើងពិនិត្យទៅលើឥរិយាបថ និង មាយាទរបស់បក្សប្រឆាំង ក្រោយថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ ពួកគេបដិសេធចោលអ្វីៗ សព្វយ៉ាងទាំងអស់ដែលសុទ្ធតែជាឆន្ទៈ និងជាបំណងប្រាថ្នារបស់ប្រជាជន។ គេនាំគ្នាធ្វើបាតុកម្មមើលទៅ ដូច ជាគគ្រឹកគគ្រេងសម្បើមណាស់ តែគ្មានប្រយោជន៍អីទាំងអស់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាស ឈ្មោះអ្នកតំណាងរាស្ត្រជាប់ឆ្នោតក៏គេមិនទទួល។ ៦០ថ្ងៃក្រោយពេលបោះឆ្នោត ព្រះមហាក្សត្រកោះប្រជុំសម័យ ប្រជុំដំបូងនៃរដ្ឋសភា ក៏គេមិនចូលរួម ហើយបែរជានាំគ្នាទៅដើរលេងនៅឯសៀមរាប ធ្វើពិធីសម្បថតែខ្លួនឯងនៅ មុខអង្គរវត្ត អត់អ្នកណាដឹងឮ អត់អ្នកណាទទួលស្គាល់។ ពួកគេមិនចូលប្រជុំសភាទេ ប៉ុន្តែគេនាំគ្នាបន្តធ្វើបាតុកម្ម តាមដងផ្លូវ បញ្ឆេះទៅជាអំពើហឹង្សាមានមនុស្សស្លាប់ និងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងសាធារណៈយ៉ាងសន្ធឹកសន្ធាប់។ ដោយឃើញថា ទង្វើរបស់ខ្លួនកាន់តែខុសច្បាប់ធ្ងន់ទៅៗ មិនអាចគេចផុតពីដំបូលគុកបានទើបនាំគ្នាសម្រុកចូល ទៅជ្រកក្រោមដំបូលរដ្ឋសភាគ្រប់ចំនួនគ្មានបាត់នរណាម្នាក់។

កិច្ចព្រមព្រៀងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងបាន កើតជារូបរាងឡើង។ ផ្តើមពីនេះសមាជិកសភាគណបក្សទាំងពីរបានធ្វើការជាមួយគ្នា ហើយច្បាប់ចំនួន២ ដែល សំខាន់គឺ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានសម័យប្រជុំវិសមញ្ញនៃរដ្ឋសភានីតិកាលទី៥ អនុម័តនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥។ នៅមានសមិទ្ធផលជាច្រើនទៀតត្រូវបានធ្វើឲ្យសម្រេចឡើង និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ ប្រទេសជាតិ និងប្រជាជន។

ប៉ុន្តែសារជាតិជាអ្នកនយោបាយធ្វើសកម្មភាពតែតាមចិញ្ចើមថ្នល់ តាមដុបព្រៃ និងគុម្ពចេក គឺមិនផ្លាស់ ប្តូរមាយាទឡើយ។ ពួកគេរត់ចេញពីដំបូលសភាមកធ្វើការវាយប្រហារលើគណបក្សកាន់អំណាចលើរាជរដ្ឋាភិបាល ឃោសនាញុះញង់ បំផុសប្រជាជនឲ្យស្អប់ខ្ពើមគុំគួនគ្នា រំលោភបំពានច្បាប់ បង្ករឲ្យមានចលាចលក្នុងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការផ្លូវច្បាប់ដើម្បីទប់ស្កាត់ និងបំផ្លាញឧបាយកលនេះ ទើបមានខ្លះត្រូវជាប់គុក ខ្លះត្រៀមចូលគុក និងខ្លះទៀតរត់ចោលស្រុកបាត់ទៅហើយ។ ពួកគេប្រមូលយករឿងទាំងអស់នេះ មកឃោសនាថា កម្ពុជាកំពុងមានវិបត្តិនយោបាយ។ គេព្រមានធ្វើមហាបាតុកម្មដើម្បីដោះស្រាយវិបត្តិនយោបាយនេះ ដែលតាម ពិតគឺគ្រាន់តែជាវិបត្តិរបស់អ្នកនយោបាយមានទោសដែលត្រូវជាប់គុក និងត្រៀមខ្លួនចូលគុកតែប៉ុណ្ណោះ។ ដើម្បី ការពារសុខសន្តិភាពជូនប្រជាជន រាជរដ្ឋាភិបាលព្រមានកំចាត់ចោលមហាបាតុកម្មនេះ ប្រសិនបើពួកគេហ៊ាន ប្រថុយធ្វើមែន។

ពួកគេទាល់ច្រកម្តងទៀតហើយ ក៏ស្រាប់តែនឹកឃើញនាំគ្នាទៅជ្រកក្រោមដំបូលសភា ហើយដេកនឹក ស្រមៃថា នឹងមានដំណោះស្រាយនយោបាយមួយតាមរយៈការចរចារ ដើម្បីដោះលែងអ្នកជាប់គុក និងអ្នកដែល កំពុងដាក់គុកខ្លួនឯងនៅក្នុងគណបក្សទទួលទានបាយនឹងស្រាក់ ជាប់កុនក្នុងរឿងអាស្រូវផ្លូវភេទរបស់ផងខ្លួន។ គ្មានការចរចារទេ បើការចរចារនោះគ្រាន់តែពិភាក្សាគ្នាដើម្បីដោះលែងពួកអ្នកមានទោស។ ប៉ុន្តែការងារដែលត្រូវ ធ្វើដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនគឺគណបក្សប្រឆាំង និងគណបក្សកាន់អំណាចត្រូវពិភាក្សាគ្នាអំពីបញ្ហា ធំៗ ទាក់ទិននឹងការវិនិយោគ ការងារបង្ករបង្កើនផល ការបណ្តុះបណ្តាលធនធានមនុស្ស។ល។និង។ល។ ធ្វើ យ៉ាងណាឲ្យប្រទេសយើងរីកចម្រើនជឿនលឿនទៅមុខទៀត៕

ប្រភព៖ ហេ្វសប៊ុកCPP

fn-2016-09-14-12-54-13-0