គណបក្សប្រឆាំងកំពុងប្រឈមមុខនឹងការរលត់រលាយក្នុងស្ថានភាពដែលបច្ចុប្បន្ននេះផ្ទៃក្នុងមានភាពចលាចល ជ្រួលច្របល់ ត្រដរខ្យល់ និងឆ្លេរឆ្លា ទៅមុខមិនរួច ថយក្រោយមិនកើត ឡើងលើមិនបាន ចុះក្រោមក៏គ្មានច្រក។ មេដឹកនាំគណបក្សទាំងពីររូបបានជាប់ផុងយ៉ាងជ្រៅក្នុងសំណាញ់ច្បាប់។ ឯថ្នាក់ ដឹកនាំដទៃទៀតក៏កំពុងវង្វេងវង្វាន់មិនដឹងថា តើត្រូវចាប់ស្អី ចោលស្អី? មិនដឹងដោះស្រាយយ៉ាងម៉េច ក្រៅតែពីពាក្យមួយម៉ាត់ថា ពន្យុះមហាជនឲ្យធ្វើមហាបាតុកម្មតែប៉ុណ្ណោះ។

មហាបាតុកម្ម??? ពាក្យនេះស្រួលនិយាយទេ ប៉ុន្តែមិនមែនស្រួលធ្វើឡើយ។ រាជរដ្ឋាភិបាលមិន អនុញ្ញាតិជាដាច់ខាត បើហ៊ានធ្វើ ឬចង់សាកល្បងធ្វើត្រូវតែកំទេចចោលតែម្តង ដើម្បីទប់ស្កាត់ចលាចល សង្គម។ នេះជាចំណាត់ការរបស់រាជរដ្ឋាភិបាល ហើយក៏ជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាជនកម្ពុជា ទូទាំងប្រទេសដែលចង់រស់នៅក្នុងសុខសន្តិភាព និងស្រឡាញ់សន្តិភាពលើសពីអ្វីៗទាំងអស់។ ចំណែក នៅផ្ទៃក្នុងបក្សប្រឆាំងវិញ តើពួកគេរកឃើញហើយឬនៅថា តើថ្ងៃណាគេធ្វើមហាបាតុកម្មនោះ? មិនទាន់ រកឃើញទេ។ មិនទាន់ឯកភាពគ្នាទេ។ កុំថាឡើយតែថ្ងៃកំណត់ធ្វើមហាបាតុកម្ម សូម្បីតែការសម្រេចចិត្ត តើធ្វើមហាបាតុកម្មឬអត់នោះ ក៏មិនទាន់ស្រុះស្រួលគ្នាផង។ អ្នកខ្លះថា ធ្វើមហាបាតុកម្មថ្ងៃ២៣ ខែតុលា ឲ្យត្រូវនឹងខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកខ្លះថា ចាំធ្វើចំថ្ងៃចាប់ខ្លួនលោក កឹម សុខា។ អ្នកខ្លះថា មិន ទាន់បានគិតគូដល់ការធ្វើមហាបាតុកម្មនោះទេ។ មិនមែនជាការលើកទឹកចិត្ត ហើយក៏មិនមែនជាការគំរាម ដែរបើបក្សប្រឆាំងហ៊ានធ្វើមហាបាតុកម្មមែននោះគឺ ជាទង្វើខុសច្បាប់ ហើយពួកគេនឹងត្រូវទទួលរងនូវផលវិបាក ធ្ងន់ធ្ងរ។ ម្យ៉ាងទៀតមហាបាតុកម្មនេះក៏គ្មានន័យស្អីដែរ ព្រោះវាគ្រាន់តែដើម្បីការពាររឿងអាស្រូវផ្លូវភេទរបស់ បុគ្គល កឹម សុខា តែប៉ុណ្ណោះ…ជារឿងអាស្រូវ «ក្នុងខោ» របស់គាត់សុទ្ធសាធ។ ហេតុអ្វីក៏ចាំបាច់គៀងគរគ្នា បោកប្រាស់គ្នាឲ្យមកការពាររឿងសំអុយបែបនេះ ហើយបង្ករធ្វើឲ្យចលាចលសង្គមជាតិទៅវិញ? មិនមែនត្រឹម តែមេដឹកនាំបក្សប្រឆាំងទេ ពួកបរទេសក៏ត្រូវយល់ឲ្យច្បាស់ពីរឿងនេះដែរ។

ក្រៅពីឆ្លេឆ្លាការពារអំពើល្មើសច្បាប់របស់ កឹម សុខា វាលេចចេញបញ្ហាថ្មីមួយទៀត នៅផ្ទៃក្នុងគណបក្ស ប្រឆាំងគឺថា តើអ្នកណានឹងធ្វើជាប្រធាន និងអនុប្រធានគណបក្សនេះ? ព្រោះអនាគតនយោបាយរបស់ សម រង្សី និង កឹម សុខា ចប់ហើយ។ ពេលនេះទំនាស់បានលេចឡើងរវាងមន្ត្រីជាន់ខ្ពស់មកពីគណបក្សសិទ្ធមនុស្ស និង គណបក្ស សម រង្សី។ អ្នកណាធ្វើជាមេដឹកនាំ? គង់គាំមកពីគណបក្ស សម រង្សី ឬក៏ ប៉ុល ហំម មកពីគណបក្ស សិទ្ធមនុស្ស? តាមពិតវាជារឿងផ្ទៃក្នុងរបស់គណបក្សប្រឆាំងទេ ទោះជាពួកគេកំពុងបែកបាក់ ឬកំពុងបាក់បែក ក៏វានៅតែជារឿងផ្ទៃក្នុងរបស់គណបក្សប្រឆាំងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ការជ្រើសរើសរកមេដឹកនាំ គួរតែជាមនុស្សដែល ចេះទទួលខុសត្រូវ ជាមនុស្សមានសីលធម៌ មានគុណធម៌ មានការទទួលខុសត្រូវ។ អ្វីដែលសំខាន់គឺ បើទោះបីខ្លួនជាមេដឹកនាំបក្សប្រឆាំងក៏ត្រូវចេះគិតគូដល់ផលប្រយោជន៍ជាតិ ដល់សេចក្តី ថ្លៃថ្នូររបស់ជាតិ ចេះគោរពច្បាប់ កុំបំពានលើច្បាប់ និងកុំយកញើសនិងឈាមរបស់ប្រជាជនមកក្រាលជា កំរាលព្រំសម្រាប់ ខ្លួនដើរឆ្ពោះទៅកាន់ទីតាំងអំណាចដូចដែលលោក សម រង្សី និង កឹម សុខា បានធ្វើ និងកំពុង ធ្វើនាពេលសព្វថ្ងៃនេះ។

ប្រជាជនកាន់តែយល់ច្បាស់ហើយ ហើយក៏កាន់តែមើលឃើញច្បាស់ដែរនូវមារយាទនិងសារជាតិ សមត្ថភាព និងវិធីដោះស្រាយបញ្ហានានារបស់គណបក្សប្រឆាំង។ ពួកនេះមិនអាចធ្វើអ្វីកើតទេ។ គណបក្ស នេះគ្មានយុទ្ធសាស្ត្រច្បាស់លាស់ទេ។ ឃើញអីថានឹង។ ឮអីនិយាយនឹង។ ពោលគឺ រាល់ទង្វើ រាល់សម្តីរបស់ ពួកគេគ្មានការទទួលខុសត្រូវអ្វីទាំងអស់…ភូត និងបោកប្រាស់ទាំងស្រុង។ ក្រៅតែពីជេរប្រមាថ កាតទាន ដោយ ប្រើពាក្យសម្តី ដ៏ថោកទាបបំផុតនោះ ពួកគេចេះត្រឹមតែពន្យុះប្រជាជនឲ្យធ្វើបាតុកម្មបង្កភាពវឹកវរ ក្នុងសង្គមជាតិ និងបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ពួកមេដឹកនាំគណបក្សប្រឆាំងកំពុងតែជួបភាពវឹកវរ និងចលាចលខ្លាំងណាស់។ យើងសំណូមពរតែមួយទេគឺ សុំឲ្យភាពវឹកវរ និងចលាចលកើតមាន ត្រឹមតែក្នុងរបងស្នាក់ការរបស់ខ្លួន បានហើយ កុំឲ្យធ្លាយចេញមកក្រៅ…បើហ៊ានធ្លាយចេញមកក្រៅប្រាកដជាវ័ណ្ឌកជាមួយសំណាញ់ច្បាប់ ទៀតហើយ៕     ប្រភព៖ ហ្វេសប៊ុកCPP

unnamed