បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។ នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។ នៅរដូវវស្សាវិញទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញបង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។
បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែលរដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។ អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមានកំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាមគំហែងធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។ ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ៕

38cd82304853e1a625b05015e4ee0781f33e4b2e

n20150302110158_8095

untitled2