ភ្នំពេញ​៖ ​ចម្រឹង​បង្អួច​ចំនួន​២​ស៊ុម ​នៃ​ប្រាសាទ​អង្គរ​វត្ត ​ត្រូវ​បាន​ក្រុម​ជំនាញ​អភិ​រក្ស​បេតិកភណ្ឌ ​នៃ​អាជ្ញា​ធ​រ​ជាតិ​អប្សរា ​និង​អាជ្ញា​ធ​រ​ជាតិ​ព្រះ​វិហារ ​ដែល​បាន​ប​ណ្តុះ​ប​ណ្តា​ល​ដោយ​សាកល​វិទ្យា​ល័​យ ​Palermo ​ប្រទេស​អ៊ី​តា​លី  ​កំពុង​បំពេញ​ការងារ​ជួស​ជុល ​និង​ការងារ​អភិ​រក្ស​ជិត​រួចរាល់​ហើយ ​ក្រោយ​ចំណាយ​ពេល​ជាង​៦​ខែ​មក ​។ ​នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ ​របស់​គេ​ហ​ទំព័រ​អាជ្ញា​ធ​រ​ជាតិ​អប្សរា ​ដែល​គេ​ហទំព័រ ​KNV ​ទើប​នឹង​ទទួល​បាន​កាល​ពី​វេលា​ម៉ោង ​៨​ព្រឹក​ថ្ងៃ​ទី​១៧​ ខែតុលា​នេះ ​។​

​លោក ​ហ៊ូ​ន ​ឡា​មុនី ​ម​ន្ត្រី​នៃ​នាយក​ដ្ឋា​ន​អភិ​រក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណ​វិទ្យា​បង្ការ ​និង​ជា​អ្នក​ជំនាញ​ដែល​កំពុង​អនុ​វត្ត​ន៍ការងារ​នេះ​ផ្ទាល់​បាន​និយាយ​ឲ្យ​ដឹង ​ថា​ការ ​ជួស​ជុល ​ចម្រឹង​បង្អួច ​នៃ​ប្រាសាទ​អង្គរ​វត្ត ​ក្រុម​របស់​លោក​បាន​បែង​ចែក​ជា​៣​ក្រុម​គឺ ​មួយ​ក្រុម​កំពុង​សិក្សា​ក្បាច់​ចម្លាក់ ​និង​រូប​គំនូរ​បុរាណ​នៅ​វត្ត​រាជ​បូ​ណ៌ ​មួយ​ក្រុម​ទៀត​កំពុង​ជួស​ជុល​ព្រះ​ពុទ្ធ​បាទ​សម័យ​ក​ណ្តា​ល ​ដែល​រង​ការ​បែក​បាក់​នៅ​អភិ​រក្ស​ដ្ឋា​នអង្គរ ​និង​មួយ​ក្រុម​ទៀត​កំពុង​ជួស​ជុល​ចម្រឹង​បង្អួច​នៃ​ប្រាសាទ​អង្គរ​វត្ត​នេះ។​​

ទាក់ទិន​នឹង​ការងារ​ជួស​ជុល​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត​នេះ ​លោក ​ហ៊ូ​ន ​ឡា​មុនី ​បញ្ជាក់​ថា ​នេះ​ជា​ការ​អនុ​វត្ត​ន៍ការងារ​ផ្ទាល់ ​បន្ទាប់​ពី​បាន​ទទួល​ការ​ប​ណ្តុះ​ប​ណ្តា​ល ​ដោយ​អ្នក​ជំនាញ​មក​ពី​ប្រទេស​អ៊ី​តា​លី។ ​ចម្រឹង​បង្អួច​ដែល​ក្រុម​របស់​លោក​កំពុង​ជួស​ជុល ​គឺ​ជា​ចម្រឹង​ដែល​បាន​ធ្លាក់​បាក់​កាល​ពី​ឆ្នាំ​២០១៤ ​និង​ចម្រឹង​ផ្សេង​ទៀត​ពុំ​បាន​ធ្លាក់​បាក់​ទេ ​តែ​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំ​ង។ ​លោក​បន្ថែម​ថា ​ចម្រឹង​បង្អួច​ជាន់​ទី​២ ​ថែវ​ខាង​ក្នុង​នៃ​ប្រាសាទ​អង្គរ​វត្ត​ទាំង​អស់​មាន​ចំនួន​១៤៩​ស៊ុ​ម។ ​ដោយ​រៀបរាប់​ពី​ចំ​ណាត់​ថ្នាក់​ហា​និ​ភ័យ ​ដែល​ក្រុម​របស់​លោក​បាន​ចុះ​បញ្ជី ​និង​វាយ​តម្លៃ ​លោក​បញ្ជាក់​ថា ​ចម្រឹង​បង្អួច​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​មាន​ចំនួន​៧៣​ស៊ុម ​ចំនួន​៤៦​ស៊ុម​មាន​គ្រោះ​ថ្នាក់​មធ្យម ​និង​មាន​ស្ថាន​ភាព​ធម្ម​តា​ចំនួន​២៥​ស៊ុម ​ហើយ​ស៊ុម​ដែល​បាត់បង់​ចម្រឹង​ទាំង​អស់​មាន​ចំនួន​៥​ស៊ុ​ម។​

​សហ​ការី​ម្នាក់​ទៀត ​លោក ​សយ ​សុភា​រិ​ន្ទ​ ​បញ្ជាក់​ថា ​ចម្រឹង​បង្អួច​ពីរ​ស៊ុម​ដែល​ក្រុម​ការងារ​បាន​ចំណាយ​ពេល​ជួស​ជុល​កន្លង​មក​នេះ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ​ដោយ​ចម្រឹង​ដែល​ធ្លាក់​បាក់​ត្រូវ​បាន​តភ្ជាប់ ​និង​នាំ​មក​ដាក់​នៅ​កន្លែង​ដើម​វិញ​រួចរាល់ ​នៅ​សល់​តែ​ពង្រឹង​ស៊ុម​ឲ្យ​មាំ​ទាំ​ឡើង​វិញ​ប៉ុណ្ណោះ​។ ​ក្រោយ​ពី​បញ្ចប់​ការងារ​នេះ ​ក្រុម​របស់​លោក​នឹង​បន្ត​ជួស​ជុល​ស៊ុម​ចំនួន​៥​ដទៃ​ទៀត ​ដែល​មាន​សភាព​គ្រោះ​ថ្នាក់​ខ្លាំ​ង។ ​លើស​ពី​នេះ​លោក ​សុភា​រិ​ន្ទ​បញ្ជាក់​ថា ​បើ​ទោះជា​ស៊ុម​មួយ​ចំនួន​ធំ​មិន​ទាន់​បាន​ជួស​ជុល​ក៏​ដោយ ​ក៏​ក្រុម​របស់​លោក​បាន​សិក្សា​និង​ធ្វើ​វិធី​ស​ង្គ្រោះ​បន្ទាន់​មួយ​ចំនួន ​ដូច​ជា​ចង​ឈើ​ក្រៀក ​និង​ហាម​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​តោង ​ឬ​ប៉ះ​ជា​ដើម ​ដើម្បី​បង្ការ​ការ​ធ្លាក់​បា​ក់៕​​​

1

2