
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹង ទាក់ទិនករណី ក្មេងស្រីអាយុ ១១ ឆ្នាំ រកឃើញផ្ដាសាយបក្សី H5N1 និង បានបាត់បង់ជីវិតដោយឆ្លងជំងឺផ្ដាសាយបក្សី H5N1។
ខាងនាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា កុមារីដែលបានបាត់បង់ជីវិត មានអាយុ ១១ ឆ្នាំ ៦ ខែ រស់នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កុមារីចាប់ផ្ដើមឈឺនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សាសេ ព្រមទាំងមានក្អក ឈឺក។
ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្ដើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាល បានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ រួចទទួលលទ្ធផល នៅថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់ថាមានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិត ក្រុមគ្រួសារបានចាត់ចែងរៀបចំពិធីបុណ្យស-ពតាមប្រពៃណីនៅគេហដ្ឋាន។
ភ្ជាប់ទៅនឹងករណីនេះ ខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរឱ្យបងប្អូនកុំប៉ះពាល់សត្វឈឺ ឬងា-ប់ ទាំងសត្វបក្សីស្រុក និង បក្សីព្រៃ ខណៈអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥ ជាបន្ទាន់៕