
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយៈពេល ១០ ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់។ ដូច្នេះអត្តសញ្ញាណប័ណ្ណដែលបានផ្តល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ ២០២២ នេះតទៅ។
ចំពោះរឿងនេះ ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬ សុពលភាពនៅសល់តិចជាង ឬ ត្រឹមរយៈពេល ៩០ ថ្ងៃ សូមអញ្ជើញទៅបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬ សុពលភាព នៅសល់តិចជាង ឬ ត្រឹមរយៈពេល ៩០ ថ្ងៃ (និង ឯកសារសំអាង ករណីមានការផ្លាស់ប្តូរទិន្នន័យ)។
ក្នុងនោះ ចំពោះទីតាំងដែលត្រូវបំពេញបែបបទប្ដូរយកថ្មី មានដូចជា៖
១. តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន។
២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។
៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ (Aeon Mall II) សែនសុខ៕