
ក្នុងដំណើរការប្រកួតនៃកម្មវិធី Miss Grand International 2022 បានកៀកឈានមកថ្ងៃផ្ដាច់ព្រ័ត្រហើយ ពោលគឺនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ នៅប្រទេសឥណ្ឌូនេស៊ី ហើយអ្នកគាំទ្រវិស័យបវរកញ្ញាតាមប្រទេសនីមួយៗ ក៏កំពុងតែបន្តធ្វើការបោះឆ្នោតដល់បេក្ខភាពបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន ដើម្បីឱ្យបវរកញ្ញាដែលទទួលបានការសំឡេងនៃបោះឆ្នោតពីមហាជនច្រើនជាងគេអាចឈានទៅដល់ Top 10 នៃវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិនៃកម្មវិធីនេះ។
ក្នុងនោះ គេឃើញថាមហាជនខ្មែរ ជាពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជាច្រើន ក៏កំពុងតែធ្វើការជួយបោះឆ្នោតឱ្យ Miss Grand Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបន្តបន្ទាប់តាមរយៈការ Vote តាម App Miss Grand ជាបន្តបន្ទាប់ផងដែរ។
ខណៈនោះដែរ ដើម្បីបង្ហាញពីទឹកចិត្តនៃការស្រឡាញ់គាំទ្រវិស័យបវរកញ្ញា និង ក្នុងនាមជាកូនខ្មែរមួយរូប គេក៏បានឃើញ ស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង ចាងហ្វាងផលិតកម្ម រាម បានចំណាយថវិកាចំនួន ២ ៥០០ ដុល្លារ ដើម្បីចូលរួមបោះឆ្នោតឱ្យ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចំនួន ២ ៥០០ Votes ដើម្បីអាចមានឱកាសឈានដល់ Top 10 នៃវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកម្មវិធី Miss Grand អន្តរជាតិ ២០២២។
នេះបើតាមកាបង្ហោះសារលើហ្វេសប៊ុករបស់អ្នកនាង ស្រីអូន បានរៀបរាប់ថា៖ «វត្តី ជាបរកញ្ញា ដែលនៅក្នុងការចងចាំរបស់ខ្ញុំ! ចាំតិចខ្ញុំប្រាប់រឿងពិតគាត់ទៅ Fan របស់វត្តី។ ឥលូវសុំបោះឆ្នោតឱ្យ វត្តី សិន។ នាងខ្ញុំ ស្រីអូន បានធ្វើការបោះឆ្នោតចំនួន ២៥០០ សំឡេង ស្មើនឹង ២៥០០ $ ជូនដល់បវរកញ្ញា Miss Grand Cambodia 2022 កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី រួចរាល់ហើយ ព្រោះពិតជារំភើបជាមួយសមត្ថភាពរបស់គាត់។ ជាពិសេស គឺអត្តចរិតរបស់គាត់តែម្តង! គាត់បានធ្លាប់ឆាតមកខ្ញុំសុំចូលរួមទៅធ្វើសប្បុរសធម៌ជាមួយគ្នា ដែលធ្វើឱ្យខ្ញុំយល់ថា គាត់គឺពិតជាស័ក្ដិសមខ្លាំងណាស់ក្នុងការតំណាងប្រទេសកម្ពុជាយើង។
តាំងពីឆ្នាំ ២០២១ គាត់សុំខ្ញុំចូលរួមសប្បុរសធម៌ផ្សេងៗ ជាពិសេសគឺចង់ជួយកូនៗរងគ្រោះនៅ អាហ្វេស៊ីប ខ្លាំងតែម្ដង។ ទាំងបញ្ជាក់ច្បាស់ៗថា ទោះគាត់ខ្សត់ខ្សោយក៏ចង់ជួយសង្គមនេះដែរ។ ត្រង់ចំណុចនេះហើយ ដែលនាងខ្ញុំចាប់អារម្មណ៍ វត្តី ខ្លាំង ហើយនៅក្នុងការចងចាំរបស់ខ្ញុំជាច្រើនពេល។ វត្តី មានបេះដូងល្អពិតៗ! រួមគ្នាដើម្បីខ្មែរ ដើម្បីសាមគ្គីភាពរបស់មហាគ្រួសារ និង ដើម្បីលើកមុខមាត់ជាតិរបស់ខ្មែរយើងនៅលើឆាកអន្តរជាតិឱ្យកាន់តែខ្ពស់។ សូមបងប្អូនទាំងគ្នា ចូលរួមផ្តល់ការគាំទ្រ និង លើកទឹកចិត្តដល់បវរកញ្ញារបស់កម្ពុជាយើងទាំងអស់គ្នា»៕