
បើរំឭកទៅដល់តារាសម្តែងកាលពីកំឡុងឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០០០ មហាជនអ្នកគាំទ្រទស្សនាចម្រៀងកាយវិការប្រាកដជាបានស្គាល់ហើយតារាសម្តែង មាស សុម៉ាវត្តី ដែលទទួលបានប្រជាប្រិយខ្លាំង។កាលនោះ គេចាំបានថា អ្នកនាង មាស សុម៉ាវត្តី តែងបង្ហាញវត្តមានច្រើននៅក្នុងផលិតកម្មឆ្លងដែន។
យ៉ាងណាមិញ មកទល់ពេលនេះរយៈពេលប្រមាណជាជាង ២០ ឆ្នាំ មកហើយ ដែលតារាសម្តែង មាស សុម៉ាវត្តី បានបញ្ចប់អាជីពសិល្បៈ និង រៀបការរស់នៅឯសហរដ្ឋអាមេរិក យ៉ាងមានសុភមង្គលជាមួយនឹងស្វាមី ព្រមទាំងកូនប្រុសស្រី ២ នាក់ ពោរពេញដោយសុភមង្គល ។
ជាការពិត បើទោះបាត់មុខឈឹងលើវិថីសិល្បៈក្នុងប្រទេសក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែង មាស សុម៉ាវត្តី ក៏បានបន្សល់ទុកនូវស្នាដៃយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាចម្រៀងកាយវិការ និង ភាពយន្តផងដែរ។ លើសពីនោះ កាលពីអំឡុងខែមីនា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង មាស សុម៉ាវត្តី ក៏ធ្លាប់បានមកលេងប្រទេសកម្ពុជា និង ជួបជុំមិត្តសិល្បករផងដែរ៕