
ចិញ្ចឹមកូនឆុងតែទឹកដោះគោខាប់ឱ្យបៅ កូនខ្សោយទៅៗអាយុបាន ៣ ខែ ក៏អស់បុណ្យទៅចោលបងៗ។ មានរឿងរ៉ាវមួយកំពុងតែធ្វើឱ្យមានការអាណិតរំជួលចិត្តនៅតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ ដោយមានស្រ្តីជាម្តាយម្នាក់បានចិញ្ចឹមកូនអាយុទើប ៣ ខែ ដោយទឹកដោះគោខាប់ ចុងក្រោយកូនខ្សោយទៅៗរហូតដល់ថ្នាក់បាត់បង់ជីវិត។
បើតាមស្រ្តីជាម្តាយវ័យ ៣១ ឆ្នាំ បានប្រាប់ព័ត៌មានឱ្យដឹងថា នៅថ្ងៃកើតហេតុ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ខ្លួនបានឱ្យឆុងទឹកដោះគោខាប់ឱ្យកូនប្រុសអាយុ ៣ ខែ បៅដូចរាល់ដង រួចក៏លួងឱ្យគេដេកនៅក្នុងអង្រឹង។ ក្រោយពីនោះ ប្រហែលជាម៉ោង ៩ យប់ ខ្លួនក៏បានដើរទៅមើលកូននៅក្នុងអង្រឹងនោះ ក៏ស្រាប់តែប្រទះថាខ្លួនកូនឡើងត្រជាក់ស្រេង និង ដេកមិនដឹងខ្លួន ទើបប្រញាប់ប្រញាល់នាំទៅមន្ទីរពេទ្យ តែគ្រូពេទ្យក៏បានប្រាប់ថា គេបានស្លាប់បាត់ទៅហើយ។
ស្រ្តីជាម្តាយបន្តទៀតថា តាមពិតទៅខ្លួនមានកូនទាំងអស់ ៦ នាក់ ដែលកូនស្លាប់នេះគឺជាកូនប្រុសពៅ។ ក្នុងនោះកូន ៣ នាក់ ក៏បានចូលរៀនទៅហើយ នៅសល់តែ ២ នាក់ទៀតប៉ុណ្ណោះ ដែលនឹងចូលរៀននៅឆ្នាំក្រោយ។ យ៉ាងណាមិញ ដោយសារតែមានកូនច្រើនពេក ទើបធ្វើឱ្យខ្លួនក្រលំបាកមិនមានជីវិភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពួកគេឱ្យបានល្អឡើយ ជាពិសេសមិនមានលទ្ធិភាពទិញដោះគោម្សៅចិញ្ចឹមកូននោះទេ ទើបឆុងតែទឹកដោះគោខាប់ឱ្យបៅប៉ុណ្ណោះ។
កន្លងមក កូនក៏មិនសូវមានសុខភាពរឹងមាំ ប៉ុន្តែខ្លួនក៏មិនបានគិតថាមកការពីបៅទឹកដោះគោខាប់នេះនោះទេ ព្រោះកន្លងមកខ្លួនចិញ្ចឹមកូនទាំង ៥ ដោយទឹកដោះគោខាប់ដូចគ្នា ហើយមិនឃើញមានអ្វីនោះទេ។ យ៉ាងណាមិញ សពរបស់ទារកក៏ត្រូវគេបញ្ចូនយកទៅពិនិត្យដើម្បីរកមូលហេតុកាន់តែច្បាស់នៃការស្លាប់ផងដែរ៕