
ក្នុងហេតុការលិចទូកដដ៏រន្ធត់ និង គួរឱ្យសោកសៅ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មហាជនទូទាំងប្រទេសកម្ពុជា បាននាំគ្នាសម្ដែងនូវក្ដីរំលែកទុក្ខយ៉ាងសោកសៅ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលជួបប្រទះនូវរឿងអកុសលស្មានមិនដល់ខាងលើនេះ។
ចំពោះហេតុការខាងលើ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ គេសង្កេតឃើញទិដ្ឋភាពក្នុងភូមិកោះចំរើន សាច់ញាតិជនរងគ្រោះ បាននាំគ្នារៀបចំធ្វើពិធីបុណ្យជូនសពសិស្សសាលា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ទៅតាមប្រពៃណី ដោយមានការដង្ហែ និង បូជា ប្រកបទៅដោយភាពសោកសៅ រំជួលចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការបាត់បង់សមាជិកគ្រួសារ ពោរពេញដោយក្ដីស្រឡាញ់ ពុំអាចបំភ្លេចបាន។
ដោយឡែក មកដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នេះ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ BTV Cambodia បានឱ្យដឹងថា ខាងនគរបាលបានធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ហើយ ក្រោយពីមានសោកនាដកម្មលិចទូក-ដ បណ្ដាលឱ្យកូនសិស្សចំនួន ១១ នាក់បាត់បង់ជីវិតនោះ ខណៈអ្នកបើកទូក-ដ ដែលកំពុងសម្រាកព្យាបាល ក៏ត្រូវបានឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់ដូចគ្នា៕