
អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សោភ័ណ្ឌ បានឲ្យដឹងថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន កំពុងពិនិត្យលើការផ្សព្វផ្សាយថា តើអ្នកសារព័ត៌មានមួយរូបដែលប្រើពាក្យ ប្រ មា ថ ទៅកាន់ព្រះសង្ឃនោះ បានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មានដែរឬទេ ព្រមទាំងខ្លឹមសារនៃការផ្សព្វផ្សាយ។
ឯកឧត្តម មាស សោភ័ណ្ឌ បញ្ជាក់ថា ក្នុងករណីរកឃើញថា អ្នកសារព័ត៌មាននោះ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ខាងក្រសួងនឹងធ្វើការអប់រំណែនាំ តម្រង់ទិស គោរពឱ្យបានខ្ជាប់ខ្ជួន ទៅតាមគោលការណ៍ ក្រមសីលធ៌ម វិជ្ជាជីវៈ សារព័ត៌មាន។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ មានទំព័រហ្វេសបុក មួយឈ្មោះថា វង្ស ប្រណី បានផ្សព្វផ្សាយថា «ជូនទៅកាន់ស្ថាប័ន សារព័ត៌មានរបស់បុគ្គលម្នាក់នេះដូច (ក្នុងរូប) ចេញមុខមកសុំទោស និងខមាទោសចំពោះព្រះតេជគុណ ដែលខ្លួនប្រមាថជាដាច់ខាត ពីព្រោះកាលពីយប់ថ្ងៃទី១១ ខែតុលា ក្នុងការឡាយរបស់គាត់ បុគ្គលជាអ្នកសារព័ត៌មានរូបនេះ បានប្រើពាក្យសម្ដី ទាំងកាយវិការ គឺហាក់បីដូចជាមិនសមទំនងទាល់តែសោះ ទាំងដែលមិនដឹងរឿងអីសោះ បែរជាចោទលោកថា(បែកថ្នាំ បែកធម៌)ជាដើម។
ជាពិសេសនោះ គឺពាក្យសម្ដី ពាល របស់បុគ្គលនេះ។ លោកជាជនរងគ្រោះ បែរជាត្រូវបានមហាជនមួយចំនួនជេស្ដីមកកាន់លោក ដោយសារតែការយកព័ត៌មានរបស់បុគ្គលម្នាក់នេះ។ ហេតុតែចង់ល្បី ពោលពាក្យ មិនដឹងអីសោះ សង្វេគណាស់!។ សង្ឃឹមថា ក្រសួងព័ត៌មាន – Ministry of Information យកបុគ្គលម្នាក់នេះទៅដុះក្អែលចេញផង ស្ដាយណាស់ ដែលជាអ្នកសារព័ត៌មានមួយរូបដែរ តែសម្ដីពិបាកទទួលយកណាស់។សូមចេញមុខមកខមាទោសលោកជាសាធារណៈជាដាច់ខាត» ។