
កីឡាការិនី ស្រួង ភាវី ដណ្តើមបានជើងឯកលេខ ១ ក្នុងការប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ថ្នាក់ពិភពលោកនៅប្រទេស កូរ៉េខាងត្បូង, ក្នុងនោះអ្នកស្រីទទួលបានប្រាក់រង្វាន់ពីកម្មវិធីរហូតដល់ទី ២០ លានវ៉ុន ឬប្រមាណជា (១៥,៤០០ ដុល្លារអាមេរិក)។
ក្រោយទទួលបានជ័យលាភីលេខ ១ នៅក្នុងការប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ថ្នាក់ពិភពលោកបែបនេះ ស្រួង ភាវី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖
ជំរាបសួរបងប្អូនជនរួមជាតិ ជាទីស្រលាញ់, នាងខ្ញុំ បានប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ពិភពលោក នៅក្នុងប្រទេសកូរ៉េ ឈ្នះបានលេខ1, ហើយការ ប្រកួតឧបត្ថម្ភដោយ ក្រុមហ៊ុន ផឺលូ វ័នវីសឺត រយៈពេលជាង៧ថ្ងៃក្នុងការប្រកួតនេះ។ អស់រយៈពេលជាង១០ឆ្នាំ ដែលកូនស្រី កម្ពុជាម្នាក់នេះ មានក្ដីសុបិន្តថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពី ឱ្យលោកបានមកមើលការប្រកួត របស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះនៅទឹកដីប្រទេសកូរ៉េនេះ។ ទីបំផុត កូនស្រី កម្ពុជាម្នាក់នេះ អាចធ្វើបាន ហើយក៏នឹកស្មានមិនដល់ថា ក្តីសុបិន្ដក្លាយជាកាពិតនៅក្នុងពេលនេះឡេីយ ហេីយនិងការយកឈ្នះ គ្រប់ការប្រកួតដ៏តឹងតែងហេីយរន្ធត់ស្លុតអារម្មណ៍មួយនេះផងដែរ៕កូនសន្យាថានឹង ធ្វើជាកូនស្រី ល្អ សម្រាប់ គ្រួសារនិងសង្គមជាតិ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេ ដែលកីឡាករិនីឆ្នើមរូបនេះចូលរួមប្រកួត និងដណ្តើមបានចំណាត់ថ្នាក់ល្អក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកបែបនេះ ពោលនៅឆ្នាំ ២០១៨ អ្នកស្រីធ្លាប់ឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោកនៅ តួកគី។
បន្ទាប់មកនៅឆ្នាំ ២០១៩ អ្នកស្រីទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេស អេស្ប៉ាញ ហើយអ្នកស្រីក៏ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនទៀតនៅក្នុងការប្រកួតកម្រិតអន្តរជាតិផងដែរ៕