
លោក Mai Van Khiem នាយកមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមវៀតណាមបាននិយាយថា នៅថ្ងៃទី២០ ខែមិថុនា នេះតំបន់ភាគខាងជើង និងភាគកណ្តាលអាចមានសីតុណ្ហភាពឡើងដល់ ៣៦ ដល់ ៣៨ អង្សារសេ ។
បច្ចុប្បន្នអាកាសធាតុក្តៅបានបន្តនៅតំបន់ភាគខាងជើង ខណៈសីតុណ្ហភាពអាចឡើងដល់ពី ៣៥ ទៅ ៣៨ អង្សារសេ និងលើស ពី ៣៨ អង្សារសេនៅតំបន់ភាគកណ្តាល ចាប់ពីខេត្ត Thanh Hoa ទៅខេត្ត Phu Yen ។
លោក Khiem បានឲ្យដឹងថា រលកកម្តៅនឹងបន្តកើតមាននៅភាគខាងជើងរហូតដល់ថ្ងៃទី ២១ មិថុនា ហើយនឹងថយចុះជាបណ្តើរៗចាប់ពីថ្ងៃទី២២ មិថុនា ប៉ុន្តែនៅតំបន់ភាគកណ្តាលនឹងបន្តរហូតដល់ថ្ងៃទី២២ ដល់ ២៣ មិថុនា ទើបធូរស្រាល ។
លោក Khiem បន្ថែមថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រលកកម្ដៅនៅក្នុងតំបន់ទាំងនោះទំនងជាមិនធ្ងន់ធ្ងរ ឬយូរដូចឆ្នាំ ២០២១ នោះទេ ពោលសីតុណ្ហភាពនៅភាគខាងជើងនាខែកក្កដានេះនឹងប្រហាក់ប្រហែលឆ្នាំមុនៗ ប៉ុន្តែអាចខ្ពស់ជាង ០.៥ ដឺក្រេក្នុងខែសីហាដល់ខែកញ្ញា និងទាបជាង ០.៥ ដឺក្រេក្នុងអំឡុងខែតុលាដល់ខែធ្នូ ។
ទន្ទឹមនឹងនេះ សីតុណ្ហភាពនៅតំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូងនឹងកើនឡើងប្រហែល ០.៥ ដឺក្រេ ខ្ពស់ជាងមធ្យមភាគក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា និងប្រហាក់ប្រហែលជាមធ្យមក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ នេះ ៕